​លោកចូ​បៃ​ដិ​ននិយាយថា ៩០ ភាគរយ នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ នឹង​មាន​សិទ្ធិ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​Covid-19​ក្នុង​រយៈពេល​៣​សប្តាហ៍​

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក លោក ចូ​បៃ​ដិ​ន នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រកាសថា​៩០​ភាគរយ នៃ​ប្រជាជន​អាមេរិក​ពេញវ័យ នឹង​មាន​សិទ្ធិ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​Covid-19​នៅក្នុង​រយៈពេល​៣​សប្តាហ៍​នេះ​។​

​លោក ចូ​បៃ​ដិ​ន បាន​ថ្លែង​នៅឯ​សេត​វិមាន​ថា ស្របពេល​ដែល​៩០​ភាគរយ​នៃ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​នឹងមាន​សិទ្ធិ​ទទួលបាន​នូវ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​Covid-19 ដោយ​ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ខាង​មុខ​នោះ នៅសល់​១០​ភាគរយ​ទៀត​នឹង​មាន​សិទ្ធិ​ទទួល​ការចាក់​វ៉ាក់សាំង​ដោយ​ចាប់ពី​ថ្ងៃ​ទី ១ ខែ​ឧសភា ឆ្នាំ​២០២១ ។

​លោក បៃ​ដិន បាន​សង្កត់ធ្ងន់ថា ករណី​ឆ្លង​កំពុង​កើន​ឡើង​វិញ នៅពេលដែល​មនុស្ស​បន្ធូ​រ​បន្ថយ​វិធានការ​ការពារ​…​ការខ្វះ​ការការពារ​អាច​នឹង​ធ្វើ​អោយ​ជំងឺ​រាតត្បាត​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ ។ លោក បៃ​ដិន ក៏​បាន​សន្យា​ទៅកាន់​អភិបាលរដ្ឋ​ដោយផ្ទាល់​ផងដែរ ដើម្បី​រក្សា​វិធានការ​ពាក់​ម៉ាស ។​

​ការអះអាង​បែប​នេះ​របស់​លោក បៃ​ដិន ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​មហាអំណាច​ពិភពលោក​មួយ​នេះ​បាន​មើលឃើញ​ពី​ការកើនឡើង​ករណី​ឆ្លង​ជំងឺ Covid-19 ថ្មីៗ​នៅក្នុង​រដ្ឋ​ចំនួន​២៧ ។ កាលពីដើម​ខែ​នេះ លោក បៃ​ដិន បាន​និយាយថា​លោក​នឹង​ដឹកនាំ​រដ្ឋ​ទាំងអស់​កុលសម្ព័ន្ធ​និង​ដែនដី​ដើម្បី​ធ្វើឱ្យ​ពលរដ្ឋ​អាមេរិក​ពេញវ័យ​ទាំងអស់​មាន​សិទ្ធិ​ទទួលបាន​នូវ​ចាក់​វ៉ាក់សាំង​ការពារ Covid-19 នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ខាងមុខ ៕
​ប្រភព ៖ ស៊ីន​ហួរ​