​ឯកឧត្តម អភិបាលខេត្ត ចុះ​ជម្រុញ​លើក​ទី​២ លើ​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង ១១០០ ម៉ែត្រ ក្នុង​ក្រុង​កំពត កំណាត់​ផ្លូវជាតិ​លេខ ៣

ល្ងាច​. ថ្ងៃ​អង្គារ ៩​រោច ខែ​អាសាឍ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ដឹកនាំ​មន្ទីរ ស្ថាប័ន​ជំនាញ​ចុះ​ជម្រុញ​លើក​ទី​២ លើ​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង ១១០០ ម៉ែត្រ ក្នុង​ក្រុង​កំពត កំណាត់​ផ្លូវជាតិ​លេខ ៣ ដោយ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផងដែរ​។​

​ការចុះ​ជម្រុញ​នេះ​ធ្វើឡើង​ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​តាមដាន​វឌ្ឍនភាព​ការងារ​សាងសង់ ដើម្បី​ធានា​គុណភាព​រឹងមាំ​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ជា​ពិសេស​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​បេតុង​នេះ​ឲ្យ​លឿន ដោះស្រាយ​បញ្ហា​ការធ្វើដំណើរ​កកស្ទះ​ចរចារ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ប្រចាំថ្ងៃ​។​

​សូមបញ្ជាក់​ថា​៖ គម្រោង​ស្ថាបនា​ផ្លូវ​បេតុង​ចាប់ពី​ភ្លើងស្តុប​ផ្លូវបំបែក​ផ្សារ​សាមគ្គី ទៅដល់​ផ្លូវ​រថភ្លើង គឺជា​គម្រោង​ផ្លូវ​ស្ថាបនា​បេតុង​សរសៃ​ដែក មាន​ប្រវែង ១១០០​ម៉ែត្រ ទទឹង ១២,៨​ម៉ែត្រ កម្រាស់ ២,៤​តឹក ដាំ​ដើមឈើ​សងខាង​ផ្លូវ រៀបចំ​ខឿន ការ៉ូឡា​អម​សងខាង​ផ្លូវ​ប្រវែង ២​ម៉ែត្រ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ថា កំណើន​យានយន្ត ភ្ញៀវ​ទេសចរណ៍ បញ្ហា​រស់នៅ​របស់​ប្រជាពលរដ្ឋ សងខាង​ផ្លូវ បញ្ហា​កកស្ទះ​ចរាច​រណ៍​នៅក្នុង​ក្រុង​ជាប្រចាំ ដោយសារ​ការស្ថាបនា​ផ្លូវ​បេតុង​នេះ មាន​ភាពយឺតយ៉ាវ គ្រឿងចក្រ​បម្រើ​ការងារ​ចាក់​បេតុង​មិន​គ្រប់គ្រាន់​។ គោលបំណង​ខេត្ត គឺ​ជម្រុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​បន្ថែម​នូវ​ក្រុម​ម៉ៅការ ពន្លឿន​ការចាក់​បេតុង​ឲ្យបាន​១​ថ្ងៃ ១០០​ម៉ែត្រ និង​ការដាក់​លូ​បង្ហូរទឹក ការ​រៀប​ការ៉ូឡា​សងខា​ង​ផ្លូវ ត្រូវធ្វើ​ស្រប​នឹង​ការស្ថាបនា​ផ្លូវ ដើម្បីឲ្យ​ការងា​ររួចរាល់​ព្រម​គ្នា ហើយ​នៅពេល​ប្រតិបត្តិ​ចាក់​បេតុង ក្រុមហ៊ុន​ត្រូវ​ជូន​ដំណឹង​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ជួយ​សម្រួល​ចរាចរ​។ កន្លងមក ថ្នាក់ដឹកនាំ បាន​ចុះ​ជម្រុញ​ការងារ​ម្តង​រួច​ហើយ កាលពី​ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ​២០២០​។​

​ជា​លទ្ធផល​នៃ​ការចុះពិនិត្យ​នេះ ក្រុមហ៊ុន​សាងសង់ សន្យាថា​នឹង​បន្ថែម​ក្រុម​ម៉ៅការ​សាងសង់​១​ទៀត នា​ពេល​ឆាប់ៗ​នេះ មក​ស្ថាបនា​ផ្លូវ​បេតុង​ប្រវែង ១១០០​ម៉ែត្រ ឲ្យបាន​លឿន ដោយ​កែសម្រួល​លក្ខណៈ​បច្ចេកទេស សម្ភារៈ និង​គ្រឿងចក្រ បម្រើឲ្យ​ការងារ​ស្ថាបនា​បេតុង​៕