កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប ធ្វើការឃាត់រថយន្តដឹកដំឡូងខ្នាតយក្សមួយគ្រឿង ដែលបង្កប់ឈើពីក្រោម

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលព្រៃ ឈើ កាលពីរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ បានស្ទាក់ចាប់រថយន្តខ្នាតយក្សមួ​យ​គ្រឿង ដឹកដំឡូងពីលើនិងបង្កប់ឈើពីក្រោមនៅចំណុចស្រុកស្វាយលើ ខេត្តសៀមរាប ។

នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកម៉ុង ប៊ុនលីម អោយដឹងថា រថយន្តដែលបានចាប់ឃាត់នោះម៉ាកហ៊ីយានដាយធុន(វេអង) ម្ចាស់ឈ្មោះ​ឡុង រដ្ឋា ប្រុសអាយុ៣២ឆ្នាំ ទីលំនៅខេត្តព្រៃវែង ។

លោកបន្តថា រថយន្តខាងលើបានដឹកដំឡូងហើយបង្កប់ឈើខាងក្រោម ដែលក្នុងនោះរកឃើញឈើប្រភេទ​លេខ​១(ស្រឡៅ)​២១៣​ស​ន្លឹ​ក​ស្មើ១១,៣០៣ ម៉ែត្រគូប.ឈើអារលេខ២១១សន្លឹកស្មើ០,៤១២ ម៉ែត្រគូប និងឈើអារចម្រុះ៣៩សន្លឹកស្មើ១,៦០៥ ម៉ែត្រគូប សរុ​ប​១៣,៣២០ម៉ែត្រគូប។ ឈើទាំងនេះបានដឹកចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឆ្ពោះទៅកាន់ខេត្តព្រៃវែង  ។

លោកនាយខណ្ឌបន្ថែមថា ក្រោយពីបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ  យើងបានផ្តល់ឱកាសឱ្យ​ម្ចាស់ចូលខ្លួនមកទទួល ពិន័យជាអន្តរកាល ក្នុងរយះពេល៣០ថ្ងៃ ។ ក្នុងករណីម្ចាស់មិនចូលខ្លួន នឹងបញ្ជូនសំណុំរឿងទៅតុលា​កា​រ អនុវត្តតាមច្បាប់ ៕