តុលាការ​សម្រេច​ផ្តន្ទាទោស​ឪពុកចុង ដែល​សម្លាប់​កុមារី​អាយុ​២​ឆ្នាំ នៅ​ខណ្ឌមានជ័យ ដាក់ពន្ធនាគារ​២០​ឆ្នាំ​

​ភ្នំពេញ​÷ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២​នេះ បាន​បើក​សវនាការ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​វាយ​ធ្វើ​ទារុណកម្ម​សម្លាប់​កុមារី​អាយុ​២​ឆ្នាំ ពី​សំណាក់​ឪពុកចុង ដោយ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ ពីបទ «​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង និង​ជនរងគ្រោះ​»​។​

​សូម​រំ​ឮ​ក​ថា ឪពុកចុង​ឈ្មោះ សុខ រដ្ឋា អាយុ​២៩​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​នគ​បាល​ខណ្ឌមានជ័យ បាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២១ ហើយ​ជនដៃដល់​រូប​នេះ​ត្រូវ​តំណាង​អយ្យការ លោក សេង ហៀ​ង​បើក​ការ​ស៊ើបសួរ និង​សម្រេច​ចោទប្រកាន់​ពីបទ «​ឃាតកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង និង​ជនរងគ្រោះ​»​។​

​កម្លាំង​នគ​បាល​ខណ្ឌមានជ័យ បាន​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ក្នុង​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣​ម៉​១៥​នាទី​។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនដៃដល់​រូប​នេះ ខ្លួន​គេ​ខឹង​នឹង​ជនរងគ្រោះ ហើយ​បាន​វាយ​ខ្លួន​ប្រាណ និង​យក​ជង្គង់​អុក​លើ​ដើមទ្រូង បណ្ដាលឱ្យ​របួស​ធ្ងន់ធ្ង​រ ពេល​ដែល​ជនរងគ្រោះ នៅ​ជាមួយ​ខ្លួន​តែ​ពីរ​នាក់ ហើយ​បន្ទាប់​មក​ជនដៃដល់​បាន​នាំ​ជនរងគ្រោះ ទៅឱ្យ​ជីតា​របស់​ជនរងគ្រោះ​ឈ្មោះ ម៉ី ថុល អាយុ​៦៦​ឆ្នាំ ដោយ​ប្រាប់​ទាំង​កុហកថា រូបគេ​បាន​រអិល​ជើង​ដួល​ក្នុង​បន្ទប់ទឹក សង្កត់​លើ​ជនរងគ្រោះ​បណ្ដាលឱ្យ​ស្លាប់​។​

​រឿង​នេះ​បាន​ដឹង​ដល់​ស្ត្រី​ឈ្មោះ ផុន សុខ​ហាក់ អាយុ​២៧​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​របស់​ជនរ​ង​គ្រោះ​ឈ្មោះ នន ស្រី​និច ពា​យុ​២​ឆ្នាំ (​ស្លាប់​) ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹងមានជ័យ​ទី​២ ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​មក​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ដោយឡែក នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​កម្លាំង​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​លើ​សាកសព​ជនរងគ្រោះ​ឃើញ​មាន​ស្នាម​ជាំ​ខ្លួនប្រាណ​ជាច្រើន​កន្លែង មិន​អាច​រអិល​ជើង​ដួល​សង្កត់ លើ​ដូច​ការអះអាងរ​បស់​ជនសង្ស័យ​នោះ​ទេ​៕