សម្ដេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ថវិកា ៥ម៉ឺនដុល្លារ សម្រាប់សពម្នាក់ៗ និង ១ម៉ឺនដុល្លារ សម្រាប់អ្នករងរបួសម្នាក់ៗ ក្នុងករណីបាក់រលំអគារនៅខេត្តកែប

ខេត្តកែប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗ ដល់ជនរងគ្រោះ និងអ្នករងរបួស​នៅក្នុងករណីបាក់រលំអគារ៦ជាន់ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម​១០លាន​រៀ​ល​ទៀតសម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗទទួលបានថវិកា ១ម៉ឺនដុល្លារ ។

សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង ។

នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ ដើម្បីសម្រាលនូវការលំបាកសម្រាប់​ជ​នរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង​​១ម៉ឺនដុល្លារ ១០០០០ដុល្លារ សម្រាប់អ្នកស្លាប់ក្នងម្នាក់ ថវិកាចំនួន ២០០លានរៀល ស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនីមួយៗ ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ ។ ជំនួយការខ្ញុំ លោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព ”

ជាមួយនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយឧបត្ថម្ភដល់ជនរងគ្រោះ ដោ​យ​ករណីរលំបាក់រលំអគារនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២​០​​២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ខេត្តកែប ។ ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជនជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងករណីបាក់រលំអគារនៅខេត្តកែប ៖

ទី១. ឧកញ៉ា ហ៊ុន តូ និងដៃគូ ចំនួន៥២ម៉ឺនដុល្លារ
ទី២. ឧកញ៉ា គិត ម៉េង ចំនួន១០ម៉ឺនដុល្លារ
ទី៣. លោក ហែម សារឿង ចំនួន២ម៉ឺនដុល្លារ
ទី៤. ក្រុមហ៊ុន ជីប ម៉ុង ចំនួន១០ម៉ឺនដុល្លារ
ទី៥. ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចំនួន២ម៉ឺនដុល្លារ,
ទី៦. ក្រុមហ៊ុនឌែលខម ចំនួន ២០ម៉ឺនដុល្លារ
ទី៧. ក្រុមហ៊ុនសេសាន ចំនួន ១០ម៉ឺនដុល្លារ
ទី៨. ឧកញ៉ា ទ្រី ភាព ចំនួន ១០ម៉ឺនដុល្លារ
ទី៩. ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ចំនួន១០ម៉ឺនដុល្លារ
ទី១០. ឯកឧត្តម ប៉ុល សារឿន ចំនួន១ម៉ឺនដុល្លារ
ទី១១. ឯកឧត្តម ស៊ុន ចាន់ថុល ចំនួន១ម៉ឺនដុល្លារ
ទី១២. ឧកញ៉ា វិញ ហ៊ួរ ចំនួន ៥ម៉ឺនដុល្លារ
ទី១៣. ឯកឧត្តម លឹម គានហោ ចំនួន២ម៉ឺនដុល្លារ
ទី១៤. ឧកញ៉ា ថោង សារ៉ាត់ ចំនួន៥ម៉ឺន
ទី១៥. កញ្ញា ស្រ៊ាង ស្រីមុំ ចំនួន ១ពាន់ដុល្លារ
ទី១៦. អង្គភាពរដ្ឋាករទឹកស្វ័យតរាជធានីភ្នំពេញ ចំនួន១ម៉ឺនដុល្លារ
ទី១៧. មូលនិធិបរិស្ថាន ចំនួន៣ម៉ឺនដុល្លារ រួមនិងសប្បុរសជនមួយចំនួនទៀត ។

ថវិការបស់សប្បុរសជនសរុបមានចំនួន ១,៤៤១,០០០ដុល្លារ ( មួយលានបួនសែនបួនម៉ឺនមួយពាន់ដុល្លា) ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ ជនរងគ្រោះ២៧នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត ៕