ខេត្តព្រះសីហនុ ការចាក់ដីព្រៃលិចទឹក និង ឆ្នេរសមុទ្រ នៅស្រុកស្ទឹងហាវ កើតឡើងជាច្រើនករណី អាជ្ញាធរស្រុកឆ្លើយថាមិនដឹង

ខេត្តព្រះសីហនុ ៖ គ្រឿងចក្រឈូសឆាយ និងរថយន្តដឹកដីមិនតិចជាង១០គ្រឿងនោះទេ  ត្រូវបានគេមើលឃើញថា  កំពុងតែធ្វើ​ស​កម្មភាពជីកកកាយដីភ្នំមួយកន្លែង  ដើម្បីយកអាចម៍ដីទៅចាក់លុបព្រៃលិចទឹកក្នុងតំបន់អូរត្រជាក់ចិត្ត (ជាប់នឹងវិថីទេព្យវង្ស) ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុយ៉ាងរលូន ។

រយៈពេលជាច្រើនថ្ងៃមកហើយ គេមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជា មន្រ្តីរដ្ឋបាលស្រុកស្ទឹងហាវណាម្នាក់ចុះមកពិ​និត្យជាក់ស្តែងដើម្បីមានវិធានការ តាមផ្លូវច្បាប់អ្វីនោះឡើយ  បើទោះជាមានសេចក្តីរាយការណ៍ប្រាប់ឲ្យដឹងថាសកម្មភាពនេះមិនមានច្បាប់អនុញាត្តិក៏ដោយ ។  នេះគឺជាអំពើឃុបឃិតគ្នាដ៏ធំមួយរវាងមន្រ្តីអនុវត្តន៍ច្បាប់និងក្រុមឈ្មួញជីកកាយបំផ្លាញដីភ្នំយកអាចម៍ដីចាក់លុបព្រៃលិចទឹកយ៉ាងពិតប្រាកដ ។

ពាក់ព័ន្ធទៅនឹងបញ្ហារខាងលើនេះ បើតាមមន្រ្តីក្រុមប្រឹក្សាឃុំទំនប់រលក បានលួចបង្ហើបប្រាប់ឲ្យដឹងថា ការឈូសឆាយ ដីភ្នំ នាំ​យ​កអាចម៍ដីចាក់លុបព្រៃលិចទឹកនេះ មិនមានច្បាប់អនុញាត្តិទេ គឺគេធ្វើសកម្មភាពក្តៅៗតែម្តង ដោយសារតែម្ចាស់ដីខាងលើនេះមានទំនាក់ទំល្អជាមួយលោក  ឆាយ សុគុន្ធដា  អភិបាលស្រុកស្ទឹងហាវ  និងលោកប្រធានភូមិបាលស្រុកស្ទឹងហាវផងដែរ ដូចនេះ​មិនចាំបាច់សុំច្បាប់ធ្វើអ្វីនាំឲ្យពាក់ព័ន្ធវែងឆ្ងាយ និងផ្លូវច្បាប់ ពីព្រោះវាជាដីព្រៃលិចទឹក ។

 

ដោយឡែកសម្រាប់បុរសម្នាក់មិនស្គាល់ឈ្មោះ  បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី០៥ ខែមករា  ឆ្នាំ២០២០ ទីតាំងដីកំពុងចាក់ដីនេះ ជា​ដីរបស់ខ្លូនទំហំប្រមាណ១៥ ហិចតា មិនទាន់មានប្លង់កម្មសិទ្ធិទេ តែបានបំពេញទិន្នន័យរួចហើយ រងចាំតែ ទទួលយកបណ្ណ័ក​ម្មសិទ្ធិតែប៉ុណ្ណោះ  ហើយការចាក់ដីនេះ ក៏លោកមានច្បាប់អនុញត្តិត្រឹមត្រូវតាមផ្លូវច្បាប់ផងដែរ ពីលោកអភិបាលស្រុកស្ទឹង​ហា​វ គ្រាន់តែមិនទាន់ទៅយកច្បាប់នោះនៅសាលាស្រុកប៉ុណ្ណោះ  ។  អ្វីដែលជាការអះអាងរបស់បុរសជាម្ចាស់ដីខាងលើ  ស្តាប់ទៅគួរឲ្យចាប់អារម្មណ៍បំផុត  ពីព្រោះថា  ជាធម្មតាដីដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់  មាននរឿងអ្វីមានច្បាប់អនុញាត្តិ ដោ​យមិនដឹងថាច្បាប់នោះបានតាមវិធីណានោះទេ ។

 

ដោយឡែកសម្រាប់លោក ឆាយ សុគុន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ ២០២០នេះ បា​ន​ឲ្យដឹងថា ករណីចាក់ដីលុបព្រៃលិចទឹកខាងលើនេះ លោកមិនទាន់បានដឹងទេ  ដូច្នេះរង់ចាំថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ លោកនឹ​ងឲ្យមន្រ្តីពាក់ព័ន្ធ ចុះទៅពិនិត្យមើល ដើម្បីមានវិធានការតាមផ្លូវច្បាប់  ។

 

ជុំវិញបញ្ហាចាក់ដីខាងលើនេះ លោកឆាយ សុគុន្ធដា អភិបាលស្រុកស្ទឹងហាវបានឲ្យដឹងថា បើតាមលោកដឹង គឺមិនទាន់មានច្បា​ប់អនុញ្ញាតនោះទេ ប៉ុន្តែលោកនឹងឱ្យមន្ត្រីចុះទៅត្រួតពិនិត្យ ។

គួរបញ្ជាក់ផងដែរថា  ថ្មីៗនេះក៏មានទីតាំងមួយកន្លែង  ក៏មានការចាក់ដីព្រៃលិចទឹកម្តងរួចមកហើយដែរ  ដែលមានប្រហែលចំ​ងា​យ៥០ ម៉ែត្រពីទីតាំងចាក់ដីខាងលើ  ហើយខាងសមត្ថកិច្ចក៏បានចុះទៅហាមឃាត់និងធ្វើការកាយដីនោះឡើងវិញ  ៕