សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩ ក្រោមប្រធានបទ (ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាប័ន្ន) នៅស្រុកជុំគីរី

ខេត្តកំពត ៖ នៅព្រឹក  ថ្ងៃចន្ទ  ១២កើត  ខែបុស្ស  ឆ្នាំកុរ  ឯកស័ក  ព.ស២៥៦៣  ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២០  សាខាកា​ក​បា​ទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០១៩  ក្រោមប្រធានបទ  “ស្ម័គ្រចិត្តដើម្បីអ​នា​គ​តប្រកបដោយបរិយាប័ន្ន”  ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ  លាង  ហៃ  ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈក​ម្មាធិ​កា​​រសាខា  និងថ្នាក់ដឹកនាំមន្ត្រីសាខាកក្រកខេត្តកំពត អនុសាខាកក្រក   ស្រុកជុំគីរី  អ្នកស្ម័គ្រចិត្ត និងយុវជនកក្រក សរុបប្រ​មាណ ១៩៧នាក់ ។

 

ក្នុងឱកាសនោះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំប្រសាសន៍របស់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រ​ធា​នកាកបាទក្រហមកម្ពុជា   ដែលផ្តាំផ្ញើសួរសុខទុក្ខ  នឹករលឹក   ថ្លែងអំណរគុណ  និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកម្លាំ​ង​ឈា​នមុខរបស់ អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបាន  បរិច្ចាគ  ធនធាន ពេលវេលា កម្លាំងកាយ-ចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធ​សាធ   ក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ  និងជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា  ។

 

ជាមួយគ្នានេះ  លោកជំទាវ  បានគូសបញ្ជាក់ពី  គុណតម្លៃនៃការងារស្ម័គ្រចិត្ត  ហើយដែលទិវាអន្តរជាតិ នៃអ្នកស្ម័គ្រចិត្ត គឺជាកា​រ​លើកកម្ពស់ការចូលរួមដោយស្ម័គ្រចិត្តក្នុងការងារមនុស្សធម៌របស់ចលនាអន្ដរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ដែ​ល​មានអ្នកស្ម័គ្រចិត្តជាង   ១២លាននាក់  ជាឆ្អឹងខ្នងរបស់ចលនា  និងជាកម្លាំងប្រតិបត្តិករ  មនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និ​​ងទាន់ពេលវេលា ។  ជាក់ស្តែង  កាកបាទក្រហមកម្ពុជា បានពង្រឹង  និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្តបានរហូតដល់ជាង ៤ម៉ឺននាក់នៅទូទាំងប្រទេស  ដោយឡែកសាខាកាកបាទក្រហមកម្ពុជា  ខេត្តកពត មានអ្នកស្ម័គ្រសរុបប្រមាណចំនួន១១៤០នាក់ ដែ​ល​សុទ្ធតែជាកម្លាំងមិនអាចខ្វះបាន ក្នុងការផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់អ្នកងាយរងគ្រោះបំផុត បានទាន់ពេលវេលា  និ​ងគ្រប់ទីកន្លែង។

 

ដើម្បីលើកទឹកចិត្តដល់ អ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងឱកាសនោះសាខា  កាកបាទក្រហមកម្ពុជា  ខេត្តកំពត បានផ្ដល់ជូននូវប័​ណ្ណសរសើរ និងថវិកាម្នាក់ៗចំនួន ២០,០០០រៀល។