សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ការិយាល័យ​បោះឆ្នោត​ស្ថិតក្នុង​អនុវិទ្យាល័យ​សោ​ហ៊ឺ

​នៅ​ព្រឹក​ថ្ងៃអាទិត្យ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ នៅ​ការិយាល័យ​បោះឆ្នោត​ស្ថិតក្នុង​អនុវិទ្យាល័យ​សោ​ហ៊ឺ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥​នេះ បាន​ត្រូវ​ផ្តើម​ប្រព្រឹត្តទៅ​នៅ​ព្រឹក​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២​នេះ ចាប់ពី​ម៉ោង​៧​ព្រឹក រហូតដល់​ម៉ោង​៣​រសៀល​។ ឃុំ សង្កាត់​ទូទាំង​ប្រទេស​ក្នុង​អាណត្តិ​ទី​៥​នេះ មាន​ចំនួន​១,៦៥២​ឃុំ សង្កាត់​។ ចំណែកឯ​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់​វិញ មាន​សរុប​ចំនួន​១១,៦២២​អាសនៈ​។

​ដោយឡែក​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ៩,២០៥,៦៨១​នាក់ ស្មើនឹង​៨៧,៩៤ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ទាំងអស់ ក្នុងនោះ​មាន​ស្រី​ចំនួន ៤,៩០៤,៨៣២​នាក់​។ ប្រជាពលរដ្ឋ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​សិទ្ធិ​ស្មើៗ​គ្នា បោះឆ្នោត​ម្នាក់​មួយ​សន្លឹក​ដូចៗ​គ្នា ដើម្បី​បង្ហាញ​ការគាំទ្រ​គណបក្សនយោបាយ​ដែល​ខ្លួន​ពេញចិត្ត​។​

​គិត​ចាប់​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​រយៈពេល​១៤​ថ្ងៃ និង​ថ្ងៃ​ទី​៤ ខែ​មថុ​នា ឆ្នាំ​២០២២​ដែល​ជា​ថ្ងៃ ស រហូតមក​ដល់​ព្រឹក​ថ្ងៃ​បោះឆ្នោត ថ្ងៃទី​៥ ខែ​មិថុនា​នេះ បរិយាកាស​ជារួម​នៃ​ដំណើរការ​បោះឆ្នោត បាន​ប្រព្រឹត្ត​ក្នុង​បរិយាកាស​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ គ្មាន​អំពើហិង្សា និង​គ្មាន​ការគំរាមកំហែង​។​

​សម្រាប់​ព្រឹក​នេះ​វិញ ការិយាល័យ​បោះឆ្នោត​នី​មួយៗ​បាន​បើកទ្វារ​ទទួល​ប្រជាពលរដ្ឋ​អញ្ជើញ​មក​បោះឆ្នោត ជាមួយនឹង​វត្តមាន​អញ្ជើញ​មក​បោះឆ្នោត​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ដែល​ជា​ការបង្ហាញ​ឱ្យឃើញ​ថា​ប្រជាពលរដ្ឋ​បាន​ផ្ដល់​ការគាំទ្រ​ខ្ពស់​ដល់​ដំណើរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាមរយៈ​យន្តការ​ជ្រើសរើស​មេដឹកនាំ​ដោយ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។​

​កម្ពុជា​បាន​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ចំនួន​៥​ដង​រួច​ហើយ​រាប់​ទាំង​ការបោះឆ្នោត​នៅថ្ងៃនេះ​។ ការបោះឆ្នោត​អាណត្តិ​ទី​១​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​២០០២ និង​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​២០០៧ ឆ្នាំ​២០១២ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០២២​នេះ​។ តាមរយៈ​ការបោះឆ្នោត​នេះ ប្រជាពលរដ្ឋ​ជា​អ្នក​ជ្រើសរើស​មេដឹកនាំ​ឃុំ សង្កាត់​ខ្លួន​ដោយ​ផ្ទាល់​ជា​រៀងរាល់​៥​ឆ្នាំ​ម្ដង ៕​ដោយ​-​រ៉ាវុធ​