ការចិញ្ចឹម​បង្កង​តាម​បែប​ធម្មជាតិ ងាយស្រួល​ចំណាយ​ដើម​តិច ប្រមូល​ផល​បាន​ច្រើន

​កសិករ​នៅ​ស្រុក​ឈូក​ម្នាក់​បញ្ជាក់​ថា ការចិញ្ចឹម​បង្កង​តាម​បែប​ធម្មជាតិ មាន​ភាពងាយស្រួល កូនក្មេង​ក៏​អាច​ចិញ្ចឹម​បាន មិន​ប្តូរ​ពិបាក​ប្តូរ​ទឹក មិន​ប្រើ​ម៉ាស៊ីន​អ៊ុក​ស៊ី​សែន មិន​ចុះ​ចំណី ចំណាយ​ដើម​តិច ឆាប់​បាន​ប្រមូល​ផល ការ​ធំ​លូតលាស់​ល្អ ធន​មិន​ងាយ​ងាប់ ហើយ​សាច់​ស្វិត​មាន​រសជាតិ​ឆ្ងាញ់​។​

​លោក កែវ សុធៀ​ន ជា​កសិករ រស់នៅ​ភូមិ​ដំណាក់​ស្តៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​ថា ដោយសារ​ស្រឡាញ់​ការដាំដុះ និង​ចិញ្ចឹមសត្វ លោក​បាន​រៀប​ដី​ចំនួន​៦​ហិកតា​ដាំ​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ប្រភេទ និង​ជីក​ស្រះ យក​ទឹក​ទៅ​ចិញ្ចឹមសត្វ​ត្រី អង្កែ​ប ខ្យង និង​បង្កង​។ បច្ចុប្បន្ន​លោក​កំពុង​ប្រមូល​ផល​ខ្យង​ថៃ និង​បង្កង​អូស្ត្រាលី​ចិញ្ចឹម​តាម​បែប​ធម្មជាតិ ។ លោក​បាន​បញ្ជាក់ថា​ការចិញ្ចឹម​បង្កង​មាន​ភាពងាយស្រួល ក្មេង​តូច​ក៏​អាច​ចិញ្ចឹម​បានដែរ​។

​អតីត​សិក្ខាកាម​ម្នាក់​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ការដាំដុះ និង​ការ​ចិញ្ចឹមសត្វ​ជាមួយ​អង្គការ​ជា​ច្រើន និង​ធ្លាប់​បាន​ទៅ​រៀន​បន្ថែម​នៅ​ប្រទេស​ថៃ លោក កែវ សុធៀ​ន បានបញ្ជាក់​ថា ការរៀបចំ​ស្រះ​ចិញ្ចឹម​បង្កង​តាម​បែប​ធម្មជាតិ​មាន​សារៈប្រយោជន៍​ច្រើន​សម្រាប់​កសិករ វា​បាន​កាត់បន្ថយ​ការចំណាយ​វិកា កម្លាំង​ពលកម្ម និង​ពេលវេលា​បាន​ច្រើន​។

​កសិករ​រូបនោះ​បាន​បញ្ជាក់​ដែរ​ថា បង្កង​ចិញ្ចឹម​តាម​បែប​ធម្មជាតិ មាន​សាច់​ស្វិត​ផ្អែម ជាង​បង្កង​ផ្សេងៗ ហើយ​បច្ចុប្បន្ន​លោក​ចិញ្ចឹម​សម្រាប់​តែ​លក់​ទៅ​ឲ្យ​មិត្តភក្តិ បងប្អូន​រាប់អាន​គ្នា​ប៉ុណ្ណោះ មិន​បាន​យកទៅលក់​នៅ​ទីផ្សារ​ទេ​។

​យ៉ាងណាក៏ដោយ កសិករ​រូបនេះ​បានបញ្ជាក់​ថា លោក​មិន​មាន​បំណង​ចិញ្ចឹម​បង្កង​ដើម្បី​ផ្គត់​ផ្គង​ទីផ្សារ​ប្រើប្រាស់​នោះ​ទេ ប៉ុន្តែ​លោក​រីករាយ​ក្នុង​ការជួយ​បង្រៀន​អំពី​របៀប​នៃ​ការចិញ្ចឹម​បង្កង​តាម​បែប​ធម្មជាតិ​នេះ​ដោយ​ឥតគិតថ្លៃ​ទៅ​ដល់​អ្នក​ប្រជាកសិក​រណា​ដែល​មាន​បំណង​ចង់​ចិញ្ចឹម ហើយ​ក្រៅពី​បង្កង​លោក​ក៏​អាច​ជួយ​បង្រៀន​ចិញ្ចឹម​ត្រី កង្កែប ខ្យង​ផងដែរ​៕