ឆក់​ត្រី​មិន​ប្រយ័ត្ន​ឆក់​ខ្លួនឯង​ស្លាប់​កណ្ដាល​វាលស្រែ

​ខេត្តសៀមរាប​៖ បុរស​ម្នាក់​បាន​ប្រទះឃើញ​ដេក​ស្លាប់​កណ្ដាល​វាលស្រែ បន្ទាប់ពី​បាន​ធ្វើ​សកម្មភាព​ចោរឆក់​ត្រី តែ​បែរជា​ភ្លាត់ស្នៀត​ឆក់​ខ្លួន​ឯង​វិញ​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​បាន​កើតឡើង នៅវេលា​ម៉ោង​១០​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច លើទឹក​វាលស្រែ ស្ថិតនៅក្នុង​ភូមិ​គោកធ្លក ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ជនរងគ្រោះ មានឈ្មោះ ញ៉​ន យួន ភេទ​ប្រុស​អាយុ ៣៤​ឆ្នាំ នៅ​ភូមិ​គោកធ្លក ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​បើ​តាម​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ អធិកា​នគរបាល​ស្រុក​ប្រាសាទបាគង បានឲ្យដឹងថា តាម​ការបំភ្លឺ​របស់​សាច់ញាតិ​បានឲ្យដឹងថា មុន​ថ្ងៃ​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​រក​ឆក់​ត្រី​។ លុះដល់​ថ្ងៃ​ទី​០៥ ខែ​មិថុនា​ឆ្នាំ​២០២២ ដោយ​ជនរងគ្រោះ​បាត់​ខ្លួន​អស់​រយ​:​ពេល​ពីរ​ថ្ងៃ​មកហើយ ទើប​ក្រុមគ្រួសារ​បាន​នាំគ្នា​ដើររក​ត្រង់ចំណុច​ទំនប់​ក្រលែង​ដប ស្ថិតក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ក៍​ប្រទះឃើញ​សព​ខាងលើ ដេក​ផ្កាប់មុខ​ស្លាប់​នៅ​លើ​ទឹកក្រឡុក​វាលស្រែ ដោយ​ឧបករណ៍​ឆក់​ត្រី​ស្ពាយ​ជាប់​ពី​លើ​ខ្នង ចំណែកឯ​ដៃស្ដាំ​កាន់​ដៃ​ឧបករណ៍​ឆក់​ត្រី​ជាប់ រីឯ​ឧបករណ៍​ម្ខាង​ទៀត​ជាប់​នៅ​លើ​គោក ហើយក៏​បាន​ស្រែក​គ្នា​ឱ្យមក​ជួយ​ស្រង់​ពី​ទឹក​ដាក់​មក​លើ​គោក​ទៅ​។​

​លោក​វរសេនីយ៍ឯក លឹម សម្បត្តិ បានឲ្យដឹង​ទៀតថា ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ពិនិត្យ និង​សាកសួរ​ក្រុមគ្រួសារ សមត្ថកិច្ច​បាន​សន្និដ្ឋាន ជនរងគ្រោះ​បាន​ស្លាប់​ដោយសារ​ប្រើ​ឧបករណ៍​ឆក់​ត្រី ភ្លាត់ស្នៀត​ឆក់​ខ្លួនឯង​ស្លាប់ ពុំមែន​ករណី​ខាត់​កម្ម​ឡើយ សព​ត្រូវបាន​ប្រគល់​គ្រូ​សារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕