អ្នកសារព័ត៌មាន​ច្រឡំ​រូប និង​តំណែង រវាង​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​លោក​ឧកញ៉ា លឹម ហេង ថៅកែ​កាស៊ីណូ ហើយ​កែតម្រូវ​ឡើងវិញ​

ភ្នំពេញ​៖ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​សុំឲ្យ​អ្នកសារព័ត៌មាន​កែតម្រូ​វ​រូបភាព និង​តំណែង ដែល​ត្រូវបាន​ផ្សាយ​ដោយ​ភាន់ច្រឡំ​ជាមួយ​លោក​ឧកញ៉ា​ថៅកែ​កាស៊ីណូ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ ដោយសារ​មាន​ឈ្មោះ​ដូច​គ្នា​ពេក​។​

​លោក​ឧកញ៉ា​បាន​ប្រាប់​អ្នកសារព័ត៌មាន ដែល​បាន​ផ្សាយ​ច្រឡំ​រូបថត​ដោយ​អ​ចេតនា ឲ្យបាន​ជ្រាបថា ខ្លឹមសារ និង​ឈ្មោះ​ម្ចាស់​កាស៊ីណូ នៅក្នុង​អត្ថបទ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ឧកញ៉ា​ឡើយ ប៉ុន្តែ​ការយក​រូបថត​របស់​លោក​ឧកញ៉ា និង​តំណែង​របស់​លោក​ឧកញ៉ា ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា គឺជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ​។​

​នា​ព្រឹក​មិញ​នេះ លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា បាន​បង្ហោះ​សារ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន ដែលមាន​ខ្លឹមសារ​ថា «​សូម​អ្នកសារព័ត៌មាន​មួយចំនួន មុន​នឹង​យក​រូបថត​ខ្ញុំ​ចុះ​ផ្សាយ​ណាមួយ សូមមេត្តា​ស៊ើប​ឲ្យបាន​ច្បាស់លាស់​ជា​មុន​សិន ព្រោះ​ករណី​កាស៊ីណូ​នេះ​មិនមែន​ជា​របស់​ខ្ញុំ​ទេ​។ សូមមេត្តា​ជួយ​កែសម្រួល​ផង អរគុណ​»​។​

​យោងតាម​រូបថត​របស់​លោក​ឧកញ៉ា លឹម ហេង ថៅកែ​កាស៊ីណូ គឺ​មាន​វ័យ​ចំណាស់​ជាង​លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​។​

​សូម​រំឭកថា ករណី​អ្នកសារព័ត៌មាន​ប្រើ​រូបថត និង​តំណែង​ច្រឡំ​នេះ កើតឡើង​ក្នុង​អត្ថ​ប​ទេ​ផ្សាយ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២២ ដែល​មាន​ចំណងជើង​៖ កាស៊ីណូ​របស់​ឧកញ៉ា លឹម ហេង បើកដៃ​ឲ្យ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង បំពាន​បំរាម​រាជរដ្ឋាភិបាល​។​

​ចំណែក​ខ្លឹមសារ​នៃ​អត្ថបទ​នោះ មានន័យ​ដូច​ខាងក្រោម​៖

​កាស៊ីណូ​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ សាងាំ រី​ស៊ត កាស៊ីណូ ស្ថិតនៅ​ជាប់​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន កម្ពុជា​-​ថៃ ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង ដោយ​បំពាន​បម្រាម​រាជរដ្ឋាភិបាល​។​

​ជា​រាងរាល់ថ្ងៃ គេ​សង្កេតឃើញ​ខ្មែរ​នាំគ្នា​ចូល​លេង​យ៉ាង​ពពាក់ពពូន នៅ​ក្នុង​កាស៊ីណូ​នេះ រហូត​អ្នកខ្លះ​ចាញ់​បោស​គូទ​ខោ លក់​អស់​ដីធ្លី​ផ្ទះសម្បែង ឬ​រហូត​រត់ចោលស្រុក ព្រោះ​ខ្មាស់​គេ​ពេក​។​

​បិរស​ម្នាក់ រស់​នៅក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​ខ្មាស​គេ​ពេក បាន​លើកឡើង​ថា កន្លងមក លោក​ធ្លាប់​លង់​ចាញ់ល្បែង​ក្នុង​កាស៊ីណូ​ខាងលើ ហើយ​សម្រេច​ចិត្ត​លក់​ដីធ្លី​ផ្ទះសម្បែង ដើម្បី​បាន​លុយ​ចូល​លេង​ស្រង់ដើម​នៅក្នុង​កាស៊ី​នេះ ប៉ុន្តែ​នៅតែ​ចាញ់​ងើបមុខ​មិន​រួច​ដដែល​។​

​អ្នក​ចាញ់ល្បែង​រូបនេះ បាន​និយាយទៀតថា មិនមែន​ត្រឹមតែ​រូប​លោក​ម្នាក់​ឯង​ទេ ដែល​លង់ខ្លួន​ចាញ់ល្បែង​ក្នុង​កាស៊ីណូ ឈ្មោះ សា​ង៉ាំ រី​ស៊ត គឺ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត ខ្លះ​លក់​អស់​ទ្រព្យសម្បត្តិ អស់​ពី​ខ្លួន ព្រាត់ប្រាស​ក្រុមគ្រួសារ និង​រត់ចោលស្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​គេ ដោយសារ​ចាញ់ល្បែង​ច្រើនពេក នៅ​ក្នុង​កាស៊ីណូ​ខាងលើនេះ​។​

​ម្ចាស់​កាស៊ីណូ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ្ញា លឹម ហេង ដែល​គ្រាន់តែ​ក្នុង​ខេត្ត​ឧត្តមានជ័យ លោក​មាន​កាស៊ីណូ​រហូត​ទៅ​ដល់​បី​កន្លែង​។​

​អ្នក​កិច្ចការ​ផ្នែក​កាស៊ីណូ ក្នុង​ខេត្ត​ឧត្តរមានជ័យ បានបញ្ជាក់​ថា កាស៊ីណូ​របស់​លោក​ឧកញ៉ា លឺ​ម ហេង ដែល​បើកដៃ​ឲ្យ​ខ្មែរ​ចូល​លេង​តាមតែ​អំពើ​ចិត្ត មាន​ស្ថិត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ជប់​គគី​, ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ច្រកទ្វារ​អន្តរជាតិ ជាំ​សាងាំ​។​

​អ្នក​បាន​ដឹង​សាច់រឿង​ច្បាស់ អំពី​កាស៊ីណូ បាន​រៀបរាប់​ថា ចាប់តាំងពី​កាស៊ីណូ​ខាងលើ​បើក​ដំណើរការ គេ​សង្កេតឃើញ​ជនជាតិ​ខ្មែរ​ចូល​លេង​ជា​រាងរាល់ថ្ងៃ ខុស​ពី​សេចក្តីជូនដំណឹង (​ស​.​ជ​.​ណ​) របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​។​

​ស​.​ជ​.​ណ របស់​គណៈរដ្ឋមន្ត្រី​បាន​កំណត់​ថា ក្នុង​វង់ល្បែង​កាស៊ីណូ​នីមួយៗ គឺ​បើក​ទទួលភ្ញៀវ​ឲ្យចូល​លេងតែ​ជន​បរទេស​តែ​ប៉ុណ្ណោះ ហេ​ី​យ​ដាក់​កំហិត​មិន​ឲ្យ​ខ្មែរ ចូល​លេង​ជា​ដាច់ខាត​។​

​ចំពោះ​ករណី​វង់ល្បែង​បំពាន​បំរាម​របស់​រាជរដ្ឋាភិបាល​ខាងលើនេះ អ្នកសារព័ត៌មាន មិនអាច​សុំ​ការបកស្រាយ​ពី​តំណាង​បាន​ឡើយ ជាពិសេស​លោក​ឧកញ៉ា លឹម ហេង ដែល​ជា​ម្ចាស់​កាស៊ីណូ​ខាងលើនេះ​៕