ដីព្រៃ​លិច​ទឹក​មួយ​កន្លែង ស្ថិតនៅ​ស្រុក​ស្រែអំបិល ត្រូវបាន​បុគ្គល​មួយរូប ដឹក​អាចម៍ដី លុប​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ ខណៈ​ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​នៅឡើយ​

កោះកុង​÷​ព្រៃ​លិច​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង ដែល​ត្រូវបាន​ការពារ​ដោយ​ក្រសួង​បរិស្ថាន និង​បាន​ហាមប្រាម​មិន​អនុញ្ញាតិ​ឲ្យ​ជន​ណា​ម្នាក់​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះឡើយ ស្រាប់តែ​ពេល​ថ្មីៗ​នេះ ដីព្រៃ​លិច​ទឹក​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​កំពុង​ឡាន ក្នុងភូមិ​បាន​ទៀត ឃុំ​ដង​ពែ​ង ស្រុក​ស្រែអំបិល ត្រូវបាន​បុគ្គល​មួយរូប ដឹក​អាចម៍ដី និង​ដាក់​ម៉ាស៊ីន​បូម​ខ្សាច់​ជាច្រើន​គ្រឿង លុប​ព្រៃ​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ខណៈ​ដែល​មិន​ទាន់​មានច្បាប់​អនុញ្ញាត​នៅឡើយ ។​

​តាម​ការលើកឡើង​ពី​ពលរដ្ឋ​នៅ ក្នុង​ឃុំ​ខាងលើ​បាន​ឱ្យដឹងថា ទីតាំង​ព្រៃ​លិច​ទឹក​ខាងលើ កន្លង​មក​ពុំ​មាន​បុគ្គល​ណា​ម្នាក់​ហ៊ាន​រុករាន​ទន្ទ្រាន​យក​នោះទេ ព្រោះ​តំបន់​នេះ​ជា​តំបន់​អភិរក្ស តែ​នាពេល​ថ្មីៗ​នេះ ស្រាប់តែ​លិចមុខ​បុគ្គល​មាន​លុយ​ម្នាក់ ដាក់​គ្រឿងចក្រ និង​ម៉ាស៊ីន​បូម​ខ្សាច់​ច្រើន​គ្រឿង ធ្វើ​សកម្មភាព​លុប​យ៉ាង​បំពាន​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ឯកជន ដោយ​មិន​ខ្លាចញញើត​ទៅ​និង​ការហាមឃាត់​របស់​ជំនាញ​ពាក់ព័ន្ធ និង​ផ្លូវច្បាប់​ឡើយ ។​

​ប្រភព​ខាងលើ បាន​បន្ត​ទៀត​ថា​សកម្ម​ភាព​ចាក់​លុប​តំបន់​ការពារ​ទាំង​បំពាន​បែប​នេះ តែងតែ​បាន​ធ្វើ​សកម្មភាព​ចេញ​ពី​សំណាក់​បុគ្គល​មាន​លុយ និង អំណាច ខណៈ​អាជ្ញាធរ​និង​ជំនាញ​ពាក់ព័ន្ធ ហាក់​ធ្វើ​ព្រងើយ​ដោយ​មិនសូវ​បាន​យកចិត្តទុកដាក់​ក្នុង​ការបង្ក្រាប​ឬ​ទប់ស្កាត់​នោះឡើយ វា​ហាក់បីដូចជា​មាន​ការបិទ​បាំង​ភ្នែក​ច្រមុះ​របស់​ជំនាញ​ពាក់ព័ន្ធ ។​

​ប្រជាពលរដ្ឋ​ខាងលើ បាន​លើកឡើង​ទៀត​ថា កន្លង​មក​តំបន់​លិច​ទឹក​ខាងលើ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច លើក​ជា​ទំនប់​ទឹក​ប្រៃ ដើម្បី​ទប់​ទឹកប្រៃ មិន​អោយ​ហូរ​បំផ្លាញ​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ហើយ​ព្រៃ​លិច​ទឹក​ដែល​នៅ​ក្រៅ​ទំនប់​ត្រូវបាន​ជំនាញ​ពាក់ព័ន្ធ ហាមប្រាម​មិនអោយ​ជន​ណា​ម្នាក់​ធ្វើ​ការកាប់​រុករាន​ទន្ទ្រាន​នោះទេ បើ​បុគ្គល​ណា​ហ៊ាន​ច្បាស់​ជា​ទទួល​ទោសទណ្ឌ​ទៅតាម​ផ្លូវច្បាប់​ជាក់​ជាមិនខាន តែ​ពេល​នេះ​បែ​ជា​ត្រូវបាន​បុគ្គល​មាន​លុយ និង​អំណាច ចាក់ដី និង បូម​ខ្សាច់​លុប​យ៉ាង​រំភើយ​ទៅវិញ ចាំ​មើល​ថា​តើ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង ជំនាញ​ពាក់ព័ន្ធ អាច​និង​មាន​វិធាន​ផ្លូវ​ច្បាប់​យ៉ាងណា​ចំពោះ​បុគ្គល​បំពាន ឬ​ថា​ពួកគាត់​អាច​ត្រូវ​ថ្នាំ​សន្តំ​ពី​ក្រុម​ឈ្មួញ ទើបបាន​ជា​ពួកគាត់​ធ្វើ​មិនដឹងមិនឮ​បែបនេះ ។​

​ជុំវិញ​ការចោទប្រកាន់​ខាងលើ លោក ទី យោង មេឃុំ​ដង​ពែ​ង បាន​បញ្ជាក់​អោយដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២២​នេះ​ថា ចំពោះ​ការចាក់ដី និង​បូម​ខ្សាច់​នៅ​តំបន់​ខាងលើ លោក​ពុំ​បាន​ដឹងថា​មានច្បាប់​ហើយ​ឬ​នៅ​នោះទេ តែ​លោក​គ្រាន់តែ​បានដឹង​ថា កន្លង​មក​ខាង​អាជ្ញាធរ​ស្រុក និង​ខាង​ក្រសួង​បាន​ចុះទៅ​ពិនិត្យ​ច្រើនដង​មកហើយ ។​

​ចំណែក លោក ជា ចាន់​កញ្ញា អភិបាល​ស្រុក​ស្រែអំបិល​ក៏​បាន​អោយដឹង​តាម​ទូរស័ព្ទ​ដែរ​ថា លោក​កំពុង​ចាត់​កម្លាំង​ចុះ​ពិនិត្យ​នៅ​ទីតាំង​ខាងលើ​ហើយ នា​រសៀល​ថ្ងៃ​ទី​៨ ខែ​មិថុនា​នេះ តែ​ការចុះពិនិត្យ​នេះ​គឺ​ខាង​លោក​ពុំ​អនុញ្ញាត​អោយ​ខាង​សារ​ពត៍​មាន​ចូល​បាន​នោះ​ទេ ដោយ​លោក​ធ្វើ​ការងារ​រដ្ឋបាល​ជាមុនសិន ។​

​បើទោះបីជា​មាន​ការបកស្រាយ​យ៉ាងនេះក្តី ដោយឡែក លោក ប៉ិច ស៊ី​យ៉ុន ប្រធាន​រ៉ែ និង​ថាមពល​ខេត្ត​កោះកុង ក៏​បាន​ថ្លែង​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ចំពោះ​ករណី​បូម​ខ្សាច់​ខាងលើ គឺ​គេ​បាន​សុំច្បាប់​ពី​ខាង​ខេត្ត​រួចហើយ តែ​ខេត្ត​នៅ​ពុំទាន់​ចេញ​ច្បាប់​អនុញ្ញាត​នៅឡើយ​ទេ ហេតុ​នេះ​អាជ្ញាធរ​បាន​ប្រាប់​អោយ​ភាគី​ម្ចាស់​ទីតាំង​ខាងលើ​ផ្អាក​សកម្មភាព​រួច​ហើយ តែ​បើ​ម្ចាស់​ទីតាំង​ខាងលើ នៅតែ​ពុំ​ព្រម​អនុវត្ត​តាម ហើយ​នៅតែ​បន្តសកម្មភាព​ទៀត​នោះ ខាង​ជំនាញ​និង​ចុះ​ទៅ​ដកហូត​គ្រឿងចក្រ ៕