
មន្ត្រីជំនាញចាប់ជ្រូក ១ ឡាន ដែលឈ្មួញលួចនាំចូលពីវៀតណាម ហើយមានឡាន ខ.ម បំពាក់ស៊ឺរ៉ែនចង់រំដោះ ទៀត
ខេត្តព្រៃវែង ៖ សត្វជ្រូករស់ច្រើនក្បាល ត្រូវបានមន្ត្រីជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វចាប់ឃាត់បាននៅខណៈពេល ដែលឈ្មួញ កំពុងដឹកជញ្ជូននៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រស្រុកកំពុងត្របែក ខេត្តព្រៃវែង។ សត្វជ្រូកទាំងអស់នេះ ត្រូវបានក្រុមឈ្មួញ ដឹកតាមរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F 9874 គោលដៅឆ្ពោះទៅកាន់ទីផ្សារក្នុងរាជធានីភ្នំពេញ ប៉ុន្តែពេលមកដល់ចំណុចគល់ស្ពានក្បាលក្របី ក្នុងឃុំកំពង់ត្របែក ក៏ត្រូវកំលាំងមន្ត្រីជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វ ចាប់ឃាត់បាននៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។
លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមបង្ក្រាប អគ្គនាយកដ្ឋានសុខភាពសត្វ នៃក្រសួងកសិកម្ម បាន អោយដឹងថា ការចាប់ឃាត់សត្វជ្រូកទាំងអស់នេះ គឺដោយសារពិនិត្យឃើញថា ជាសត្វជ្រូក ដែលក្រុមឈ្មួញលួចនាំចូលពីប្រទេសវៀតណាមដោយខុសច្បាប់ ហើយក្រោយពេល ដែល មន្ត្រីជំនាញចាប់ឃាត់ភ្លាម ក្រុមឈ្មួញបានយករថយន្ត ២គ្រឿង ពាក់ស្លាកលេខ ខ.ម និងមាន បំពាក់ភ្លើងសារ៉ែននៅពីលើ មកបិទខាងមុខ និងខាងក្រោយរថយន្តមន្ត្រីជំនាញ ក្នុងបំណង ចង់គាប និងរំដោះយករថយន្តដឹកជ្រូកទៅវិញ ប៉ុន្តែបន្តិចក្រោយមក ដោយឃើញ មានអ្នក សារព័ត៌មាន ចុះទៅដល់ និងតាមថតរូបភាពផងនោះ ទើបរថយន្តសារ៉ែន របស់ ក្រុមឈ្មួញ ដែលបិទខាងមុខ បានដកថយ និងត្រឡប់ទៅក្រោយវិញ ទើបធ្វើអោយមន្ត្រីជំនាញ មាន ឱកាសអាចនាំយករថយន្តដឹកជ្រូកនោះ មកកាន់នាយកដ្ឋានបានដោយជោគជ័យ។
លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា គិតមកដល់ត្រឹមម៉ោង ៥ល្ងាច ថ្ងៃទី១២មិថុនា មន្ត្រីជំនាញ នៅមិនទាន់បានរាប់ចំនួនសត្វជ្រូកនៅលើរថយន្តនោះ នៅឡើយទេ ដោយរង់ចាំអោយម្ចាស់ជ្រូក មកដល់ ទើបរាប់។
ប៉ុន្តែមន្ត្រីជំនាញ បានយកសំណាកឈាមជ្រូក ទៅ ពិនិត្យហើយ។ បើលទ្ធផលឃើញថា មាន មេរោគ នោះ ត្រូវអនុវត្តតាមវិធានបសុពេទ្យ គឺដុតកំទេចចោល។ ប៉ុន្តែបើមិនឃើញមានមេរោគទេ គឺគ្រាន់តែផាកពិន័យ ចន្លោះពី ១០ ទៅ ១៥លានរៀលប៉ុណ្ណោះ៕