​ទុស្សេ​ខ្សែភ្លើង ខណ​:​ម្ចាស់​មិន​នៅ បណ្តាល​ឱ្យ​ឆេះ​ជង្រុក​ក្នុង​ចំការ​អស់​១​ខ្នង បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​

ខេត្ត​ប៉ៃលិន ៖ ជង្រុក​១​ខ្នង ក្នុង​ចម្ការ​មួយកន្លែង ទទួលរង​ការឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ ខណ​:​ម្ចាស់​ចាក់សោ​ទុក​ចោល ជាប់ រវល់​ការងារ​ផ្ទះ​នៅ​ឯ​ក្រុងប៉ៃលិន​។ តែ​អ្វីៗ បាន​ហួសពេល​បាត់ទៅហើយ ដោយ​អគ្គីភ័យ​បាន​លេប​ត្របាក់​អស់​ទាំងស្រុង​។ តែ​ម្ចាស់​ដាក់​ការសង្ស័យថា ដោយសារ​តែ​ឆ្លង​ចរន្ត​អគ្គីសនី បណ្តាល​ឱ្យ​ទុស្សេ​ខ្សែភ្លើង​ឆេះ​តែម្តង​។

​ហេតុការណ៍​ឆេះ​ជង្រុក​ចំការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៤ និង​៤០​នាទី​ល្ងាច ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ភូមិ​ស្រះ​ពីរ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យដឹងថា ៖ ម្ចាស់​រោង​ចំការ​ខាងលើ​មានឈ្មោះ ឌុ​ញ លាន ភេទ​ស្រី អាយុ​៧២​ឆ្នាំ មាន​ទីលំនៅ​ភូមិ សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​ប្រភព​បន្តថា ករណី​អគ្គិសនី ឆាបឆេះ លេប​ត្របាក់​ចំការ​ខាងលើ គឺ​គេ​សង្ស័យថា បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី ទុស្សេ​ខ្សែភ្លើង ស្របពេល​ដែល​ម្ចាស់​មិន​នៅ​ចាក់សោ​ទុក​ចោល ហើយ​ករណី​នេះ ធ្វើឱ្យ​ខូចខាត​រោង​ចាំចំការ​០១​ខ្នង ទាំងស្រុង ដែល​មាន​ទំហំ​បណ្តោយ​ប្រវែង​១៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ (​សង់​ពី​ឈើ ប្រក់​ស័ង្កសី​) រួម​ជាមួយ​សម្ភារ​:​មួយចំនួន​ទៀត​ដូចជា ឆេះ​អង្ករ​អស់​៥០​គីឡូក្រាម ឆេះ​មុង ភួយ ចាន ឆ្នាំង ពោល​គឺ​សម្ភារ​:​ផ្ទះបាយ​អស់រលីង​តែម្តង​។ ទោះបីជា​យ៉ាងណា ក៏​សមត្ថកិច្ច​មិន​អាច​ជួយ​ពន្លត់​ទាន់ពេល នោះដែរ ព្រោះ​ចំការ​ខាងលើ​ស្ថិតនៅ​ឆ្ងាយ​ពី​ក្រុងប៉ៃលិន ទម្រាំ​តែ​រថយន្ត​ពន្លត់​អគ្គីភ័យ​ទៅដល់​គឺ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​បាត់ទៅហើយ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​នេះ មិន​មាន​ការ​រាលដាល​ទៅ​ប៉ះពាល់​ដំណាំ​ដាំ​ដុះ​របស់​ប្រជា ពលរដ្ឋ ឬ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្បែរ​ភូមិ​នោះ​ទេ​៕