សម្តេច​តេជោ ហ៊ុន សែន អបអ​សាទរ ដំណើរ​ទេសចរណ៍​ពាន​បាល់ទាត់​ពិភពលោក (FIFA WORLD CUP)​ឆ្លងកាត់​ព្រះរាជាណាចក្រ​កម្ពុជា​

នៅ​ព្រឹក ថ្ងៃ​ពុធ ១​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​ដំណើរ​ទេសចរណ៍ ពានរង្វាន់​បាល់ទាត់​ពិភពលោក (FIFA WORLD CUP) ដែល​បាន​មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២​នេះ ដែល​ពិធី​នេះ​បាន​ធ្វើឡើង​ដោយ​ផ្ទាល់​នៅ​វិមាន​សន្តិភាព​។​

​ពាន​បាល់ទាត់​ពិភពលោក​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​ជាង ៦​គីឡូក្រាម បាន​ដឹក​តាម​ជើងហោះហើរ​ឯកជន​ពិសេស (Private Jet)​។ ការមកដល់​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដែល​មាន​តម្លៃ ទាំង​ការធានារ៉ាប់រង​ប្រមាណ ២០០​លាន​ដុល្លារ នេះ ធ្វើឡើង​ក្រោម​កម្មវិធី​ដំណើរ​គោចរ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ដើម្បី​អបអរសាទរ​ការប្រកួត​កីឡាបាល់ទាត់​ដណ្ដើម​ពានរង្វាន់​ពិភពលោក នា​ខែ​ធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​។​

​ការមកដល់​នៃ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នា​ថ្ងៃនេះ គឺជា​ការបង្ហាញ​វត្តមាន​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា ចាប់តាំងពី​ពាន​នេះ​ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៧៤​។ កម្ពុជា​នឹង​រៀបចំ​នូវ​ព្រឹត្តិការណ៍​មួយចំនួន​ជា​ការស្វាគមន៍​នៃ​ការមកដល់​ពាន​បាល់ទាត់​ពិភពលោក​នេះ​។

​ព្រឹត្តិការណ៍​នោះ​រួមមាន​៖ ក្បួន​ដង្ហែ​ពានរង្វាន់​ពី​ព្រលាន យន្តហោះ​អន្តរជាតិ​ភ្នំពេញ មកកាន់​វិមាន​សន្តិភាព​, ពិធី​ទទួល​ស្វាគមន៍ និង​លើក​ពានរង្វាន់​ពិភពលោក ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹង​រៀបចំ​ពិធី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា និង​ថតរូប​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ចាប់ពី​ម៉ោង​ប្រហែល ១​រសៀល រហូតដល់​ម៉ោង ១០​យប់ អម​ដោយ​តន្ត្រីសម័យ​កំដរ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្តេច​ពិតជា​រីករាយ និង​មោទនភាព​ជា​ខ្លាំង ចំពោះ​ការបានទទួល​ស្វាគមន៍​ចំពោះ​ដំណើរ​មក​ដល់​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ​។​
​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ព្រះរាជា​ណា​ច្រកម្ពុជា​មាន​កីឡាករ កីឡា​ការិនី ដែល​បាន​ទទួល​នូវ​ការបណ្តុះបណ្តាល​ជំនាញ​កីឡាបាល់ទាត់​តាម​ក្លឹប​បាល់ទាត់​នានា​ចំនួន​ប្រមាណ ២,០០០ នាក់ និង​មាន​ប្រមាណ​ជាង ៣,០០០ នាក់ ជា​ក្រុមបាល់ទាត់​មហាជន លេង​ដើម្បី​សប្បាយរីករាយ និង​សុខភាព ។

​ដោយឡែក អ្នកគាំទ្រ​កីឡាបាល់ទាត់​កម្ពុជា​មាន​ប្រមាណ​ជាង ១០ ម៉ឺន​នាក់ ។ សម្តេច​តេជោ​បាន​បន្តថា ពានរង្វាន់​បាល់ទាត់​ពិភពលោក​នា​ពេល​នេះ ក៏​ជា​សក្ខីភាព​បង្ហាញ​ពិភពលោក និង​អ្នកគាំទ្រ​បាល់ទាត់​ជាង ៣,០០០ លាន​នាក់ អំពី​សុខសន្តិភាព និង​សក្តានុពល​ជាតិ ដែល​ប្រជាជន​កម្ពុជា​បាន និង​កំពុង​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​ជាមួយ​នឹង​ជីវភាព​កាន់តែ​ល្អប្រសើរ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ។ ទន្ទឹមនេះ ព្រឹត្តការណ៍​ដង្ហែ​ពានរង្វាន់​បាល់ទាត់​ពិភពលោក ប្រព្រឹត្ត​ទៅ​ស្របពេល​ដែល​កម្ពុជា​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏​មាន​កម្មវិធី​ប្រកួត​កីឡា​បាល់ទាត់​នេះ​ផងដែរ ។

​ក្នុង​ឱកាស​ដ៏​សប្បាយរីករាយ​នេះ សម្តេច​តេជោ សូម​អោយ​អ្នក​ស្នេហា​វិស័យ​កីឡា​លើ​ពិភពលោក​ចូលរួម​អបអរសាទរ និង​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​លើក​ទី ១ របស់​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​ជា​អន្តរជាតិ​ដ៏​ធំ​ក្នុង​តំបន់ គឺ ស៊ី​ហ្គេម អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។​

​សម្តេច​តេជោ​បានប្រសាស​ន៍​បន្តថា សម្រាប់​ឆ្នាំ ២០២២ នេះ ក្នុងនាម​សម្តេច​ជា​ប្រធាន​អាស៊ាន សម្តេច​ចង់​ឃើញ​អាស៊ាន​មាន​ចក្ខុវិស័យ​និង​ផែនការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ ផ្ទះ​ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក (FIFA World Cup) នៅ​ឆ្នាំ ២០៣៤ ឬ ២០៣៨ ដែល​សម្តេច​នឹង​ពិនិត្យមើល​លទ្ធភាព​ស្នើសុំ​ឱ្យ​បណ្តា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​គាំទ្រ និង ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​ឱ្យ​ក្លាយជា​ការពិត ។

​ទន្ទឹមនេះ អាស៊ាន​គួរ​ពិចារណា​លើ​ការ​ដាក់​បេក្ខភាព​ដេញថ្លៃ សម្រាប់​ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បី​បំពេញ​បន្ថែម​គុណ​តម្លៃ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡា​ក្នុង​សហគមន៍​អាស៊ាន​ឱ្យ​កាន់តែ​រឹងមាំ ជាមួយ​ភាពសុខដុមរមនា​រវាង​បណ្តា​ប្រទេស​ជា​សមាជិក​តាម​រយៈ​ការ​ទាញយក​កម្លាំង​សេដ្ឋកិច្ចពិភពលោក មក​បំពេញ​ការខ្វះខាត​របស់​អាស៊ាន​ពី​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ដ៏​មាន​ឥ​ទិ្ធ​ពលនេះ ។​

​សម្តេច​តេជោ សូម​ថ្លែងអំណរគុណ​ដល់ សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក (FIFA) និង ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ជ្រើសរើស​ប្រទេស​កម្ពុជា ដើម្បី​ទទួល​លើក ពានរង្វាន់​បាល់ទាត់​ពិភពលោក និង សូម​កោតសរសើរ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​សហការ​រៀបចំ​កម្ម​វិធី​នេះ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកស្ទួយ​កិត្តិយស​ជាតិ តាមរយៈ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​៕