ភ្នំពេញ​មាន​សួនច្បារ​សាធារណៈ​ជាង​១២០​ទីតាំង លើ​ផ្ទៃដី​ជាង​១​លាន​ម៉ែត្រការ៉េ អាជ្ញាធរ​គ្រោង ជួ​ស​ ​ជុល​សួនច្បារ ៤​ទីតាំង ដើម្បី​អោយ​មាន​ពណ៌​បៃតង​គ្រប់​រដូវ​កាល​

នៅ​រាជធានី​ភ្នំពេញ មាន​សួនច្បារ​សាធារណៈ​សរុប ចំនួន​ជាង​១២០​ទីតាំង លើ​ផ្ទៃដី​ជាង​១​លាន​ម៉ែត្រការ៉េ ហើយ​ជា​គម្រោង រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​និង​ជួសជុល​ការ៉ូឡា​បាក់បែក ដាំ​ជួស​ដើមឈើ ស្មៅ និង​ផ្កា​ដែល​ងាប់​នៅ​សួនច្បារ​ចំនួន ០៤ ទីតាំង ដើម្បី​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ និង​ម្យ៉ាងទៀត​ដើម្បី​ទុក​ជា​កន្លែង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ​ដើម្បី​សុខភាព​ផងដែរ​។​

​លោក ស៊ូ សាវ៉ន ប្រធាន អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា​នេះ​ថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួង ស្រេង​ជា​អភិបាល បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ លើ​ការកែលម្អ​សួនច្បារ​នានា នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​សួនច្បារ​មិន​ត្រឹមតែ​ជា​កន្លែង​ទាក់ទាញ​នូវ​ភ្ញៀវ​ជាតិ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​មួយ សម្រាប់​ប្រជាពលរដ្ឋ ហាត់ប្រាណ ហើយ​ការ​ហាត់ប្រាណ​នេះហើយ ជា​ឱសថ​ដ៏​សក្កិសិទ្ធ ក្នុង​ការព្យាបាល​ជម្ងឺ​គ្រប់​ប្រភេទ​។​

​លោក ស៊ូ សាវ៉ន បាន​បញ្ជាក់​អោយដឹង​ទៀត​ថា​៖ សួនច្បារ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ មាន​សរុប ចំនួន​១២១ ទីតាំង ស្មើនឹង ១ ០០៤ ២៣៣ ម៉ែត្រការ៉េ ហើយ​សំរាប់​ឆ្នាំ​២០២២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មាន​គម្រោង​ជួសជុល​ការ៉ូឡា​បាក់បែក ដាំ​ជួស​ដើមឈើ ស្មៅ និង​ផ្កា​ដែល​ងាប់​នៅ​សួនច្បារ​ចំនួន ០៤ ទីតាំង ក្នុងនោះ​រួមមាន​៖
​សួនច្បារ​វិមានឯករាជ្យ ,​សួនច្បារ​មុខ​វត្ត​បទុម​វ​តី​, សួនច្បារ​ឆ្នេរទន្លេ និង​សួន​វិមាន​ឈ្នះ​ឈ្នះ​។​

​លោក​បាន​បន្តថា អង្គភាព​សួនច្បារ​និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​ថែទាំ សួរ​ច្បារ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រក្សាបាន​នូវ​ពណ៌​បៃតង​ទាំង​ខែប្រាំង​និង​ខែវស្សា ។ បន្ថែម​ពីលើ​នេះ​ទៀត ការថែទាំ​ដើមឈើ ការកាប់​លះ​ដើមឈើ ការដក​ដើមឈើ​ដែល​ងាប់​ចេញ ដាំ​ថ្មី ជំនួស​នៅតែ​បន្តធ្វើ​សកម្មភាព​រហូត​៕