​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ក្រុង​ពាលី សូត្រមន្ត ត្រៀម​អបអរសាទរ​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​រំដោះ​ជាតិ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម​X16

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​សូត្រមន្ត ត្រៀម​អបអរសាទរ ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និង​សម្ពោធ​សមិទ្ធផល​នានា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម​X16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​ពិធី​នេះ​ដែរ​មាន​ការចូលរួម​ពី​សំណាក់​តាម​បណ្តា​អង្គភាព រាជធានី​-​ខេត្ត មួយចំនួន​ដែល​មាន​ការពាក់ព័ន្ធ​។​

​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ការពារ​ព្រំដែន​វៀតណាម ដើម្បី​ត្រៀម​រៀបចំ​ខួប​លើក​ទី​៤៥ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា​២០២២) និង​សម្ពោធ​សមិទ្ធផល​នានា នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X16 ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​

​តាម​ការគ្រោងទុក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ផាម មី​ញ​ជើង នាយករដ្ឋមន្ត្រី​វៀតណាម នឹង​អញ្ជើញ​ប្រារព្ធ​ខួប​៤៥​ឆ្នាំ នៃ​ដំណើរ​តស៊ូ​រំដោះជាតិ នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម នា​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២២​ខាងមុខនេះ​។ ដំណឹង​នេះ ត្រូវបាន​ប្រកាស​ដោយ​ស​ម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ ជូន​សិស្សសាលា​ភូមិន្ទ​រដ្ឋបាល​ជាង ២​ពាន់​នាក នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២២​។​

​ពិធី​រំលឹក​ខួប​លើក​ទី​៤៥ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) នឹង​ត្រូវ​ធ្វើ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​យោធា​តេ​ជោកោះ​ថ្ម X-16 ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ តំបន់​កោះ​ថ្ម ចំណុច​អាង​ដាច់ X16 គឺជា​ចំណុច​នៃ​ការចាប់ផ្ដើម​ដំណើរ​តស៊ូ​រំដោះជាតិ របស់​សម្ដេច​តេជោ ហ៊ុន សែន ឆ្ពោះទៅ​កាន់​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០)៕