​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចោទសួរ​អ្នក​ប្រតិកម្ម​រឿង​តុលាការ​កាត់ទោស «​សេង ធា​រី​» ពី​ការអនុវត្តន៍​ស្តង់ដារ «​សេរីភាព​នៃ​ការបញ្ចេញមតិ​»

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ចោទ​ជា​សំណួ​រល់​ការអនុវត្ត​ស្តង់ដារ «​សេរីភាព​នៃ​ការបញ្ចេញមតិ​» ទៅកាន់​បណ្តា​ប្រទេស និង​អង្គការ​សិទ្ធិមនុស្ស​ដែល​បាន​ប្រតិកម្ម​រឿង​តុលាការ​កម្ពុជា កាត់ទោស​កញ្ញា សេង ធា​រី ខ្មែរ​មាន​សញ្ជាតិ​អាមេរិក ឱ្យ​ជាប់​ពន្ធនាគារ​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២២ កន្លងទៅនេះ កញ្ញា សេង ធា​រី ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់ បង្កឱ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ការចោទប្រកាន់​នេះ​កើតមាន​ឡើង​បន្ទាប់​តុលាការ​បាន​រកឃើញថា កញ្ញា សេង ធា​រី ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាមរយៈ «​ផែនការ ៩​វិច្ឆិកា​» រៀបចំ​ដោយ​ទណ្ឌិត សម រង្ស៉ី មេ​ចលនា​ឧទ្ទាម​ក្រៅច្បាប់​។​

​ក្រោយ​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង គេ​ឃើញ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បង្ហាញ​ការ​ប្រតិកម្ម​មុនគេ បន្ទាប់​មក​បណ្តា​ប្រទេស​លោកខាងលិច និង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន ក៏​បាន​ចេញមក​ប្រតិកម្ម​ជា​បន្តបន្ទាប់​ផងដែរ​។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​របស់​ខ្លួន​នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហាក់​មិន​មាន​អ្វី​ចម្លែក​ចិត្ត​នោះ​ឡើយ​ចំពោះ​ការ​ប្រតិកម្ម​ទាំងនេះ ព្រោះ​ជា​ការ​ប្រតិកម្ម​ដូចដែល​លោក​បាន​គិត​ទុកជាមុន​។​

«​ដូច​បាន​និយាយ​ពី​មុន​អ៊ីចឹង​! គ្រាន់តែ​តុលាការ​កម្ពុជា​កាត់ទោស​កូនជឹង​គេ​ភ្លាម លោក​ច្រមុះ​ស្រួច អង្គការ​ច្រមុះ​ស្រួច និង​អង្គការស៉ី​លុយ​ពី​ច្រមុះស្រួច ស្រែក​ខ្ទរខ្ទារ​ពី​រឿង​សេរីភាព នៃ​ការបញ្ចេញមតិ​»​។ នេះ​ជា​ការ​គូស​រំលេច​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​។​

​តប​នឹង​ប្រតិកម្ម​របស់​ក្រុម​ប្រទេស​តាំងខ្លួន​ជា​បិតា​ប្រជាធិបតេយ្យ គោរព​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នេះ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ឆ្លៀត​រំលឹក​ពី​សំណួរ​របស់​លោក ដែល​បាន​ចោទសួរ​ទៅ​ប្រទេស​ទាំងអស់​នោះ ជុំវិញ​ការអនុវត្តន៍​វិធានការ​របស់​ពួកគេ​លើ​បណ្តាញ​ផ្សព្វផ្សាយ​របស់​ប្រទេស​រុស្ស៉ី ក្រោយ​កើត​មាន​សង្គ្រាម​រវាង​រុស្ស៉ី និង​អ៊ុ​យក្រែន​។​

​លោក​រដ្ឋមន្ត្រី​បាន​រំលឹក​ដូច្នេះ «​តែ​ពួកគាត់​ធ្វើ​មិនដឹង​ពី​សំណួរ​ដែល​ខ្ញុំ​សួរ​កាលពី​ជាង ៩០​ថ្ងៃ​មុន​ថា ហេតុ​អី​គាត់​បិទ Russia Today, Sputnik និង​ដាក់​សារ​ព្រមាន​លើ​រាល់​ការផ្សាយ​នានា​របស់​រុស្ស៉ី ចាប់តាំងពី​មាន​សង្គ្រាម​រុស្ស៉ី​-​អ៊ុ​យក្រែន មក​?»​។​

​ពាក់ព័ន្ធ​សង្គ្រាម​រុស្ស៉ី និង​អ៊ុយ​ក្រែន​នេះ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើកឡើង​ថា កម្ពុជា​ប្រឆាំង​ការវាយលុក​របស់​រុស្ស៉ី ទៅលើ​អ៊ុ​យក្រែន ឈរលើ​គោលការណ៍​ដែល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានលើកឡើង គឺ​កម្ពុជា​ប្រឆាំង​រាល់​ការ​គំរាម​ប្រើ​កម្លាំង និង​ការប្រើ​កម្លាំង​ក្នុង​រាល់​ដំណោះស្រាយ​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​។​

​ដោយ​មើលឃើញ​ពី​ការអនុវត្តន៍​ដោយ​លំអៀង​ពាក់ព័ន្ធ​សេរីភាព​នៃ​ការបញ្ចេញមតិ ដែល​អាមេរិក និង​ប្រទេស​លោកខាងលិច ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន​ទន្ទេញ​រត់មាត់​នេះ លោក ខៀវ កាញារីទ្ធ បាន​លើក​ជា​សំណួរ​ថា តើ​ពួកគាត់​ប្រើ​ជញ្ជីង​តែ​មួយ​ក្នុង​រឿង «​សេរីភាព​នៃ​ការបញ្ចេញមតិ​» នេះ ឬ​យ៉ាងណា​?

​ពាក់ព័ន្ធ​ការអនុវត្តន៍​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ពី​សំណាក់​សហរដ្ឋអាមេរិក ក៏​ដូចជា​ប្រទេស​លោកខាងលិច និង​អង្គការ​សិទ្ធិមនុស្ស​នេះ តែង​មាន​ដាក់​ជា​ចម្ងល់​លើ​ស្តង់ដារ នៃ​ការអនុវត្តន៍​របស់​ពួកគេ​។ ចម្ងល់​ត្រង់​ថា នៅពេល​សមត្ថកិច្ច​របស់​ពួកគេ​អនុវត្តន៍​វិធានការ​ច្បាប់​ក្នុង​ប្រទេស​ខ្លួន ឬ​បំពាន​ដល់​ប្រទេស​ដទៃ ពួកគេ​មិន​ដែល​រំលឹក​ដល់​គោលការណ៍ សេរីភាព​បញ្ចេញមតិ ឬ​គោលការណ៍​សិទ្ធិមនុស្ស​នោះ​ឡើយ​។ ផ្ទុយទៅវិញ ក្រុម​ប្រទេស​នេះ តែងតែ​ដើរ​វ៉ៃ​ត្រា​កំណត់​ពី​ការអនុវត្តន៍​វិធានការ​ច្បាប់​នៅ​តាម​បណ្តា​ប្រទេស​នានា ដែល​មិន​ដើរ​តាម​ពួកគេ​។​

​តាមរយៈ​កាយវិការ​ទាំងនេះ នាំឱ្យ​មាន​ការ​មើលឃើញ​ថា រង្វាយ​តម្លៃលើ​សេរីភាព​បញ្ចេញ​មតិ​របស់​ពួកគេ​មិន​មាន​ស្តង់ដារ​ជា​សាកល​នោះឡើយ​៕