​ក្រសួង​សុខាភិបាល និង WHO មើលឃើញថា ការជំរុញឲ្យ​ប្រជាពលរដ្ឋ​ដឹង​អំពី​ជំងឺ​ដង្កាត់​ផ្សេងៗ នៅតែ​ជា​កត្តា​សំខាន់​ចាំបាច់​សម្រាប់​ការចូលរួម​របស់​សហ​គ​មន៍

ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា (WHO) បាន​មើលឃើញ​ដូច​គ្នា​ថា ការជំរុញឲ្យ​ប្រជា​ពលរដ្ឋយ​ល់​ដឹង​អំពី​ជំងឺ​ដង្កាត់​ផ្សេងៗ ទាំង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង នៅតែ​ជា​កត្តា​សំខាន់​ចាំបាច់​សម្រាប់​ការចូលរួម​របស់​សហ​គ​មន៍​។​

​នេះ​ជា​ការលើកឡើង​របស់​លោក​ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍ និង​គ្រប់គ្រង​ក្រប​ខណ្ឌ​អនុវត្ត​ការជំរុញ​បង្កើន​ការងារ​ថែទាំ​សុខភាព​បឋម «​ក​.​ជ​.​ថ​.​ស​.​ប​» និង​លោកស្រី លី អាយ​លែ​ន តំណាង WHO នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២​នេះ ក្នុង​បិទ​កម្មវិធី​សិក្ខាសាលា​តម្រង់​ទិស​ស្ដីពី​ការចូលរួម​របស់​សហ​គ​មន៍​ក្នុង​ការតាមដាន​ជំងឺ​កូវី​ដ​-១៩ ជំងឺ​ផ្ដាសាយ និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងៗ នៅ​ខេត្ដ​កំពង់ធំ​។​

​សិក្ខាសាលា​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥-១៦ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត តំណាង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៃ​រដ្ឋបាល​ខេត្ត​សៀមរាប ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ធំ ប្រធាន​ការិយាល័យ​បង្ការ និង​គ្រប់គ្រង​ជំងឺ ប្រធាន​ផ្នែក​លើកកម្ពស់​សុខភាព​ខេត្ត ប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ ប្រធាន​លើកកម្ពស់​សុខភាព​ការិយាល័យ​ស្រុក​ប្រតិបត្តិ និង​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ (RRT)​។​

​លោកស្រី ឱ វណ្ណឌី​ន បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កម្ពុជា​គ្រប់គ្រង​បាន​នូវ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ដោយ​ក្នុង​រយៈពេល​មួយ​ខែ​កន្លងមក តាម​របាយការណ៍​របស់​ក្រសួង​សុខាភិបា​ល បានបង្ហាញ​ថា មិន​មាន​ករណី​ឈឺ និង​មិន​មាន​ករណី​ស្លាប់​នោះ​ឡើយ​។ ផ្អែកលើ​បទពិសោធន៍​នៃ​ការគ្រប់គ្រង និង​ការឆ្លើយតប​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ឲ្យឃើញថា ការចូលរួម​របស់​បណ្តាញ​សហគមន៍ នៅក្នុង​ការអនុវត្តន៍​វិធានការ​ការពារ​ការចម្លង​ជំងឺ​នានា គឺជា​ចំណុច​សំខាន់​ក្នុង​ការចូលរួមចំណែក​សម្រេចបាន​ជោគជ័យ​នូវ​កិច្ចការ​ឆ្លើយតប​ទៅ​នឹង​ជំងឺ​កូវ​ពី​ដ​-១៩​នេះ​។​

​មកដល់ពេលនេះ ទោះបី​គ្រប់គ្រង​ជំងឺ​កូវី​ដ​-១៩ បាន​ក្តី តែ​ក៏​មិនទាន់​មាន​សុវត្ថិភាព​ពី​ជំងឺ​កូវី​ដ​-១៩ បាន​១០០​ភាគរយ នោះទេ គឺ​អាស្រ័យ​ទៅលើ​ការយល់ឃើញ និង​ឥរិយាបថ​របស់​ប្រជាជន ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដូច​ជា​ការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ការតាមដាន​ឃ្លាំមើល​ស្ថានភាព​នៃ​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ជំងឺឆ្លង​ផ្សេងៗ​ទៀត ក្នុង​សហគមន៍​រៀងៗ​ខ្លួន និង​ការរាយការណ៍​ដើម្បី​ឲ្យមាន​ការឆ្លើយត​ប​ទាន់ពេលវេលា ការតាមដាន​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ ក៏​ដូច​ជា​ជំងឺ​ផ្សេងៗ មិន​អាច​ធ្វើ​ដោយ​មន្ត្រី​សុខាភិបាល​តែ​មួយ​ទេ ការតាមដាន​តាម​ប្រភព​ចម្រុះ មាន​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ វត្ត​អា​រ៉ា​ម សាលារៀន និង​ប្រជាជន​ក្នុងភូមិ នឹង​ជួយ​ឲ្យ​ឆាប់​ដឹង​អំពី​បញ្ហា​សុខភាព​នៅ​ក្នុង​ភូមិ​បាន​លឿន និង​រាយការណ៍​បាន​រហ័ស​ព្រមទាំង​ឆ្លើយតប​បាន​ទាន់ពេលវេលា​។​

​បើ​តាម​លោក​ស្រី ឱ វណ្ណឌី​ន ការផ្លាស់ប្តូរ​ឥរិយាបថ​មិនមែន​ធ្វើ​ឡើង តាមរយៈ​តែ​ការបណ្ដុះបណ្ដាល​ទេ តែ​សកម្មភាព​សំខាន់ និង​ចាំបាច់ គឺ​សកម្មភាព​នៅ​នឹង​សហគមន៍ ដែល​តម្រូវ​ឲ្យ​សហគមន៍យ​ល់​ពី​សារៈប្រយោជន៍​នៃ​ការរក្សា​សុខភាព តាមដាន​សុខភាព​ក្នុង​គ្រួសារ និង​ក្នុងភូមិ ព្រមទាំង​ស្វែងរក​ព័ត៌មាន​ត្រឹមត្រូវ​។ សកម្មភាព​ក្នុង​សហគមន៍ ដែល​ដឹកនាំ​ដោយ​សហគមន៍​ពិតជា​មាន​សារៈសំខាន់ ដូច​ជា​វេទិការ សហគមន៍​អប់រំ​ផ្សព្វផ្សាយ​ការចុះ​តាមដាន​គាំទ្រ ដល់​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ តាមរយៈ​គណៈកម្មាការ​គ្រប់គ្រង​មណ្ឌល​សុខភាព (HCMC) និង​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ (​គ​.​ក​.​ន​.​ក​) ដើម្បី​ស្វែងរក​អ្វី​ដែល​ជា​បញ្ហា និង​តម្រូវការ​របស់​សហគម​ន៍ ហើយ​កត្តា​អ្វីខ្លះ​ដែល​ប្រជាជន​ក្នុង​គ្រួសារ​ន​ទីមួយៗ​ក្នុងភូមិ​ទាំងមូល​អាច​ធ្វើបាន​ដើម្បី​សុខភាព ជាពិសេស​អាច​ជួយ​ដល់​ក្រុម​ងាយ​រងគ្រោះ​នៅក្នុង​គ្រួសារ និង​ក្នុងភូមិ​បាន​។​

​ជាមួយគ្នានេះ លោកស្រី លី អាយ​លែ​ន បាន​មើលឃើញ​ដែរ​ថា ការពង្រឹង​ការចូលរួម​របស់​សហ​គ​មន៍​នៅ​ក្នុង​ការថែទាំ​សុខភាព​បឋម គឺជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ការ​ជំងឺ​ផ្សេងៗ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។ តម្រូវការ​សម្រាប់​ការថែទាំ​ប​ឋ ត្រូវ​កាត់បន្ថយ​នៅ​ពេល​មាន​ជំងឺ​កាន់តែ​តិចជាង​មុន និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​។​

​លោក​ស្រី​ថា ការពង្រឹង​ការចូលរួម​របស់​សហ​គ​មន៍ រួមបញ្ចូល​ទាំង​ការអនុវត្ត​តាម​វិធានការ​ការពារ និង​បង្ការ ការកែលម្អ​ការប្រាស្រ័យ​ទាក់ទង ការសម្របសម្រួល និង​ការរាយការណ៍​ប្រសើរឡើង រវាង​អាជ្ញាធរ​សុខាភិបាល និង​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព និង​អ្នកគ្រប់គ្រង​។ ចំណេះដឹង និង​ទិន្នន័យ គួរតែ​ត្រូវបាន​ចែករំលែក​ដើម្បី​ធ្វើការ​វាយតម្លៃ​ផលប៉ះពាល់​នៃ​សេវា​ថែទាំ ដែល​ផ្តោត​ទាំង​លើ​បុគ្គល និង​ប្រជាជន​ទូទៅ អំពី​សុខភាព​។ មុខងារ​អង្កេត​តាមដាន​ជំងឺ​នៅ​កម្រិត​ថែទាំ​បឋម គួរតែ​ត្រូវ​ពង្រឹង​បន្ថែម និង​ផ្សារភ្ជាប់​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន​ជាមួយ​នឹង​ការអង្កេត​តាមដាន​ជំងឺ​នៅ​កម្រិត​សុខភាព​សាធារណៈ​។​

​អង្គការ​សុខភាព​ពិភពលោក មាន​សេចក្តីសោមនស្ស​រីករាយ ក្នុង​ការផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចខិតខំ​ប្រឹងប្រែង​មាន​ស្រាប់​ដែល​បាន​និង​កំពុង​ជំរុញ​ឲ្យមាន​ការចូល​រួម​របស់​សហគមន៍ ទាំងអស់គ្នា យើង​មាន​គោលដៅ​អភិវឌ្ឍ​ប្រព័ន្ធ​មួយ​ជា​របស់​សហគមន៍ ដែល​មាន​និរន្តរភាព សម្រាប់​ជំរុញ​ការចូលរួម និង​ផ្តល់​អំណាច​ដល់​បុគ្គល គ្រួសារ​

​និង​សហគមន៍​ដើម្បី​រៀនសូត្រ សម្រប​ខ្លួន និង​អនុវត្ត​វិធានការ​ការពារ​បាន​ត្រឹមត្រូវ​ឈានទៅ​ទប់ស្កាត់​កុំឲ្យ​មាន​ការ​ចម្លងជំងឺ​កូវី​ដ​១៩ និង​ជំងឺ​ផ្លូវដង្ហើម​ផ្សេងទៀត​។​

​បន្ថែម​ពី​នេះ លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​សហការី ជាពិសេស​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​សហការ​ជាមួយ​ក្រសួង​សុខាភិបាល គាំទ្រ​ទាំង​បច្ចេកទេស និង​ថវិកា​សម្រាប់​ដំណើរការ​សិក្ខាសាលា ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ជួយ​ដល់​ការងារ​ថែទាំ​សុខភាព​បឋម​នាពេល​បច្ចុប្បន្ន​កាន់តែ​មាន​ភាពងាយស្រួល ច្បាស់លាស់ និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​សម្រាប់​និរន្ត​ភាព​នៃ​ការអនុវត្តន៍​ជំរុញ បង្កើន​ការថែទាំ​សុខភាព​បឋម​នាពេល​អនាគត​៕