ស្ត្រី​មេម៉ាយ​និង​កូនស្រី​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ខ្ទេច​ទាំងស្រុង​អំពាវនាវ​សប្បុរសជន​ជួយ​សង់​លំនៅដ្ឋាន​ដើម្បី​បាន​រស់នៅ​សមរម្យ​

ខេត្ត​កំពង់ឆ្នាំង ៖ ក្រោយពី​ទទួល​ព័ត៌មាន​ស្ដីអំពី​ស្ត្រី​មេម៉ាយ​ម្នាក់​រស់​ជា​មួយ​កូនស្រី ត្រូវបាន​អគ្គិភ័យ​ឆេះ​ផ្ទះ​ខ្ទេច​ទាំងស្រុង​កាលពី​រាត្រី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ ២០២២ បាន​អំពាវនាវ​រក​សប្បុរស​ជន​ជួយ​សាងសង់​លំនៅដ្ឋាន​ដែល​ជា​ជម្រក​ស្នាក់នៅ និង​ស្បៀងអាហារ​ផង​នោះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ពី​ក្រុម​អ្នកសារព័ត៌មាន​ដើម្បី​មនុស្សធម៌​ខេត្ត​កំពង់ឆ្នាំង បាន​កៀងគរ រក​សប្បុរសជន​បាន​ថវិកា និង​កង់​ជិៈ ទៅ​ផ្ដល់ជូន​ស្ត្រី​ខាងលើ ដែល​កំពុង​រស់នៅ​ក្នុង ភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី​ស្រុក​រលាប្អៀរ ។​

​បើ​តាម​ការបញ្ជាក់​របស់​ស្ត្រី ឈ្មោះ អ៊ិល ចិន្តា អាយុ​៤៥ ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ​រងគ្រោះ ដោយ​អគ្គីភ័យ​ឆេះ​ផ្ទះ កំពុង​រស់នៅ​ជាមួយ​កូនស្រី ឈ្មោះ ឌន ឌី​ណា អាយុ​១៥​ឆ្នាំ បាន​រៀបរាប់ ពី​ប្រវត្តិ​សង្ខេប​ថា​៖ រូបគាត់​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម ។​កាលពី​ជាង​១៥​ឆ្នាំមុន ពេល​គាត់​មក​ធ្វើការ​នៅ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្ដី និង​កូនស្រី​ម្នាក់ មាន​ទីលំនៅ​ផ្សារ​ព្រៃ​ខ្មែរ ស្រុក​រលាប្អៀរ ។ នៅពេល​កូនស្រី​អាយុ​៣​ឆ្នាំ គាត់​ក៏​បាន​បែកបាក់ លែង​គ្នា​ជាមួយ​ប្ដី ហើយ​បាន​យក​កូនស្រី​អាយុ​៣​ឆ្នាំ មក​រស់នៅ​ជាមួយ​បងប្អូន នៅ​ភូមិ​ព្រៃ​មាន់ ក្រោយមក ក៏​បាន​ប្ដី​ម្នាក់ទៀត​ឈ្មោះ ចាប គឹម​សាន ។ ចាប់តាំងពី​បាន​គ្នា​ជា​ប្ដី​ប្រពន្ធ​រស់នៅ​រហូត​ជាង​១០ ឆ្នាំ គឺ​ពេលដែល​កូនស្រី​គាត់​អាយុ​បាន​១៥ ឆ្នាំ ក៏​កើត​រឿង​ទំនាស់​នឹង​គ្នា ស្ទើ​រាល់ថ្ងៃ ពី​រឿង​ពេល​ប្ដី​ក្រោយ ឲ្យតែ​ស្រវឹង​វាយ​ធ្វើបា​បកូនស្រី​គាត់ ទើប​ពួកយើង​លែងលះគ្នា កាលពី​ជាង​ជាង ១ ខែ​មុន ។ ក្រោយ​លែងលះគ្នា រូបគាត់ និង​កូនស្រី មិន​ហ៊ាន ដេក​នៅផ្ទះ ទេ បាន​មក​ដេក​នៅផ្ទះ​បងប្អូន ដែល​មានរ​បង​ជាប់​គ្នា​។ នៅ​យប់​ថ្ងៃកើតហេតុ គឺ​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ ២០២២ វេលា​ម៉ោង​ប្រមាណ​៩ និង​៣០ នាទី​យប់ ស្រាប់តែ​មាន អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​របស់​គាត់ ដែល​មាន​ទំហំ ៤ ម៉ែត្រ​កន្លះ គុណ​នឹង ៦ ម៉ែត្រ ខ្ទេច​ទាំងស្រុង​គ្មាន​សេសសល់​អ្វី​ឡើយ សូម្បី​តែ​កង់​កូនស្រី​ជិះ​ទៅ​រៀន និង​កង់​របស់​គាត់​ជិះ​ទៅ​ធ្វើការ (​គាត់​ជា​អ្នក​អនាម័យ​នៅ​ក្រុមហ៊ុន​ទូរ​សព្ទ​មួយ​) ក៍​ត្រូវ​ឆេះ​ខ្ទេច​អស់​ដែរ គ្មាន​សេសសល់​អ្វី​ឡើយ ដោយហេតុនេះ​ហើយ​រូបគាត់​សូម​អំពាវនាវ​ដល់​បង​ប្អូន​សប្បុរសធម៌ ទាំងអស់ សូមមេត្តា​ជួយ​ឧបត្ថម្ភ កសាង​ជម្រក​ស្នាក់​នៅ​ឲ្យ​គាត់​រស់នៅ​ជាមួយ​កូនស្រី​បាន​វិញ​ផង​។​

​បើ​តាម​ការបញ្ជាក់​របស់លោក ពៅ ថា​រិន ដែល​ជា​មេភូមិ​ព្រៃ​មាន់ ឃុំ​ស្រែ​ថ្មី ស្រុករ​លា​ផ្អៀ​បានឲ្យដឹងថា ឈ្មោះ អ៊ុល ចិន្តា បាន​ប្ដី​និង​រស់នៅ​លើ​ទឹកដី​ភូមិ​ព្រៃ​មាន់​នេះ​ជាង​១០ ឆ្នាំ​ហើយ ដោយ​បាន​ចុះបញ្ជី​ស្នាក់នៅ​ត្រឹមត្រូវ​។​ក្រោយពេល​អគ្គីភ័យ​កើតឡើង​គឺ​មាន​សប្បុរសជន​មក​ជួយ​ជា​បន្តបន្ទាប់ ដូចជា​ស្បៀងអាហារ​និង​ថវិកា​មួយចំនួន ប៉ុន្តែ​មិន​ទាន់​បាន​ជម្រក​ស្នាក់នៅ​សមរម្យ​នោះឡើយ ក្នុងនាម​លោក​ជា​អាជ្ញាធរ​ភូមិ​សូម​ចូលរួម អំពាវនាវ​ដល់​សប្បុរ​សជន​សូម​ជួយ​ឧបត្ថម្ភ​ជា​សម្ភារៈ ថវិកា​សម្រាប់​ការសាងសង់​ជម្រក​ស្នាក់​នៅ​ឲ្យ​ស្ត្រី​ខាងលើ​រស់នៅ​បាន​សមរម្យ ។​

​សូមបញ្ជាក់​ថា​៖ នៅ​ព្រឹក​ថ្ងៃទី ១៦ ខែមិថុនា ២០២២​នេះ ក្រុម​ការ​ក្រុម​អ្នកសារព័ត៌មាន​ដើម្បី​មនុស្សធម៌ បាន​នាំយក​នូវ​កង់​មួយគ្រឿង សម្រាប់​អោយ​ក្មួយ​ស្រី ឌន ឌី​ណា បានជិៈទៅ​រៀន ដោយឡែក ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ឋ អភិបាលខេត្ត​កំពង់ឆ្នាំង តាមរយៈ​អ្នកសារព័ត៌មាន​នឹង​ផ្តល់​ថវិការ ចំនួន​១​លាន​រៀល ជូន​ស្ត្រី​រងគ្រោះ​ខាងលើ​នេះ​ផង​ដែរ​៕