​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​ប្រទេស​វៀតណាម ដើម្បី​រំឭក​អនុស្សាវរីយ៍​កាលពី​៤៥​ឆ្នាំមុន​

នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២​នេះ ដែល​ជា​ថ្ងៃ​រំឭក​ខួប​៤៥​ឆ្នាំ នៃ​ទិវា​ចងចាំ​ដំណើរ​ទៅ​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០​មិថុនា​១៩៧៧-២០​មិថុនា ២០២២) ។ មុន​ពេល​នៃ​ពិធី​ប្រារព្ធ​ខួប​អបអរសាទរ​ខួប​លើក​ទី​៤៥​ឆ្នាំ ទិវា​នៃ​ការចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តួល​រលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នោះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​សំខាន់ៗ បាន​អញ្ជើញ​ធ្វើដំណើរ​ឆ្លងកាត់​ពី​ទឹកដី​កម្ពុជា​នៅ​ខេត្ត​ត្បូងឃ្មុំ​ទៅ​កាន់​ទឹកដី​នៃ​ប្រទេស​វៀតណាម ដើម្បី​រំលឹក​អនុស្សាវរីយ៍​ដ៏​ជូរចត់​កាលពី​៤៥ ឆ្នាំមុន ក៏​ដូចជា​បាន​ជួប​ជាមួយ​នឹង​បងប្អូន​ប្រជាជន​វៀតណាម​ដែល​កន្លងមក​ធ្លាប់​មាន​អនុ​ស្សាវ​រីយ៏ជាមួយ​សម្ដេច ក្នុង​កាលៈទេសៈ​ដែល​សម្ដេច​ត្រូវ​យក​ជីវិត​ធ្វើ​ជា​ដើមទុន ដើម្បី​កៀងគរ​កងទ័ព​មក​រំ​ដោះ​ប្រជាជន​កម្ពុជា​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។

​នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោបាន​រំលឹក​អំពី​អនុស្សាវរី​យ៍របស់​សម្ដេច​ក្នុង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ទឹកដី​កម្ពុជា​មក​ដល់​ប្រទេស​វៀតណាម​នេះ ដើម្បី​គៀងគរ​កម្លាំង​ក្នុងការ​រំដោះប្រជាជន​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​ថា​របប ប៉ុល ពត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំឭក​អនុស្សាវរីយ៍ ថា បាយ មួយ ពេល ដែល​ប្រជាជន​វៀតណាម​បាន​ផ្តល់​ជូន​សម្តេច និង សម​មិត្ត ដ៏ ស្មោះស្ម័គ្រ ចំនួន ៤​រូប ផ្សេង ទៀត កាល ពី ៤៥​ឆ្នាំមុន ប្រៀប​បាន​ដូច​ជា​អង្ករ​រាប់លាន​តោន​នា​ពេល​សព្វថ្ងៃ​នេះ ខណៈ បាយ មួយ ពេល នោះ ពិត ជា​មាន​គុណបំណាច់​ដ៏​ធំធេង​ដល់​សម្តេច​ក៏​ដូចជា​ប្រជាជន​កម្ពុជា​ទាំងមូល​ផងដែរ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា សម្តេច និង​យុទ្ធ​មិត្ត​ចំនួន​បួន​រូប​ទៀត នា ពេល នោះ គឺ ពិត ជា​មាន​ការប្រថុយប្រថាន និង​សង្ឃឹម មាន ជីវិត​តិចតួច​ណាស់ ខណៈ ដំណើរ ដ៏ គ្រោះថ្នាក់ នោះ គឺ មាន​គោលបំណង​ចង់​បាន​កម្លាំង​របស់​ប្រទេស​វៀតណាម មក សង្គ្រោះ កម្ពុជា ឲ្យ រួច ផុត ពី កណ្តាប់ដៃ​ពិឃាត ដ៏​ឃោ​ឃៅរ​បស់ ប៉ុល ពត​នោះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​ទីតាំង​កោះ​ថ្ម «X16» ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នេះ គឺជា​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​បំផុត ហើយ តំបន់ នេះ បាន សាងសង់​នូវ​សំណង់​មួយ​ចំនួន​រួចរាល់​ហើយ​ដូចជា សាលា​ដំណាក់​, វេទិកា​ប្រារព្ធ​ពិធី ,​ស្រះ​ទឹក​, បន្ទប់​អនាម័យ​, ទីលាន​បាល់ទាត់​, ប្រព័ន្ធ​រំដោះ​ទឹក ចាក់ដី​បំពេញ​, បំពាក់ អំពូល អគ្គិសនី បំភ្លឺ ជា ដើម​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន ប្រកាស ពី គោល បំណង បើក ច្រក ព្រំដែន កម្ពុជា​-​វៀតណាម នៅ​តំបន់​កោះ​ថ្ម ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ និង ផ្លាស់ ប្តូរ ពាណិជ្ជ កម្ម រវាង ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា រយៈពេល​៤៥​ឆ្នាំ បាន​កន្លងផុត ជាមួយ នឹង កិច្ច ការ ជា ច្រើន បាន វិវឌ្ឍន៍ រវាង ប្រទេស​ទាំង​ពីរ ដោយ​ចំណងមិត្តភាព​កាន់តែ​ស៊ីជម្រៅ និង​បាន​ធ្វើ​កិច្ចការ ជា ច្រើន ដែល ជា ផល ប្រយោជន៍​កម្ពុជា​-​វៀតណាម ។ សម្ដេច​តេជោ បាន​បន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ត​ភ្ជាប់​នៅ​តំបន់​កោះ​ថ្ម ក៏​ត្រូវ​បាន​អភិវឌ្ឍន៍ ហើយ សម្ដេច និង​នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ថ្ងៃក្រោយ ក្នុង​ពេលវេលា​សមស្រប អាច នឹង បើក ច្រក នេះ ទៅ​ជា​ច្រក​អន្តរជាតិ​មួយ ។ ការបើក​ច្រកទ្វារ​អន្តរជាតិ​នេះ ត្រូវបំពេញ ការងារ មួយ ចំនួន ទាក់ទិន​នឹង​ការកសាង​ហេដ្ឋរចនាសម្ព័ន្ធ ការបំពេញ​នីតិវិធី​ផ្ទៃក្នុង ដើម្បី​ឈាន ទៅ សម្រេច បើក ច្រក ព្រំដែន ដែល​ជា​ច្រក​ច្រក​ព្រំដែន​អន្តរជាតិ​មួយ ដែល​នឹង​ធ្វើ ឲ្យ ប្រទេស ទាំង ពីរ មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ ជាមួយនឹង​ច្រក​ពាណិជ្ជកម្ម ដែល ប្រទេស ទាំង ពីរ កំពុង មាន ការ រីកចម្រើន​យ៉ាង​ខ្លាំង ។ សម្ដេច​តេជោក៏បាន​អរគុណ​ដល់​រាជរដ្ឋាភិបា​ល​វៀតណាម​ដែល​បាន​សហការ​ក្នុង​កិច្ចការងារ​នេះ​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​វៀតណាម​សម្រាប់​អនុស្សាវរីយ៍​នៅ​ពេល​កន្លងមក​។

​បន្ទាប់មក​សម្ដេច​តេជោ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ន​ក៏បាន​អញ្ជើញ​ធ្វើដំណើរ​មក​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៤៥​ឆ្នាំ​នៃ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​រក​ការ​រំដោះជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​សម្ពោធ​សមិទ្ធផល​ផ្សេងៗ​ជាច្រើន​ទៀត​៕