អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បាន​ចុះ​ធ្វើការ​ពិនិត្យ និង​ដាក់បទបញ្ជា​អោយ​ម្ចាស់​ទីតាំង​សំណង់​ខុស​ច្បាប់​រំលោភ​ចូល​ក្នុង​ព្រែក​កោះ​ប៉ោ ធ្វើការ​រុះរើ​សំណង់​ខុស​ច្បាប់​របស់​ខ្លួន​ចេញ​

កោះកុង ÷ ក្រោយ​ទទួលបាន​ព័ត៌មាន​លើ​ករណី​សាងសង់​សំណង់​រឹងមាំ​ពី​សំណាក់​បុគ្គល​ឈ្មោះ តែ ឃុន​ម៉ុង ដែល​បាន​សាងសង់​សំណង់​ខុស​ច្បាប់​រំលោភ​ចូល​ក្នុង​ព្រែក​កោះ​ប៉ោ ស្ថិតក្នុង​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ បាន​ចុះ​ធ្វើការ​ពិនិត្យ និង​ដាក់បទបញ្ជា​អោយ​ម្ចាស់​ទីតាំង​ខាងលើ ធ្វើការ​រុះរើ​សំណង់​ខុស​ច្បាប់​របស់​ខ្លួន​ចេញ ដោយ​ទុក​រយះពេល​ត្រឹម​ចុង​ខែ​មិថុនា ។​

​លោក ឈេង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បាន​បញ្ជាក់​អោយដឹង​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា នេះ​ថា លោក តែ ឃុន ម៉ុង ពិតជា​បាន​សាងសង់​សំណង់​ខុស​ច្បាប់​រំលោភ​ចូល​ព្រែក​កោះ​ប៉ោ ដោយ​គ្មាន​ការសម្របសម្រួល​ផ្តល់​លិខិតអនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ពាក់ព័ន្ធ​ឡើយ ហើយ​ខាង​អាជ្ញាធរ​បាន​ធ្វើការ​ជូន​ដំណឹង​ដល់​លោក តែ ឃុន​ម៉ុង អោយ​ធ្វើ​ការរុះរើ​សំណង់​ខុស​ច្បាប់​របស់​ខ្លួន​ចេញ​ដោយ​ខ្លួនឯង ដោយ​កំណត់​ឱសានវាទ​ត្រឹម​ចុង​ខែ​មិថុនា ករណី​ម្ចាស់​សំណង់​ខុសច្បាប់​មិន​ព្រម​អនុវត្តតាម រដ្ឋបាល​ក្រុង​និង​ចាត់វិធានការ​ផ្លូវច្បាប់ ស្នើរ​សុំ​និតិ​វិធី​រុះរើ និង​មិន​ទទួលខុសត្រូវ​រាល់​ការបាត់បង់​ឬ​ខូចខាត​នូវ​សម្ភារៈ​ផ្សេងៗ​ឡើយ ។​

​បើទោះបីជា​រដ្ឋបាល​ក្រុង បាន​ដាក់​បទបញ្ជា​អោយ​លោក តែ ឃុន​ម៉ុង ផ្អាក​ការសាងសង់​សំណង់​ខុសច្បាប់​នៅលើ​ព្រែក​កោះ​ប៉ោ​យ៉ាងណាក្តី ក៏​គេ​នៅតែ​អង្កេត​ឃើញ​បុគ្គល​ឈ្មោះ តែ ឃុន​ម៉ុង នៅ​តែ​អោយ​ជាង បន្តសកម្មភាព​សាងសង់​និង​បំពាក់​សម្ភារៈ​ផ្សេងៗ​នៅ​លើ​សំណង់​ខុស​ច្បាប់​របស់​ខ្លួន ដោយ​មិន​ខ្វល់​ពី​បទ​បញ្ជា​របស់​អាជ្ញា​ធរ​ក្រុង​/​សង្កាត់​នោះ​ឡើយ ។​

​ជុំវិញ​បញ្ហា​ខាងលើ ក្រុម​ការងារ​យើង​នៅ​ពុំទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក តែ ឃុន​ម៉ុង ដែល​ជា​ម្ចាស់​សំណង់​ខុសច្បាប់​ខាងលើ បាន​នៅឡើយ​ទេ ដោយសារ​លោក​ពុំ​ព្រម​លើក​ទូរស័ព្ទ ។​

​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ម្តុំ​មាត់ទឹក បាន​ត្អូញត្អែរ​ពី​សកម្មភាព​សាងសង់​សំណង់​រឹងមាំ ពី​សំណាក់​បុគ្គល​ឈ្មោះ តែ ឃុន​ម៉ុង ដែល​អាង​ខ្លួន​ស្គាល់​អ្នកធំ​មាន​អំណាច​ច្រើន ព្រហើន​បំពាន​ផ្លូវច្បាប់​ដោយ​សាងសង់​សំណង់​រឹងមាំ​រំលោភ​ចូល​ចំណី​ព្រែក​កោះ​ប៉ោ​ទាំង​គគ្លើន​ដោយ​មិន​ខ្លាចញញើត​អ្វី​បន្តិច​ឡើយ ។​

​ពលរដ្ឋ​បាន​បន្តទៀតថា ចំពោះ​ពលរដ្ឋ​ក្រីក្រ​ដូច​ពួកគាត់ បើទោះបីជា​ចង់​ជួសជុល​លំនៅដ្ឋាន​ក្នុង​ទឹក​របស់ខ្លួន ដែល​មាន​សភាព​ទ្រុឌទ្រោម​អោយ​រឹងមាំ​បន្តិច ក៏​អាជ្ញាធរ​មិន​អនុញ្ញាត​នោះដែរ ដោយ​អាជ្ញាធរ​បាន​បញ្ជាក់ថា ច្បាប់​មិន​អនុញ្ញាត​អោយ​សាងសង់​សំណង់​បែប​រឹងមាំ​នៅ​លើ​ផ្ទៃ​សមុទ្រ​បាន​ទេ តែ​ជាក់ស្តែង​មួយ​រយះ​ពេលនេះ បុគ្គល ឈ្មោះ តែ ឃុន​ម៉ុង ត្រឡប់​ជា​អាច​សាងសង់​សំណង់​នៅ​លើ​ផ្ទៃ​សមុទ្រ​បាន​រហូត​ដល់​ទៅ​៣​ទីតាំង​ផ្សេងគ្នា​ជា​បន្ត បន្ទាប់ ដោយ​មិន​ឃើញ​អាជ្ញាធរ និង​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះ​មក​ធ្វើការ​ហាមឃាត់​នោះឡើយ ។​

​គួរ​រំលឹក​ថា​កន្លងមក​លោក តែ ឃុន​ម៉ុង ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សំណង់​របស់លោក គឺ​ពុំមាន​ច្បាប់​មែន តែ​ខាង​អាជ្ញាធរ​មូលដ្ឋាន បាន​ប្រាប់​អោយ​លោក​សាងសង់​រួចរាល់​សិន​ចាំ​សុំច្បាប់​ជា​ក្រោយ ព្រោះ​ខាង​អាជ្ញាធរ​មិន​អាច​វាស់​ទឹក​បាន​នោះ​ទេ ហើយ​រូបលោក​ក៏​ធ្លាប់បាន​ធ្វើ​របៀប​នេះ ដោយ​សាងសង់​សំណង់​រឹងមាំ​២​ទីតាំង​រួចមកហើយ ទើប​សុំ​ច្បាប់​ជា​ក្រោយ​ដូចគ្នា ៕