ផ្លូវ​បេតុង​ប្រវែង​៨៥០​ម៉ែត្រ​ឋិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​តាម​ការសន្យា​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក កោះធំ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ប្រវែង​៨៥០​ម៉ែត្រ ឋិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​លោក ឈឹម ផល្លា ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ឈើ​ខ្មៅ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ឈើ​ខ្មៅ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៥០៩ នាក់​។

​ថ្លែង​ក្នុង​មតិ​សំណេះសំណាល​នា​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ជោគជ័យ​យ៉ាង ត្រ​ចេះ​ត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ ទី​៥ នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២​កន្លងទៅ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ធំ​ជា​ទូទៅ និង​ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឈើខ្មៅ ដែល​បាន​ផ្ដល់​សេចក្តីទុកចិត្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ដឹកនាំ និង​បម្រើ​បងប្អូន​ប្រជាពលរដ្ឋ​បន្តទៀត​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ប្តេជ្ញា​បំពេញភារកិច្ច​តាម​ការសន្យា​ដែល​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​០២ ខែ មិថុនា ឆ្នាំ​២០២២ ក្នុងអំឡុងពេល​នៃ​ការឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ ដូចជា ការបំពាក់​អំពូល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ជា​ច្រើន​បន្ថែមទៀត ដើម្បី សម្រួល​ដល់​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ដើម្បី​ចូលរួម​អភិឌ្ឍ​ស្រុក​កោះ​ធំ​ទាំង​មូលឱ្យ កាន់តែ​មាន​ការរីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជឿជាក់​លើ​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា ជឿជាក់​លើ​ធនធាន សមត្ថភាព លទ្ធភាព​របស់​គណបក្ស​ប្រជាជន កម្ពុជា​ក្នុង​ការបម្រើ និង​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស នៅ​ឆ្នាំ​ក្រោយ​មន្ទីរពេទ្យ មួយ​ដ៏​ល្អឥតខ្ចោះ​គឺ​មន្ទីរពេទ្យតេជោ​សែន​កោះធំ នឹង​លេចចេញ​ជា​រូបរាង​ឡើង​ពិតប្រាកដ​ក្នុង​ប្រវត្តិ សាស្ត្រ​មិន​ធ្លាប់​មាន​មន្ទីរពេទ្យ​ណា​ដែល​ធំ​បែប​នេះ​ទេ ពោល​គឺ​ជា​មន្ទីរពេទ្យ​ធំ​ជាង​មន្ទីរពេទ្យ​នានា នៅតាម​បណ្ដា​ស្រុក​ទាំងអស់​នៅ​ទូទាំង​ប្រទេស​។​