គម្រោង​ស្ថាបនា​ពង្រីក និង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​បែងចែក​ជា​៧​កញ្ចប់​សាងសង់ ដែល​នៅ​ក្នុង​នោះ ៣​កញ្ចប់​សម្រេចបាន ១៥%​ហើយ​

​ថ្ងៃ​ពុធ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​ស្ថាបនា​ពង្រីក និង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចាប់​ពី​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល (​គម ១៩ + ៧០០) និង​បញ្ចប់​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​គ​.​ម​២១៥+៨០០) ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ តំណាង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​គោលបំណង​នៃ​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ដើម្បី​ធានា​ឱ្យ​គុណភាព​នៃ​សំណង់​ផ្លូវ​នេះ​អនុលោម​តាម បទដ្ឋាន​បច្ចេកទេស និង​ស្រប​តាម​សៀវភៅ​បន្ទុក ដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​រវាង​ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​សំដៅ​ធ្វើឱ្យ​ផ្លូវ​នេះ​មាន​គុណភាព​រឹងមាំ​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​ក្រុម​អ្នកសារព័ត៌មាន​ទាក់ទង​នឹង​គុណភាព​នៃ​ការស្ថាបនា​ពង្រីក​កំណត់​ផ្លូវជាតិ​លេខ​៤​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបង្ហាញ​ជំនឿ​ថា​៖ ការស្ថាបនា​ពង្រីក​ផ្លូវ​នេះ នឹង​មាន​គុណភាព ល្អប្រសើរ​អាច​ទទួលយក​បាន ដោយហេតុ​ថា​ស្រទាប់​គ្រឹះ​តួ​ផ្លូវ​នៅ​ចំ​កណ្ដាល​មាន​គុណភាព​ល្អ​ស្រាប់ ដោយ​យើង​គ្រាន់តែ​ស្ថាបនា​ពង្រីក​សងខាង​ផ្លូវ ហើយ​អ៊ុតបេតុ​កៅស៊ូ​(AC)​បន្ថែម​តែប៉ុណ្ណោះ និង​បាន​ឱ្យ ដឹង​ផង​ដែរ​ថា​៖ ក្រសួង​បាន​ធ្វើ​តេស្ត​គុណភាព​ជា​ច្រើន​កន្លែង មាន​មួយកន្លែង​សាងសង់​មិន​ត្រឹមត្រូវ​តាម លក្ខណៈ​បច្ចេកទេស និង​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​ពិនិត្យ​កែតម្រូវ​ឡើងវិញ រក​នីតិវិធី​សាងសង់​ឱ្យបាន ត្រឹមត្រូវ​ដើម្បី​ធានា​ឱ្យ​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ​។ ទន្ទឹង​ជាមួយគ្នានេះ ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បង្កើនល្បឿន​នៃ​ការស្ថាបនា​ពង្រីក​ផ្លូវ​នេះ​ឱ្យ​ចប់​ផែនការ​ដែល​បានគ្រោង​ទុក​ផង​ដែរ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ផង​ដែរ​ថា​៖ ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​នឹង​បន្ត​ចុះមក​ត្រួតពិនិត្យ និង​តាមដាន​គុណភាព​ផ្លូវ​នេះ​ថែម​ទៀត ដោយ​ក្រសួង​មាន​សម្ភារៈ​ឧបករណ៍​គ្រប់គ្រាន់​ក្នុង​ការពិនិត្យ​តាមដាន​លើ​គុណភាព​នៃ​ការស្ថាបនា​ពង្រីក​កំណាត់​ផ្លូវ​នេះ​ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់ ធ្វើយ៉ាងណា​ឱ្យ​ផ្លូវ​នេះ​មានគុណ​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​បាន​យូរអង្វែង​។

​ជាមួយគ្នា​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​លក្ខណៈ​បច្ចេកទេស​ស្ថាបនា​ផ្លូវ​ខុសគ្នា​ពី​ផ្លូវ មួយ​ទៅ​ផ្លូវ​មួយ អាស្រ័យ​លើ​ស្ថានភាព​ភូមិសាស្ត្រ កម្រិត​ថវិកា​ដែលមាន និង​ចំនួន​រថយន្ត​ធ្វើដំណើរ​ឆ្លងកាត់ ជា​ឧទាហរណ៍​ផ្លូវជាតិ​លេខ​៤៨ យើង​ចាក់​បេតុង​កៅស៊ូ​ត្រឹមតែ​៧​សង់ទីម៉ែត្រ​ប៉ុណ្ណោះ ដោយសារ​ចំនួន​រថយន្ត​បើក​លើ​ផ្លូវជាតិ​លេខ​៤៨​មាន​ចំនួន​តិច​ជាង​រថយន្ត​ដែល​បើក​លើ​ផ្លូវជាតិ​លេខ​៥ ដែល​ជា​ផ្លូវ​ឆ្អឹងខ្នង​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់​ជាតិ​យើង ជា​ផ្នែក​មួយ​របស់​ផ្លូវ​អាស៊ាន​ហាយវេ​លេខ​មួយ ត​ភ្ជាប់​ប្រទេស​ថៃ មក​កម្ពុជា ទៅ​វៀតណាម តាម​ផ្លូវជាតិ​លេខ​មួយ ដូច្នេះ​ផ្លូវ​នេះ​ត្រូវ​លើក​កម្រិត​គុណភាព​តាម​ចំនួន​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្នុង​ថវិកា​ចំនួន​១១០​លាន​ដុល្លារ​នេះ​ត្រូវបាន​បែងចែក​ចេញ​ជា​ការងារ​ចំនួន​៧​កញ្ចប់ ក្នុងនោះ​៣​កញ្ចប់​កំពុង​ដំណើរការ​សាងសង់​ដោយ​សម្រេច​លទ្ធផល​បាន ១៥% ហើយ​មាន​ការយឺតយ៉ាវ​បន្តិច ប៉ុន្តែ​ក្រុមហ៊ុន​នឹង​ពន្លឿន​ការសាងសង់​តាម​កិច្ចព្រមព្រៀង ដោយ ឡែក​២​កញ្ចប់​ទៀត ក្រសួង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួចហើយ ក្រុមហ៊ុន​កំពុងតែ​រៀបចំ​បញ្ជូន គ្រឿងចក្រ​សម្ភារៈ​មក​សាង​សង់ ឯ​ចំណែក​២​កញ្ចក់​ទៀត ក្រសួង​កំពុង​ស្នើសុំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​ក្រុមហ៊ុន​ដែល​បានដាក់​ដេញថ្លៃ​សាងសង់​ដើម្បី​ពង្រីក​ស្ពាន ចំនួន​៤៨​កន្លែង​ឱ្យបាន​១០​ម៉ែត្រ និង​សាងសង់​ស្ពាន​ថ្មី​ចំនួន​៨​កន្លែង​។

​សូម​ជម្រាប​ជូន​ថា​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន ទទួល​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារ​ពិភពលោក​សម្រាប់​ធ្វើ​ការស្ថាបនា​ពង្រីក និង​ជួសជុល​ថែទាំ​កំណាត់ ផ្លូវជាតិ​លេខ​៤ ដើម្បី​បង្កើន​សុវត្ថិភាព​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ការដឹកជញ្ជូន​ទំនិញ និង​ធានា ភាព​ធន់​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ​។​

​ប្រភេទ​កា​ងារ​មាន​ដូចតទៅ​៖ ១) ការងារ​ពង្រីក​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ពី​ទទឹង​៧​ម៉ែត្រ ទៅ​ទទឹង​ចាក់​កៅស៊ូ ១០ ម៉ែត្រ និង​កន្លែង​ខ្លះ​១១​ម៉ែត្រ ២) ការងារ​ពង្រីក​ស្ពានបេតុង និង​លូ​ចំនួន​៤៦​ទីតាំង និង​៣) ការងារ​ស្ថាបនា​ស្ពាន​ថ្មី​ចំនួន​០៨​ទីតាំង ដើម្បី​ធានា​ដល់​ការធ្វើ​ចរាចរណ៍​នៅ​គ្រប់​រដូវ​កាល ដែល​ឆ្នាំ​ខ្លះ​កន្លងមក​ត្រូវ​ទឹក ជំនន់​ជន់​លិច កំណាត់​ផ្លូវជាតិ​លេខ​៤ បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ​។ ការងារ​ស្ថាបនា​ពង្រីក និង​ជួសជុល​ថែទាំ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ ចាប់ផ្តើម​ពី​ខែ​ធ្នូ ឆ្នាំ​២០២១ រហូតដល់​ខែ​ធ្នូ ឆ្នាំ​២០២៦៕