
កូនប្រុសស្រី ស្រែកយំឡូឡាមុខរោងការឪពុក សុំលុយ១ម៉ឺនដុល្លារសងធនាគារ
មានហេតុការណ៍ភ្ញាក់ផ្អើលដល់មហាជនទាំងព្រឹកនៅមុខរោងការ ខណៈក្មេងប្រុស ស្រី ៣នាក់បងប្អូនមកឈរស្រែកយំ សុំឲ្យឪពុកខ្លួនដែលកំពុងអង្គុយផ្ទឹមជាមួយប្រពន្ធក្រោយ ជួយសងលុយជំពាក់ធនាគារ១ម៉ឺនដុល្លារ។
ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ តាមការរៀបរាប់ពីក្មេងប្រុស ស្រីទាំង៣ថា ឪពុកខ្លួនឈ្មោះ ពេជ្រ ធារ៉ា បានមករៀបការជាមួយប្រពន្ធថ្មីឈ្មោះ ង៉ែត ស្រីវឿន ទាំងដែលបំណុលជាច្រើននៅមិនទាន់សងធនាគាររួច។
ក្មេងៗដែលជាកូនបន្តថា ម្តាយនិងឪពុកខ្លួនបានលែងលះគ្នាហើយ តែទ្រព្យសម្បត្តិរួម នៅមិនទាន់បែងចែកទេ ហើយឪពុកពួកគេបានចុះចេញពីផ្ទះយកឡានមួយគ្រឿងទៅជាមួយផង ថែមទាំងមិនដែលជួយបង់លុយធនាគារដែលជំពាក់នោះទេ។ ទើបពេលនេះ ពួកគាត់ត្រូវជាកូន អាណិតម្តាយក៏សម្រេចចិត្តមកយំអង្វរឪពុកសុំលុយ១ម៉ឺនដុល្លារយកទៅសងធនាគារ។
សូមបញ្ជាក់ថាលោក ពេជ្រ ធារ៉ា និងប្រពន្ធ ឈ្មោះ អាន ចាន់ថៃ ចាប់ដៃគ្នារៀបការរហូតមានកូនស្រី២នាក់ និងកូនប្រុសម្នាក់ ហើយក៏បានលែងលះគ្នា កាលពីប៉ុន្មានខែមុនបន្សល់ទុកកូនទាំង៣ដែលកំពុងសិក្សា ជាមួយនិងបំណុលធនាគារយ៉ាងច្រើនឲ្យប្រពន្ធ និងកូនជាអ្នកទទួលខុសត្រូវ ចំណែកខ្លួនបានយកឡានទៅមួយគ្រឿងនិងបានរៀបការប្រពន្ធថ្មីដែលមានផ្ទះនៅទល់មុខផ្ទះគ្នាផងដែរ៕