​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​អង្គសិក្ខាសាលា​បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​អ្នក​ផលិត​ចំណីអាហារ​នៅតាម​បណ្តា​ខេត្ត ក្រុង

(​ខេត្ត​ព្រះសីហនុ​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​បើក​អង្គសិក្ខាសាលា​បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​អ្នក​ផលិត​ចំណីអាហារ​នៅតាម​បណ្តា​ខេត្ត ក្រុង “​សុខដុម​នីយកម្ម​ថាមវន្ត អភិវឌ្ឍ និង​សហគមន៍​” នៅ​សណ្ឋាគារ​ឆ្នេរ​ថ្មី ក្រុងព្រះសីហនុ ដោយ​មាន​ការចូលរួម​ពី​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា និង​ម្ចាស់​សហគ្រាស​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម មៀវ សុខ​ទ្រី ប្រធាន​សមាគម​អ្នក​ផលិត​ចំណី​អាហារ​កម្ពុជា បានឱ្យដឹងថា សិក្ខាសាលា​បណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​អ្នក​ផលិត​ចំណីអាហារ សហគ្រាស​ផលិត និង​កែច្នៃ​ចំណីអាហារ​ខ្នាត​មីក្រូ តូច និង​មធ្យម និង​កែច្នៃ​ផលិតផល​ស្បៀង ចំណីអាហារ និង​អាហារ​សមុទ្រ ដើម្បី​ជួយ​ជំរុញ​ថាមវន្ត​សក្តានុពល​ខេត្ត ដើម្បី​រួមគ្នា​ធ្វើឱ្យ​ចរន្ត​សេដ្ឋកិច្ច​ឆ្ពោះទៅមុខ​កាន់តែ​រហ័ស​ថែម​ទៀត​។

​យើង​ត្រូវ​យល់​ដឹង​ឱ្យបាន​ច្បាស់​ក្នុងនាម​ជា​ម្ចាស់​សហ​គ្រា​ត្រូវ​ត្រៀម​ខ្លួន​ចាប់ផ្ដើម​ដំណើរការ​សហគ្រាស​អាជីវ​កម្ម ឬ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម​ផលិត និង​ការកែច្នៃ​របស់ខ្លួន​ដោយ​អនុលោម​តាម​ស្តង់ដារ​ជាតិ​ស្ដីពី​ម្ហូបអាហារ “​ស្តង់ដា​បញ្ជា ឬ​ស្តង់ដារ​ស្ម័គ្រចិត្ត បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ និង​វិធានការ​អនាម័យ​សុវត្ថិភាព​ម្ហូបអាហារ ភូតគាម​អនាម័យ កសិផល អនុផល​ជល ផល​សមុទ្រ កសិផល​កែច្នៃ និង​អនុផល​សមុទ្រ​កែច្នៃ​រួមទាំង​កាតព្វកិច្ច​របស់​សហគ្រាស​មីក្រូ​តូច និង​មធ្យម​” ផងដែរ​។

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​បើក​អង្គសិក្ខាសាលា​ពង្រឹងសមត្ថភាព​អ្នក​ផលិត​ចំណី អាហារ​បណ្ដា​ខេត្ត ក្រុង សុខដុម​នីយកម្ម នៃ​ការអភិវឌ្ឍន៍ និង​សហគមន៍ ស្ដី​ពី​ការយល់ដឹង​នីតិវិធី និង​ការចាប់ផ្ដើម​ដំណើរការ​ផលិតកម្ម​ចំណីអាហារ តម្លៃ​បន្ថែម​នៃ​កសិផល និង​កសិផល​កែច្នៃ ដើម្បី​បង្កើន​និង​ពង្រឹង​សមត្ថភាព​ផ្នែក​ចំណេះដឹង​និង​ការអនុវត្ត​ចំពោះ​អ្នក​ផលិត​ចំណី​អាហារ​នៅតាម​បណ្ដា​ខេត្ត​ប្រកបដោយ​សុវត្ថិភាព និង​អនុលោម​តាមច្បាប់ ស្ដីពី​ស្តង់ដា​ចំណីអាហារ​កម្ពុជា ដើម្បី​ឱ្យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ក្នុង​ខេត្ត មាន​សមត្ថភាព​ពេញលេញ​តាម​និយាម​ស្តង់ដារ​ជាតិ និង​អន្តរជាតិ​ជួយ​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ ការបង្កើត​ការងារ ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច​ទាក់ទាញ​ការវិនិយោគ ដែល​ជា​កោសិកា​សេដ្ឋកិច្ច​។

​ការផ្សព្វផ្សាយ និង​ជំរុញ​ចលនា​ផលិតផល​ក្នុង​ខេត្ត​ចេញទៅ​បណ្ដា​ខេត្ត ក៏ដូចជា​ការជំរុញ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់ និង​សាកលលោក ក្នុង​គោលដៅ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ បាល​កម្ពុជា កាត់បន្ថយ​ភាពក្រីក្រ​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា វិស័យ​ផលិតកម្ម​ផលិត និង​កែច្នៃ ជា​តម្រូវការ​ស្តង់ដារ​សុវត្ថិភាព​ម្ហូបអាហារ​កម្ពុជា​៖
​ទី​១.​រក្សា​ធានា​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ ឬ​អ្នក​ទទួល​ទាន មានន័យ​ថា ដើម្បី​សុខមាលភាព​ប្រជាពលរដ្ឋ​ក្នុងស្រុក
​ទី​២.​លើកតម្កើង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​
​ទី​៣.​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ត្រូវ​ពង្រឹង​សមត្ថភាព​ផលិត និង​ខ្សែចង្វាក់​ផលិតកម្ម​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​គុណធម៌​ជា​អ្នក​ផលិត ការច្នៃ​ផលិតផល​ម្ហូបអាហារ​តាមរយៈ​ការពង្រឹង​កម្រិតយល់ដឹង​លើ​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វិធាន​អនាម័យ​សុវត្ថិភាព​ម្ហូបអាហារ ភូតគាម​អនាម័យ​កសិផល និង​កសិផល​កែច្នៃ​រួម​ទាំង​កាតព្វកិច្ច​ក្នុងនាម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ពី​សំណាក់​ម្ចាស់​សហគ្រាស​លើ​ដំណើរការ​ចង្វាក់​ផលិតកម្ម​ផ្ទាល់​កាន់តែ​មាន​ប្រសិទ្ធិភាព​ផងដែរ ៕