​ខេត្តសៀមរាប ទទួលបាន​ទេសចរ​ជាង​១​លាន​នាក់ ក្នុង​រយៈពេល​៥​ខែ​ឆ្នាំ​២០២២

អ្នកជំនាញ​ទេសចរណ៍ បានឱ្យដឹងថា ក្នុង​រយៈពេល​០៥​ខែ​ឆ្នាំ​២០២២​នេះ ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង​១​លាន​នាក់​(១.០២៧.៧៧៩​នាក់​)​ដែល​ចំនួន​នេះ កើនឡើង ៧៤៤,៨៧% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ មាន​ចំនួន​ប្រមាណ ១២១.៦៤៩ នាក់ ។​

​យោងតាម​របាយការណ៍ លោក ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប បានឱ្យ​ដឹង​នៅ​ថ្ងៃទី​២៤​ខែ​មិថុនា​ឆ្នាំ​២០២២​នេះ​ថា ក្នុង​រយៈពេល​៥​ខែ ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា​ឆ្នាំ​២០២២​នេះ មាន​អ្នកទេសចរ​ជាតិ​និង​អន្ដរជាតិ ទៅ​ទស្សនា​កំសាន្ដ​នៅ​ខេត្ដ​សៀមរាប​មាន​ចំនួន​ប្រមាណ​១​លាន​២​ម៉ឺន​៧៧៧៩​នាក់ ដែល​ក្នុងនោះ ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ មាន​ចំនួន​៤.៧៧៤​នាក់​។​ភ្ញៀវទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​៩៨​ម៉ឺន​២.០០០ នាក់ មាន​ការកើនឡើង​ចំនួន ៧៤០,២១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ មាន​ចំនួន​ប្រមាណ ១១៦.៨៧៥ នាក់​។​របាយការណ៍​បន្ដថា ភ្ញៀវទេសចរ​គិត​តាម​លំដាប់​ថ្នាក់​សញ្ជាតិ តាម​គ្រប់​មធ្យោបាយ រួមមាន ជនជាតិ​ចិន ជនជាតិ​បារាំង​ជនជាតិ ជនជាតិ អា​មេ​រិ អាឡឺម៉ង់ ជនជាតិ​វៀតណាម ជនជាតិ សឹង្ហ​បុរី ជនជាតិ​អូស្ត្រាលី ជនជាតិ​ឥណ្ឌា និង​ជនជាតិ​កូរ៉េ ។​

​ដោយឡែក​របាយការណ៍ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បានបង្ហាញ​ថា លំហូរ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ក្នុង​តំបន់​អង្គរ មាន​ភ្នាក់ងារ​ទេសចរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួយ​សង្គ្រោះ​បឋម ដល់​ភ្ញៀវ​ទេសចរ​៤៩​ករណី ដែល​ក្នុងនោះ​មាន​គ្រោះថ្នាក់ រអិល​ជើង រឺ​ជំពប់ជើង​បណ្តាលឱ្យ​ដួល ០៦​ករណី គ្រោះថ្នាក់​ចរាចរណ៍ ១៩​ករណី​។​ខ្យល់គ​ដួលសន្លប់​១៣​ករណី សត្វ​ស្វា​ខាំ​១១​ករណី​។ អាជ្ញាធរ​ជាតិ​អប្សរា​ស្នើរ​ដល់​អ្នកទេសចរ​ជាតិ​និង​អន្ដ​ររ​ជាតិ​អោយ​បើកបរ​បន្ថយល្បឿន បោះចោល​សំរាម​អោយបាន​ត្រឹមត្រូវ នៅ​ក្នុង​ធុងសំរាម និង​ហាម​ទៅ​ឈ​ជិត​ស្វា​ជាដើម​។​

​បើ​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ដ​សៀមរាប បន្ថែមថា ជើងហោះហើរ ចូល​ខេត្ដ​សៀមរាប ក្នុង​រយៈពេល​០៥​ខែ​ឆ្នាំ​២០២២​មាន​ចំនួន​២៩២​ជើង ដែលមាន​អ្នកដំណើរ​សរុប​ចំនួន ២៤.៥៥១ នាក់ ។ ដោយឡែក​ជើងហោះហើរ​លក្ខណៈ​អន្តរជាតិ មាន​ក្រុមហ៊ុន Singapore Airline (​សឹង្ហ​បុរី​-​សៀមរាប​) មាន​ចំនួន ១៥១ ជើង អ្នកដំណើរ ១៧.២០១ នាក់​។ ក្រុមហ៊ុន Air Asia (​កូឡា​ឡាំ​ពួរ​-​សៀមរាប​) មាន​ចំនួន ១២ ជើង អ្នកដំណើរ ១.៥៤៥ នាក់​។ ក្រុមហ៊ុន Thai Smile (​បាងកក​-​សៀមរាប​) មាន​ចំនួន ១០ ជើង អ្នកដំណើរ ៩៤៧ នាក់​។​ក្រុមហ៊ុន China Eastern (​គួន​មីង​-​សៀមរាប​) មាន​ចំនួន ០២ ជើង អ្នកដំណើរ ១៧១ នាក់ ។ ក្រុមហ៊ុន Bangkok Air (​បាងកក​-​សៀមរាប​) មាន​ចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់​។ ក្រុមហ៊ុន Air Iceland (GUM-REP) មាន​ចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ។​ដោយឡែក​ការហោះហើរ​ជា​លក្ខណៈ Charter Flight មាន​ចំនួន ២៩ ជើង អ្នកដំណើរ ១៨៥ នាក់​។​ ជាមួយគ្នា​នោះ ការហោះហើរ​ក្នុងស្រុក រួម​មាន​ក្រុមហ៊ុន Cambodia Angkor Air (​ភ្នំពេញ​-​សៀមរាប​) មាន​ចំនួន ៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់​។​ក្រុមហ៊ុន Cambodia Airway (​ភ្នំពេញ​-​សៀមរាប​) មាន​ចំនួន ០២ ជើង អ្នកដំណើរ ២១៤ នាក់ ។​

​សូមបញ្ជាក់​ថា ក្រុមហ៊ុន Air Asia បាន​ចាប់ផ្តើ​ការហោះហើរ (​កូឡា​ឡាំ​ពួរ​-​សៀមរាប​) កាលពី​ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ​២០២២​រហូតដល់​បច្ចុប្បន្ន ដោយ​ធ្វើ​ការហោះហើរ ០២ ជើង​ក្នុង​មួយ​សប្តាហ៍ (​ពី​ថ្ងៃ​ពុធ និង​ថ្ងៃ​អាទិត្យ​) ។ និង​ពី​បាងកក​-​សៀមរាប ចាប់ពី​ថ្ងៃ​ទី ០២ ខែ មិថុនា ឆ្នាំ​២០២២ មាន​ចំនួន ០៣ ជើង​ក្នុង​មួយ​សប្តាហ៍ (​ថ្ងៃ អង្គារ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​) ៕