​បុរស​ម្នាក់​យក​កាំបិត​ចាក់​បងប្អូន​ជីដូនមួយ​ស្លាប់​ក្នុង​ថ្លុកឈាម​ដោយ​សារ​រឿង​គំនុំ​គ្រួសារ

ខេត្ត​ព្រៃវែង ៖ រឿង​គំនុំ​គ្រួសារ បុរស​ម្នាក់​បាន​យក​កាំបិត​ចាក់​សម្លាប់​បងប្អូនជីដូន​មួយ​បណ្ដាលឱ្យ​ស្លាប់​ក្នុង​នៅ​ថ្លុកឈាម ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​ត្រ​យ៉ង ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។​

​លោក​អធិការនគរបាល​ស្រុក​ពាម​ជរ បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ក្រាំង​ត្រ​យ៉ង ថា​មាន​ករណី​ឃាតកម្ម​ចាក់​សម្លាប់​នៅ​មូលដ្ឋាន លោកស្នងការ​នគរបាល​ខេត្ត​ព្រៃវែង និង​លោក ពៅ ជី​វី ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ដាក់​បទបញ្ជា​ឱ្យ​កម្លាំង​ចុះ​ស្រាវជ្រាវ​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ ដើម្បី​ធ្វើ​ការសាកសួរ​ជុំវិញ​រឿង​ឃាតកម្ម​នេះ​។​

​លោក​បាន​បន្ត ថា​ករណី​ឃាតកម្ម​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កុយ ភាន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ក្រាំង​ចិន ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង បាន​យក​កាំបិត​ទៅ​ចាក់​លើ​ឈ្មោះ រ៉េត រ៉ា​យ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​បណ្ដាលឱ្យ​ជនរងគ្រោះ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​

​ប្រភព​នៅ​កន្លែងកើតហេតុ​បានដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ធ្វើដំណើរ​ទៅ​បង់សំណាញ់​នៅ​ចំណុច​ប្រឡាយទឹក​ចម្ងាយ​ពី​ភូមិ​៧០០​ម៉ែត្រ ដូច​សព្វមួយដង កំពុងតែ​ដើ​រសុខៗ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ កុយ ភាន នេះ​រត់​មក​ពី​ក្រោយ​ជនរងគ្រោះ ចាក់​ជាច្រើន​កំបិត​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ ក្រោយពី​ធ្វើ​សកម្មភាព​រួច​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​សាកសួរ ដើម្បី​ចាត់ការ​តាមច្បាប់ ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕