​ឯកឧត្តម លី វ៉ាន់​ហុង និង​ឯកឧត្តម ផុស សុវណ្ណ អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល​ចាងហ្វាង​ការផ្សាយ​ជា​ង​៣០​នាក់ របស់​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ​

​ភ្នំពេញ​៖ ឯកឧត្តម លី វ៉ាន់​ហុង ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ព័ត៌មាន នៅ​ល្ងាច​ថ្ងៃទិ​២៥ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ បិទ​វគ្គ​បណ្តុះបណ្តាល​ចាងហ្វាង​ការផ្សាយ​ជាង​៣០​នាក់ នៅ​ស្នាក់ការ​កណ្តាល​របស់​ស​មាគ​ម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​បណ្តុះបណ្តាលរ​បស់​សមាគម គឺ​មាន​រយៈ​ពេញ​មួយថ្ងៃ ដោយ​ផ្តោត​សំខាន់​លើ​របៀប​ប្រមូល​ព័ត៌មាន សរសេរ​អត្ថបទ​ដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និង​ការគ្រប់គ្រង​ស្ថាប័ន សម្រាប់​ចាងហ្វាង នៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន ក្នុង​ការចូលរួម​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​នេះ ឯកឧត្តម​ប្រតិភូ បាន​គាត់​សម្គាល់​ពី​ផលវិបាក​របស់​អ្នកសារព័ត៌មាន ក្នុងពេល​បំពេញ​ការងារ ដោយសារ​នៅ​មាន​ចំណុច​ភាន់ច្រឡំ​រវាង​មន្ត្រី​នៅ​តាម​មូលដ្ឋាន និង​អ្នកសារព័ត៌មាន​។​

​ក្រៅពី​សង្កេតឃើញ​ការពិបាក​របស់​អ្នកសារព័ត៌មាន​នៅ​ពេល​បំពេញ​ការងារ​នេះ ឯកឧត្តម លី វ៉ាន់​ហុង ក៏​បាន​បកស្រាយ​ពី​បញ្ហា​បង់ពន្ធ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​របស់​អ្នក​សារព័ត៌​ម​ស​ផងដែរ ឯកឧត្តម​ប្រតិភូ លី វ៉ាន់​ហុង បាន​មានប្រសាសន៍ថា «​សម្រាប់​ពាក់ព័ន្ធ​ពន្ធដារ យើង​ត្រូវ​ធ្វើ​លិខិត​ទៅ​ក្រសួង​ព័ត៌មាន​តាមរយៈ​សមាគម ដោយ​ប្រាប់ថា តាំង​ពី​ទទួលបាន​អាជ្ញាប័ណ្ណ​រួចហើយ ប៉ុន្តែ​ស្ថាប័ន​មិនទាន់​ដំណើរការ ហើយ​មិន​មាន​ប្រាក់ចំណូល ដើម្បី​បង់​ពន្ធដារ​»​។​

​ត្រង់​ចំណុច​នេះ ឯកឧត្តម​ប្រតិភូ ចង់​បញ្ជាក់​ថា ក្រសួង​ព័ត៌មាន​តែងតែ​ត្រៀម​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន ដើម្បី​សម្រួល​ដល់​ការងារ​អនុវត្ត​វិជ្ជាជីវៈ​ប្រចាំថ្ងៃ​។​

​ពាក់ព័ន្ធ​ករណី​អាជីវកម្ម​ខាង​បង់​នេះ ឯកឧត្តម ផុស សុវណ្ណ បាន​ក្រើនរំឭក​ថា សហគ្រាស​ឯកបុគ្គល គឺ​ខុស​គ្នា​ពី​ក្រុមហ៊ុន ព្រោះ​បី​ខាត គឺ​ខាត​តែ​ប្រាក់​ទុន​ប៉ុណ្ណោះ តែបើ​សហគ្រាស​វិញ ប្រសិន​បើ​ខាត គឺ​ត្រូវ​ប្រឈមមុខ​បាត់បង់​ទ្រព្យសម្បត្តិ​គ្រួសារ​ទាំងមូល​។​

​ឯកឧត្តម​មាន​ប្រសាសន៍​ដូច្នេះ​ថា «​សហគ្រាស បើ​ខាត​វិញ ត្រូវ​លក់​ឡាន និង​ខាតបង់​ទ្រព្យសម្បត្តិ​របស់​ភរិយា​ខ្លួនឯង​ថែមទៀត​ផង​»​។​

​សង្កេត​ឃើញ​លទ្ធ​នៃ​ការប្រឹងប្រែង​របស់​សិក្ខា​កាម ឯកឧត្តម លី វ៉ាន់​ហុង បាន​សំណូមពរ​ដល់​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ បង្កើត​វគ្គ​បណ្តុះបណ្តាល​ជា​បន្ត​ទៀត ដោយ​ឯកឧត្តម លើកឡើងថា «​ខ្ញុំ​សូម​អរគុណ​ច្រើន ដែល​បាន​មក​ចូលរួម​វគ្គ​សិក្សា​នេះ​។ ខ្ញុំ​គាំទ្រ​ជានិច្ច ហើយ​សូម​ធ្វើឡើង​ឲ្យបាន​មួយ​ខែម្តង​»​។​

​ចំណែក​ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន​អេឡិចត្រូនិក អឹម អេស ជេ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​ដល់​ចាងហ្វាង​សារព័ត៌មាន​នេះ​ដោយ​ផ្តោត​សំខាន់​លើ​ជំនាញ​ប្រមូល​ព័ត៌មាន សរសេរ​អត្ថបទ​ដំណឹង ក្រមសីលធម៌ ច្បាប់ ការរៀបចំ និង​ការគ្រប់គ្រង​ស្ថាប័ន​។​

​សូម​រំឭកថា ថ្លែង​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​រាប់ពាន់ នា​ល្ងាច​ថ្ងៃទី​១៤ ខែ​មករា នៅ​សន្និបាត​កោះ​ពេជ្រ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន​កំពុងមាន​កា​រីកចម្រើន​យ៉ាង​ខ្លាំង​។ ដូច្នេះ ដើម្បី​ផលិត​ព័ត៌មាន​ឲ្យបាន​ល្អ អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​យល់​ដឹង​ឲ្យបាន​ច្បាស់​នូវ​រឿងរ៉ាវ​ពិត ដែល​បាន​កើតមានឡើង​ក្នុងសង្គម ជា​ពិសេស​ត្រូវ​សរសេរ​ព័ត៌មាន​ទាំង​ល្អ និង​មិន​ល្អ ដើម្បី​ចូលរួម​ធ្វើ​ការកែលម្អ​ក្នុងន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ដល់​សមាគម​សារព័ត៌មាន​ទាំងអស់ ដែល​កន្លងមក​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ព័ត៌មាន និង​សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់ ដែល​បាន​ចូលរួម​សហការ​ជាមួយ​អ្នកសារព័ត៌មាន ក្នុង​ការផ្តល់​ព័ត៌មាន​ពី​ស្ថាប័ន​របស់​ខ្លួន​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នោះដែរ សម្តេច​តេជោ ក៏បាន​ផ្តល់​មតិ​ណែនាំ​ដល់​អ្នកសារព័ត៌មាន តាម​អន​ឡាញ​មួយចំនួន សូម​ចូលរួម​គោរព​ទៅតាម​វិជ្ជាជីវៈ​ព័ត៌មាន​ឲ្យបាន​ត្រឹមត្រូវ ត្រូវគោរព​សិទ្ធិ​អ្នកដទៃ មិនមែន​ចេះតែ​ផ្សាយ​តាម​ចិត្ត​នោះទេ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ដាក់​សារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកសារព័ត៌មាន​ថា «​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​បំភ្លៃ​ការពិត​»​។​

​ត្រង់​ចំណុច​នេះ ខ្ញុំបាទ​សូម​លើក​យក​នូវ​ប្រសាសន៍​ដ៏​ឧត្តុងឧត្តម​របស់​ឯកឧត្តម​បណ្ឌិ​ត ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​តែងតែ​មាន​ប្រសាសន៍​ក្រើនរំឭក​ដល់​អ្នកសារព័ត៌មាន និង​មន្ត្រី​រាជរដ្ឋាភិបាល​ថា អ្នកសារព័ត៌មាន មិនគួរ​មានទោស​រហូត​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​វិជ្ជាជីវៈ​របស់​ខ្លួន​ឡើយ ប៉ុន្តែ​បើ​មានទោស​វិញ គឺ​ត្រឹមតែ​ផាក​ពិន័យ​ជា​ទឹកប្រាក់​ប៉ុណ្ណោះ​។​

​ឯកឧត្តម​បណ្ឌិត បាន​មានប្រសាសន៍​បែបនេះ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ ដោយ​យោង​លើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​របស់​កម្ពុ​ជា​ថា «​មន្ត្រី​ស្ថាប័ន​មួយចំនួន ចំពោះ​សារព័ត៌មាន​បាន​ផ្សាយ​ប៉ះពាល់​ដល់​ខ្លួន គឺ​បាន​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ ដោយ​មិន​បាន​ស្នើសុំ​ឲ្យ​អង្គភាព ដែល​បាន​ផ្សាយ​នោះ​ធ្វើការ​បកស្រាយ​បំភ្លឺ​ឡើង​វិញ​ទេ គឺ​សំអាង​ក្រមព្រហ្មទណ្ឌ​បរិហាកេរ្តិ៍ ប៉ុន្តែ​ច្បាប់​នេះ​មិន​អនុវត្ត​លើ​អ្នកសារព័ត៌មាន​នោះទេ​។ ព្រោះ​ក្រមព្រហ្មទណ្ឌ​នេះ​ត្រូវបាន​ច្បាប់​ស្តីពី​អ្នកសារព័ត៌មាន​ការពា​រ​សិទ្ធិសេរីភាព​អ្នកសារព័ត៌មាន​រួចទៅហើយ​»៕