ឯកឧត្តម ហ៊ុន ម៉ាណែត ៖ សន្តិភាពថ្ងៃនេះ ជាសន្តិភាពរួមរបស់ប្រជាជាតិខ្មែរទាំងមូល

កំពង់ចាម : សន្តិភាពថ្ងៃនេះ ជាសន្តិភាពរួមរបស់ប្រជាជាតិខ្មែរទាំងមូល យើងមិនអាចមើលឃើញការខ្វះខាត និងបញ្ហាតូចតាចមួយចំនួន ហើយភ្លេចគុណតម្លៃនៃសន្តិភាព ដែលជាអាយុជីវិតរបស់យើងនោះឡើយ លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ ដែលមានជីវិតរស់រួចផុតពីសង្គ្រាម សុទ្ធតែជាអ្នកមានបុណ្យ បុណ្យដែលផ្តល់ដោយពី ០៧ មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃនៃការរស់រានមានជីវិតឡើងវិញជាក់ស្តែង ហើយបុណ្យនេះ បានធ្លាក់បន្តទៅឱ្យកូនចៅប្រជាជនយើងបន្តទៀតផងដែរ។ នេះ ជា ការ ថ្លែងរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហម ០១ខ្សែ ប្រវែង៦ គ.ម. ស្ថិត នៅ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បាន ថ្លែង អំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានគាំទ្រជានិច្ចឱ្យសម្តេចមានឱកាសដឹកនាំប្រទេសជាតិបន្តទៅមុខទៀត។ អារម្មណ៍ខ្វល់ខ្វាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺតែងតែនៅដក់ជាប់ជាមួយនឹងទឹកដី ជាមួយនឹងប្រជាជន និងតែងបានខិតខំបម្រើប្រប្រជាជនខ្មែរទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិភាពកុំឱ្យប្រជាជនវេទនាសារជាថ្មីដោយសារសង្គ្រាម, ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង, ខិតខំទាក់ទាញវិនិយោគមកបង្កើតរោងចក្រ បង្កើតការងារ និងបង្កើនឱកាសនានាគ្រប់បែបយ៉ាងឱ្យដល់ប្រជាពលរដ្ឋទាំងអស់គ្នា។
ជាមួយគ្នា នោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាន សំណូមពរ សូមឲ្យក្មួយៗសិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ប្រលងឱ្យជាប់ ដើម្បីអនាគតរបស់ក្មួយៗទាំងអស់គ្នា និងអនាគតវែងឆ្ងាយរបស់ប្រទេសជាតិយើង ហើយត្រូវចៀសវាងការប្រព្រឹត្តអំពើខុសឆ្គងផ្សេងៗ និងត្រូវកសាងអំពើល្អជួយដល់សង្គមឱ្យបានច្រើនផងដែរ ៕