​ប្រធានាធិបតី​អាមេរិក ព្រមាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ចិន​សារជាថ្មី មួយ​ថ្ងៃ​បន្ទាប់​ពី​កិច្ចពិភាក្សា​ជាន់ខ្ពស់​

សហរដ្ឋអាមេរិក​៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​គំរាម​កាត់​ផ្ដាច់ទំនាក់ទំនង​ជាមួយ​ចិន​សារ​ជា​ថ្មី​ទៀត មួយ​ថ្ងៃ​ក្រោយ​មាន​កិច្ច​ពិភាក្សា​រវាង​ប្រមុខ​ការទូត​របស់​លោក​ជាមួយនឹង​ទីក្រុង​ប៉េកាំង នេះ​បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២០ ។​

​លោក ដូ​ណា​ល់ ត្រាំ ត្រូវបាន​មើលឃើញថា ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​ឡើងវិញ​នូវ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​រវាង​សហរដ្ឋអាមេរិក និង​ចិន ប៉ុន្ដែ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​គឺ​កាន់តែ​អាក្រក់​ទៅៗ ខណៈ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាន់តែ​កៀក ។ ហើយ​ថ្មីៗ​នេះ អ្នកការទូត​ជាន់ខ្ពស់​របស់​អាមេរិក​ប្រចាំ​នៅ​អាស៊ី​បូព៌ា​បាន​និយាយថា ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក និង​ចិន​មាន​ភាព​តានតឹង បន្ទាប់​ពី​កិច្ចពិភាក្សា​ការទូត​កម្រិត​ខ្ពស់​លើកដំបូង​របស់​ពួកគេ ដែល​ខកខាន​មិន​បាន​ធ្វើ​អស់​ពេល​ជា​ច្រើន​ខែ ។​

​ប្រភព​បាន​ឱ្យដឹងទៀតថា ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ គឺ​ស្ថិតក្នុង​ចំណុច​ទាប​បំផុត​មិន​ធ្លាប់​មាន​អស់​ពេល​ជា​ច្រើន​ឆ្នាំ ពោល​គឺ​ចាប់តាំងពី​មានការ​ផ្ទុះ​ឡើង​នៃ​មេរោគ COVID-19 ហើយ​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​ចិន​ថា គ្មាន​តម្លាភាព​ជុំវិញ​ការផ្ទុះ​ឡើង​នៃ​វីរុស​រាតត្បាត​សកល​មួយ​នេះ ៕