​កម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា នឹង​បាន​ជំរុញ​លើ​ការងារ​បោះបង្គោល ព្រំដែន ដែល​នៅ​សេសសល់​ឱ្យ​បាន​ឆាប់រហ័ស​

កម្ពុជា​-​វៀតណាម ឯកភាពគ្នា នឹង​ជំរុញ​ការងារ​បោះបង្គោល ព្រំដែន​ដែល​នៅសល់​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ប្រទេស​ទាំង​ពីរ​ឱ្យ​ក្លាយទៅជា​តំបន់​ដែល​មាន​សន្តិភាព សុវត្ថិភាព ស្ថិរភាព និង​ការអភិវឌ្ឍ បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន បាន​ប្រកប​របរ​រកស៊ី​ជាមួយគ្នា ដែល​ធ្វើឱ្យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម មាន​ការកើនឡើង​ជា​លំដាប់ ។

​ការឯកភាព​គ្នា​នេះ បាន​ធ្វើឡើង​ក្នុង ឱកាស ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ដុ វ៉ាន់​ចៀន គណៈ​លេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា​ប្រធាន​គណៈកម្មាធិការ​មជ្ឈិម​រណសិរ្ស​មាតុភូមិ​វៀតណាម និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ។​

​ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ប្រាប់ អ្នកសារព័ត៌មាន​នៅ​ក្រោយ​ជំនួប​ថា សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អបអរសាទរ និង​ស្វាគមន៍ ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ ដែល​ចាត់ទុកថា ជា​ឱកាស​ដ៏​ថ្លៃថ្លា​មួយ ក្នុង​ការរួមចំណែក ក្នុងការ ប្រារព្ធ​ខួប​ទី ៥៥​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ការផ្លាស់ប្ដូរ ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង ថ្នាក់ដឹកនាំ របស់​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​វៀតណាម បាន​បង្ហាញ​ពី​អ្នក ទំ​នាក់ ទំនង​ល្អប្រសើរ និង​កិច្ចសហប្រតិបត្តិការ​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំង​ពីរ ជា​បងប្អូន ជា​អ្នក​ជិតខាង​ល្អ​។ សម្ដេច សង្ឃឹមថា ទស្សនកិច្ច​នេះ នឹង​ជួយ​ពង្រឹង​ថែម​ទៀត​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ បក្ស​ទាំងពីរ និង​រណសិរ្ស​ទាំងពីរ ។​
​ឯកឧត្តម ដុ វ៉ាន់​ចៀន បាន​នាំនូវ​ការ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​វៀតណាម ជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ។
​ឯកឧត្តម​ក៏បាន​ជូនពរ​សម្ដេច​តេជោ សូម​មាន​សុខភាព​ល្អ​បរិបូណ៍ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា ទទួលបាន ជោគ ជ័យ​ដ៏​ឧដុង្គឧត្តម​ថែមទៀត​។ ឯកឧត្តម ក៏​បាន​អបអរសាទរ ចំពោះ​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២ កន្លងមក ដែល​បង្ហាញ​ពី​ជំនឿ​ទុកចិត្ត​ដ៏​ខ្ពស់​របស់​ប្រជាជន​កម្ពុជា នឹង​ជូនពរ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជោគជ័យ ត្រចះត្រចង់​ថែមទៀត នៅក្នុង​ការបោះឆ្នោត​ទូទៅ​នៅក្នុង​ឆ្នាំ​២០២៣ ខាងមុខនេះ​។ ប្រធាន​គណៈប្រតិភូ​វៀតណាម ក៏​បាន​ជូនពរ​ឲ្យ​កម្ពុជា បាន​ទទួល​ជោគជ័យ ក្នុង​ការរៀបចំ​ស៊ី​ហ្គេម​នៅ​ក្នុង​ឆ្នាំ ២០២៣ ខាង មុខ​នេះ ផងដែរ ។​

​ឯកឧត្តម ដុ វ៉ាន់​ចៀន ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ កូ​វីដ​ដោយ​ជោគជ័យ និង​មាន​អត្រា​ចាក់​វ៉ាក់សាំង​នាំមុខ​នៅក្នុង​តំបន់ និង​ពិភពលោក ហើយ​ទទួលបាន​លទ្ធផល​ការប្រសើរ បាន​បើក ប្រទេស ឡើងវិញ និង​បាន​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ៕​