មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ដាក់​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ខុសច្បាប់ ដែល​បាន​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន !

ខេត្ត​ព្រះវិហារ​៖ ប្រសាសន៍​ដាស់តឿន​របស់ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ បាន​ថ្លែង ក្នុង​គ្រា​ដែល​លោក បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការអនុវត្ត​តួនាទី​-​ភារកិច្ច និង​វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ​សម្រាប់ ខែកក្កដា និង​លើក​ទិសដៅ​ការងារ​សម្រាប់ ខែ​សីហា​ឆ្នាំ​២០២២ និង​ការប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ របស់​ក្រសួង​ការពារជាតិ ដល់​នាយទាហាន និង​នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត ចំនួន ១២​នាក់ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ត្រី កង សៅ​គុណ បាន​មានប្រសាសន៍ថា ការផ្តល់ជូន​ប័ណ្ណសរសើរ និង​លិខិត​សរសើរ របស់​ក្រសួង​ការពារជាតិ ដល់​នាយទាហាន និង​នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទាំង ១២​នាក់ នៅក្នុង​ពេល​នេះ គឺជា​ការលើកទឹកចិត្ត​ដល់​យោធិន ដែល​មាន​ស្នាដៃ និង​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​យោធិន អតីតយុទ្ធជន និង​គ្រួសារ រួមទាំង​ប្រជាពលរដ្ឋ ក្នុង​គ្រា​ដែល​កម្ពុជា និង​ពិភពលោក កំពុង​រង​នូវ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នា​គ្រាកន្លងមក​។​

​លោក​ឧត្តមសេនីយ៍ មេបញ្ជាការ បាន​ថ្លែង កោតសរសើរ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត ក្រុង ស្រុក​ទាំងអស់ ដែល​គោរព និង​អនុវត្តន៍​តាម​តួនាទី ភារកិច្ច និង​បទបញ្ជា​ថ្នាក់លើ ក្នុង​ការចូលរួម​ក្នុង​វិស័យ​មនុស្សធម៌ សង្គម​ធម៌ និង​ការរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​ថ្នាក់ដឹកនាំ និង​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន បាន​យ៉ាង​ល្អប្រសើរ នៅ​គ្រា​កន្លង​ទៅ និង​នៅ​ពេល​បច្ចុប្បន្ន​។​

​ទន្ទឹម​នឹង​ការ​ការកោតសរសើរ​នេះ លោក​ឧត្តមសេនីយ៍ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែង​ក្រើនរំលឹក និង​បាន​ដាក់ចេញ​នូវ​បទបញ្ជា តាម​ខ្លឹមសារ​ផ្សព្វផ្សាយ​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ដល់​នាយទាហាន និង​នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ ឲ្យខិត​ខំ​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​នូវ​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​ខុសច្បាប់ ដែល​កើតឡើង​នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ថែរក្សា​ធនធានធម្មជាតិ ដែល​នៅ​សេសសល់​ចុងក្រោយ​នេះ​ឲ្យបាន​គង់វង្ស ទុក​ជា​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​យើង ជំនាន់ៗ​ក្រោយ​ទៀត​៕