ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច (AEMSJ ប្រកាស​គាំទ្រ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន​អេឡិចត្រូនិច (AEMSJ ព្រមទាំង​សមាជិក សមាជិកា នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ចេញ​ញត្តិ​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ របស់​កម្ពុជា​។​

​នៅក្នុង​ញត្តិ​គាំទ្រ​នេះ បានកត់សម្គាល់​ឃើញ​ថា ការធ្វើ​វិសោធនកម្ម​នេះ គឺ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ ធានា​ឱ្យ​ដល់​ស្ថាប័ន​ជាតិ ជាពិសេស​រាជរដ្ឋាភិបាល​មាន​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការជាប់គាំង និង​ធានាបាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​។​

​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០​នេះ ជា​ការបំពេញ​ភាព​ចន្លោះប្រហោង​នៃ​ច្បាប់ ដោយ​ពុំ​បាន​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ ដូចជា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយក៏​ពុំ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កំពុង​ស្ថិត​នៅក្នុង​ភាពអាសន្ន​ឡើយ​។​

​នៅក្នុង​ញត្តិ​នេះ បាន​លើកឡើង​ថា «​យើងទាំងអស់គ្នា​យល់ឃើញ​ថា ការធ្វើ​វិសោធនកម្ម​លើក​ទី​១០​នេះ គឺជា​ការបំពេញបន្ថែម​នូវ​ចន្លោះ​ប្រហោង​នៃ​ច្បាប់ ដោយ​ពុំ​បាន​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ ដូចជា​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយក៏​ពុំ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កំពុង​ស្ថិត​នៅក្នុង​ភាពអាសន្ន​ឡើយ​»​។​

​សូមបញ្ជាក់​ថា សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​ការស្នើ​សុំ​ធ្វើ​វិសោធនកម្ម មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា ១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ក្រោម​សំឡេង ១០៥ លើ​១០៦ ក្នុង​សម័យប្រជុំ​ពេញអង្គ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២៕