លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពត រួម​នឹង​ក្រុមការងារ​ថ្នាក់ស្រុក បាន​ប្រជុំ​ពិភាក្សា​ដើម្បី​ដោះស្រាយ​ទំនាស់ រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរ​ភី​

​ថ្ងៃ​សៅរ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពត រួម​នឹង​ក្រុមការងារ​ថ្នាក់ស្រុក បាន​ប្រជុំ​ពិភាក្សា​ដើម្បី​ដោះស្រាយ​ទំនាស់ រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ ស្ថិតនៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​អង្គ​សុរ​ភី ។ ដោយ​ភាគី​ដើមចោទ​អាស្រ័យ​ផល​លើដី​ខ្នង​ប្រឡាយ​ដែល​បិទ​ផ្លូវ​ចេញចូល បាន​ប្ដឹង​ចុងចោទ​ជា​ម្ចាស់​ដី​មាន​ប័ណ្ណកម្មសិទ្ធិ​ជាប់​ព្រំប្រទល់​ដី​ប្រឡាយ​ទាមទារ​បើកផ្លូវ​។​

​ក្រោយពី​បាន​ប្រជុំ​រួច ក្រុម​ការងារ​ក៏​បាន​បន្ត​ចុះ​ពិនិត្យ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​ដី​ទំនាស់ ដើម្បី​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​រវាង​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ឯកជន​ជាមួយ​ដី​ប្រឡាយ​របស់​រដ្ឋ​។

​លទ្ធផល​នៃ​ការចុះ​អង្កេត​ផ្ទាល់ ក្រុមការងារ​បានកត់សំគាល់​វាយតម្លៃ​ច្បាស់​ពី​ករណី​ទំនាស់​ខាងលើ ក្នុងនោះ​ក៏​បាន​គោរព​រាយការណ៍ និង​ស្នើសុំ​គោលការណ៍​ដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត កំពត សម្រាប់​ការអនុវត្ត​ទៅ​តាម​ទិដ្ឋភាព​ច្បាប់ ៕