​រថយន្ត​មួយ​គ្រឿង បើក​បុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​

ភ្នំពេញ ៖ បុរស​ម្នាក់ ជា​និស្សិត​សាលា​ភាសា​កូរ៉េ ត្រូវ​បាន​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន SOKIMEX មួយគ្រឿង បើក​ស្របគ្នា បុក​ពីក្រោយ​ផ្ទប់​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ បន្ទាប់មក​អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់គេចខ្លួន​បាត់​តែម្តង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រឹក ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២២ ស្ថិតនៅ​តាម​បណ្ត​យ​ផ្លូវ​មហាវិថី ឈ្នះ​ឈ្នះ មុខ​សាលា​ពហុបច្ចេកទេស​កម្ពុ​ជា ហៅ​សាលា​កូរ៉េ នៅ​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​សព​ជនរងគ្រោះ ឈ្មោះ​នុត វុ​ឌ្ឍី អាយុ ៣០​ឆ្នាំ ជា​និស្សិត​សាលា​ពហុបច្ចេកទេស​កម្ពុ​ជា ហៅ​សាលា​កូរ៉េ មាន​ទីលំនៅ​ក្នុង​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​។

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ បើកបរ​ម៉ូតូ​ធំ​មួយ​គ្រឿង ម៉ាក​YAMAHA ពណ៌​ខៀវ​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IF-6047 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ទៅ​រៀន ខណៈពេល​មកដល់​ត្រង់​ចំណុច​ក​លត​ហេតុ​ខាងលើ ក៏​មាន​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​សូគីម៉ិច (SOKIMEX) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1069 បើកបរ​ដោយ​បុរស​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ធ្វើដំណើ​តាម​បណ្តោយ​ផ្លូវ​មហាវិថី ឈ្នះ​ឈ្នះ ក្នុង​ទិសដៅ​ស្របគ្នា បុក​ពីក្រោយ​ផ្ទប់​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឱ្យ​បុរស​ជា​ម្ចាស់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​រត់គេចខ្លួន​បាត់​តែម្តង​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​សំរោងក្រោម ក៏​បាន​ចុះ​ទៅ​ជួយ​សម្រួល​ចរាចរណ៍ មិនឱ្យ​មាន​ការកកស្ទះ ព្រមទាំង​រាយការណ៍​បន្ត​ទៅ​កាន់​ស​ម​ត្ថ​កិច្ច​ចរាចរណ៍​ផ្លូវគោក ចុះមក​ធ្វើ​ការវាស់វែង នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​យកទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការ​ធ្វើ​ការដោះស្រាយ​គ្នា​តាម​និតិ​វិធី​ច្បាប់​។ ចំណែកឯ សព​ជនរងគ្រោះ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​រួចរាល់ ក៏​បាន​ប្រគល់​សាកសព​ជូន​ឱ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ឆៃ​ហួត និង​ប៊ុន​ធី​