​អភិបាលខេត្ត​កណ្ដាល ព្រមាន និង​ស្នើ​ឲ្យ​ដក​អភិបាល​ក្រុង​តាខ្មៅ អភិបាល​ស្រុក​ស្អាង មន្ត្រី​ពាក់ព័ន្ធ និង​ចាត់ការ​ផ្លូវច្បាប់ លើ​ថៅកែ ទឹកស្អាត បើ​ដោះស្រាយ​បញ្ហា​ទឹក​មិន​មាន​ប្រសិទ្ធភាព

​អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ព្រមាន​វិធាន ក្ដៅ ចំពោះ អភិបាល​ស្រុក​ស្អាង លោក ជឺ គឹម​ហៃ ដែល​ទើប​ឡើង តំណែង​ថ្មីៗ​, អភិបាល​ក្រុង​តាខ្មៅ លោក នូ សុវណ្ណ​រ៉ា​, មន្ត្រី​ពាក់ព័ន្ធ រហូត​ស្នើ​ឲ្យ​ដក តំណែង ចោល ព្រមទាំង​ព្រមាន​វិធានការ​ច្បាប់ ចំពោះ លោក ជ្រាង សេង​គង់ ថៅកែ​ទឹកស្អាត ដោយ​ទុក​ឱសានវាទ​រយ​: ពេល​២០​ថ្ងៃ​ប៉ុណ្ណោះ​បើសិនជា​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​នេះ​មិន​មាន​ប្រសិទ្ធភាព​និង​គុណភាព​ជូន​ប្រជា​ពល រដ្ឋ​។​

លោក​អភិបាលខេត្ត បាន​ព្រមាន​ធ្ងន់ៗ​យ៉ាង​ដូច្នេះ នៅ​គ្រា​ដែល​លោក អញ្ជើញ​ចុះ​ជួប​ប្រជាពលរដ្ឋ នៅ​ថ្ងៃ ចុង សប្ដាហ៍​នេះ នៅ​សាលា សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ដែល​មាន​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម និង​ប្រជា​ពល រដ្ឋ​ទាំង​៧៣​គ្រួសារ​ផង​ដែរ​។​

នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​សង្កេតឃើញថា លោក​អភិបាលខេត្ត បាន​ព្រមាន​យ៉ាង​ធ្ងន់ៗ​បែប​នេះ​ជាមួយ​ការ​ខឹងសម្បា​យ៉ាងខ្លាំង ក្រោយ បងប្អូន ប្រជាពលរដ្ឋ បាន​សុំ​អន្តរាគមន៍​មក​លោក ហើយ​លោក បាន បញ្ជា​ឲ្យ​អភិបាល​ស្រុក​ស្អាង​, អភិបាល​ក្រុង​តាខ្មៅ​, ប្រធាន​មន្ទីរ​ឧស្សា​ហ កម្ម និង​ថៅ​ទឹកស្អាត ចុះ​ដោះស្រាយ​បន្ទាន់​លើ​បញ្ហា​គ្មាន​ទឹក ទឹក​មាន តិចៗ​តែ​កខ្វក់ ពិសេស គឺ​កុងទ័​រដើរ​លឿន​ហួស​កម្រិត ប៉ុន្តែ​បែរជា មន្ត្រី​ទាំងនោះ ធ្វើ​របាយការណ៍​ភូតកុហក​លោក ដែល​ជា​ដើម​ចមនាំ ឲ្យ​លោក​ក្ដៅ​ចិត្ត ចុះ​មក​ជួប​ពលរដ្ឋ​ដោយផ្ទាល់ ហើយ​ព្រមាន​អស់លោក មន្ត្រី និង​ថៅកែ​ទឹកស្អាត​យ៉ាងធ្ងន់ធ្ងរ​បែបនេះ​។​

ពលរដ្ឋ​បន្ថែមថា ការព្រមាន និង​ដំណោះស្រាយ​យ៉ាង​ល្អ​របស់ លោក អភិបាលខេត្ត បាន​ញ៉ាំង​ឲ្យ​ប្រជារាស្ត្រ​ទាំងអស់​មាន​ក្ដីសង្ឃឹម​ខ្ពស់ មាន​ភាពកក់ក្ដៅ ពេញចិត្ត​ពេញ​ថ្លើម និង​មាន​ស្នាមញញឹម ប្រកប ដោយ​បេះដូង​ស្រលាញ់ ចំពោះ​លោក​អភិបាលខេត្ត​។​

ពេល​ជជែក​ដេញដោល​គ្នា​អស់​រយៈពេល​ជាង​៤​ម៉ោង រវាង​ប្រជាពលរដ្ឋ ចំនួន​៣​ឃុំ ក្នុង​ស្រុក​ស្អាង និង​១​សង្កាត់ ក្នុង​ក្រុង​តាខ្មៅ ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជាមួយ​ក្រុមហ៊ុន​រដ្ឋាករ​ទឹកស្អាត​ស្អាង នៅ​សាលា​សង្កាត់រ​កា​ខ្ពស់ លោក​អភិបាលខេត្ត​កណ្តាល បាន ដាក់​កំហុស​លើ​ក្រុមហ៊ុន អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ថា ធ្វើ​របាយកាណ៍ ភូតកុហក និង​មិន​យកចិត្តទុកដាក់​ដោះ ស្រាយ​ជូន​ប្រជាពលរដ្ឋ​។ បញ្ហា​ទឹក​ស្អាត​នេះ មិនមែន​តែ​អ្នកភូមិ​កោះគរ សង្កាត់​រកា​ខ្ពស់ មួយ​នោះ​ទេ គឺ​កើតមាន​រហូត​ដល់​ទៅ​៤​ឃុំ​-​សង្កាត់ រួមមាន​៖ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ និង​ឃុំ​ព្រែក​គយ ឃុំទឺក​វិល ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ដូច្នេះ​ពុំ​មែន​ជា​រឿង​សាមញ្ញ​នោះទេ​។ បញ្ហា​ទាំងនោះ រួមមាន​៖
*​ទី​១៖ អត់​ទឹក​ប្រើ​តែ​កុងទ័​រដើ​រលឿន *​ទី​២៖ ទឹកល្អក់ *​ទី​៣៖ ការ​ពិន័យ​ប្រាក់ និង​*​ទី​៤៖ មន្ត្រី​ក្រុមហ៊ុន​ប្រើ​អប្ប​កិរិយា​មិន​សមរម្យ​ចំពោះ​អតិថិជន​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថា ប្រជាពលរដ្ឋ​បង់ប្រាក់​យឺត​ក្រុមហ៊ុន​ពិន័យ ចុះ​ពេល​អត់​ទឹក​ផ្គត់ផ្គង់​ជូន​អតិថិជន និង​ទឹកល្អក់​ប្រើ​មិន​កើត​នោះ តើ​នរណា​ជា​អ្នក​ពិន័យ​ក្រុមហ៊ុន​វិញ ? ហើយ​រឿង​កុងទ័​រដើ​រលឿន ដែល​គ្រួសារ​ខ្លះ​មាន​សមាជិក​ត្រឹម​៦​នាក់ ប្រើ​អស់​ទឹក​ដល់​ទៅ​ជាង​១​ពាន់​គូប តើ​អាច​ទទួលយក​បាន​ដែរ​ឬទេ​? ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ខិតខំ​បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឡើងវិញ​។ ជាពិសេស​លើ​ការងារ​បច្ចេកទេស និង​រដ្ឋបាល កុំ​ពេល​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ទៅ​បួន​ដប់​ដង មិន​ចុះ​មក​ពិនិត្យ ចាំតែ​គិតលុយ​តាម​នាឡិកា​កុង​ទ័រនោះ​។​

ជាងនេះទៅទៀត​ចៅសង្កាត់ មេឃុំ អភិបាល​ក្រុង​តាខ្មៅ អភិបាល​ស្រុក​ស្អាង និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន ចុះ​ជំរឿន​ឡើងវិញ​តាម​ខ្នង​ផ្ទះ ប្រជាពលរដ្ឋ ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ បើ​បែក​ទុយោ​ត្រូវ ជួសជុល​ជូន​អតិថិជន​ភ្លាម​។​

លោក​អភិបាលខេត្ត បានបញ្ជាក់​ខ្លាំងៗ​ថា «​ត្រូវ​ឱ្យ​អតិថិជន​បង់ប្រាក់​ទៅតាម​លំ​អាន​ចាស់​ដែល​ពួកគាត់​ធ្លាប់​ប្រើប្រាស់​កន្លងមក អត់​មាន​បង់​រាប់សិប​ម៉ឺន រាប់​លាន​រៀល​នោះទេ ហើយ​ខ្ញុំ​ទុកពេល​ឱ្យធ្វើ​ការងារ​រយៈពេល​២០​ថ្ងៃ ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​នឹង​ដក​អភិបាលក្រុង​តាខ្មៅ និង​អភិបាលស្រុក​ស្អាង ចោល មន្ត្រី​ពាក់ព័ន្ធ ព្រោះ​អស់លោក​បាន​ធ្វើ​របាយការណ៍​ភូតកុហក និង​មិន​យកចិត្ត​ទុក ដាក់​បម្រើ​ប្រជាពលរដ្ឋ ហើយ​ក្រុមហ៊ុន​ក៏​នឹង​មាន​បញ្ហា​ដូចគ្នា​ដែរ នឹង​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ដែល​ការងារ​នេះ ខ្ញុំ​ចាត់​ឱ្យ​លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត ជា​អ្នកដឹកនាំ ជាពិសេស​ក្នុង​អំឡុងពេល​ដោះស្រាយ​នេះ ក្រុមហ៊ុន​ត្រូវតែ​ផ្គត់ផ្គង់​ទឹក​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​គ្រប់គ្រាន់ និង​តាម​ស្តង់ដា​»​។​

ក្រោយ​អភិបាលខេត្ត ចេញ​បទបញ្ជា​យ៉ាង​ដូច្នេះ ប្រជាពលរដ្ឋ​ទាំងអស់ នាំគ្នា​អបអរ​ដោយ​ក្តី​រីករាយ ហើយ​សង្ឃឹមថា រឿង​ទឹកស្អាត នឹង​លែង​បញ្ហា​ទៀតហើយ​។ ចំណែកឯ​លោក ជ្រាន សេង​គង់ ប្រធាន​រដ្ឋាករ​ទឹកស្អាត​ស្អាង បាន​សុខចិត្ត​អនុវត្តតាម​អនុសាសន៍​របស់​លោក​អភិបាលខេត្ត និង​ប្តេជ្ញា​បំពេញ​ចំណុច​ខ្វះខាត​របស់​ក្រុមហ៊ុន ឱ្យ​ខាន​តែ​បាន​។​
​គួរបញ្ជាក់​ថា ក្រុមហ៊ុន​ទឹកស្អាត​ស្អាង ដែល​មាន​លោកស្រី ចាន់ ណា​រី ជា​តំណាង​បាន​ទទួល​សិទ្ធិ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ រួមមាន​៖ ឃុំ​ព្រែក​គយ ឃុំ​ស្អាង​ភ្នំ និង ឃុំទឺក​វិល ស្រុក​ស្អាង ព្រមទាំង​សង្កាត់រ​កា​ខ្ពស់ ក្រុង​តាខ្មៅ តាំងពី​ឆ្នាំ​២០០៥ មកម្ល៉េះ​៕​