អភិបាលស្រុកទឹកឈូ ជូនដំណឹងការចុះរុះរើសំណង់អនាធិបតេយ្យដែលសង់រំលោភចូលដីចំណីព្រែក និងព្រែកក្នុងភូមិចំនួន២ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត៖ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានជូនដំណឹង ដល់ពលរដ្ឋដែលទន្ទ្រានរំលោភដីចំណីព្រែក នឹងព្រែក ចំនួនពីរភូមិក្នុងឃុំជុំគ្រៀលស្រុកទឹកឈូខេត្តកំពត។ រួមនិងមន្ទីរជំនាញពាក់ព័ន្ធឲ្យចុះអនុវត្តរុះរើសំណង់មួយចំនួននៅក្នុងក្រុងកំពត និងអោយកាយអាចម៍ដីដកដើមឈើដែលរំលោភចូលដីចំណីព្រែក និងព្រែក ក្នុងក្រុងកំពត-ខេត្តកំពត។ ការចុះរុះរើសំណង់អនាធិតេយ្យនេះ គឺត្រូវធ្វើឡើង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ។

យោងតាមលិខិតលេខ ៤១២/២២ ស.ជ.ណ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកទឹកឈូ ជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងព្រែក ស្ថិតក្នុងភូមិកំពង់កណ្តាល និងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតមានខ្លឹមសារថា យោង ៖ ព្រះរាជក្រម ន.ស/រកម/០៨០១/១៤ ប្រកាសឲ្យប្រើច្បាប់ភូមិបាលឆ្នាំ២០០១, អនុក្រឹត្យលេខ៩៨ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ, សារាចរណែនាំលេខ០១ ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា, សេចក្តីជូនដំណឹងលេខ ៣៩៦/២៣ ស.ជ.ណ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកទឹកឈូ , តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិបាលខេត្ត កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

រដ្ឋបាលស្រុកទឹកឈូ បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើសកម្មភាពសាងសង់សំណង់ផ្សេងៗដូចជា សាងសង់ផ្ទះ កញ្ចុះ ធ្វើរបង ចាក់អាចម៍ដី ដាំដើមឈើ តាមដងព្រែកចាប់ពីស្ពានថ្មកំពង់គ្រៀក ដល់ទីបញ្ជាការកងទ័ពជើងទឹក ស្ថិតក្នុងភូមិកំពង់កណ្ដាល និងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតឲ្យបានជ្រាបថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធនឹងចុះរុះរើសំណង់ផ្សេងៗ កាយអាចម៍ដី ដកដើមឈើ ដែលរំលោភចូលដីចំណីព្រែក និងព្រែកនោះចេញ ប៉ុន្តែនៅមុនថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បងប្អូនអាចធ្វើការរុះរើដោយខ្លួនឯង។

ពាក់ព័ន្ធ ករណីមិនអនុវត្តន៍តាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលស្រុកទឹកឈូសហការជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធចុះរុះរើសំណង់ កាយអាចម៍ដី ព្រមទាំងដកដើមឈើនោះចេញ ហើយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិរបស់បងប្អូនឡើយ៕