​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង បង្ក​ផលប៉ះពាល់​ខូចខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាង​៤០០​ហិកតា​

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រក្ខាប្រម៉ាញ់​និង​នេសាទ ខេត្ត​កំពង់ធំ រួម​ជាមួយ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ឋ អញ្ជើញ​ចូលរួម ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង ដែល​បង្ក​ផលប៉ះពាល់​ជន់​លិច​ខូចខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ​ជាង​៤០០​ហិកតា នៅ​ឃុំ​ត្បែង និង​ឃុំ​សា​ន់គរ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃទី ០២ ខែ​សីហា ឆ្នាំ​២០២២ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​បាន​ថ្លែងថា ទឹកជំនន់​លិចលង់​ស្រូវ​របស់​ប្រជាកសិករ​នាពេលនេះ តាម​ការពិនិត្យ​ជាក់ស្តែង ក្នុងចំណោម​ស្រូវ​ជាង​២០០០​ហិតា​នេះ ឃើញ​មាន​ស្រូវ​ប្រមាណ​ជា​៥០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​ទីតាំង​ខាងលើ​នេះ​វា​មិន​ស្រូវ ១០០​ភាគរយ​នោះ​ទេ គឺ​មាន​ស្រូវ ស្មោង ស្រ​ង៉ែ លាយឡំ​គ្នា ដូច្នេះ​សូម​អោយ​អាជ្ញាធរ គ្រប់​លំដាប់ថ្នាក់ ត្រូវ​ស្រង់​បច្ចុប្បន្នភាព​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់​ថា តើ​ប្រជាកសិករ​យើង​អាច​មាន​លទ្ធភាព បន្ត​ធ្វើ​ស្រូវប្រាំង​ក្នុង​ខែ​វិច្ឆិកា និង​ខែធ្នូ​បាន​ដែរ​ទេ សូម​ស្រង់​យកឈ្មោះ​ពួកគាត់​ដើម្បី​រៀបចំ​ពាក្យ ក្នុង​ការស្នើសុំ​ពី​ស្បៀង​របស់​រដ្ឋ ហើយ​ចែកជូន​ស្រូវពូជ​អោយ​គាត់​តាម​លទ្ធភាព​ជាក់ស្តែង ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ក្រោយពី​បាន​ពិនិត្យ​ជាក់ស្តែង គឺ​សង្កេតឃើញថា ទឹកជំនន់​ទាំងនេះ​គឺ​មិន​អាច​មាន​សភាព​ស្រក់​ទេ គឺមាន​តែ​ឡើង​រហូត ព្រោះ​វា​ជាវ​ស្សា​ហើយ យោងតាម​របាយការណ៍​ខេត្ត​កំពង់ធំ នាពេលនេះ​គឺ​ស្រូវវស្សា​ឆ្នាំ​នេះ​រង​ការប៉ះពាល់​សរុប​ទូទាំង​ខេត្ត​ជិត​១​ម៉ឺន​ហិកតា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ឆ្នាំនេះ​ស្រូវ​មានតម្លៃ​ទាប ត្រឹមតែ​៧០០​រៀល ទៅ​៨០០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម ប្រជា​កសិករ​យើង​គ្មាន​ប្រាក់​ចំណេញ​ទេ គឺមាន​តែ​ខាតដើម ខាត​ចុង គឺ​និយាយ​ជារួម​ទៅ​គឺ​ប្រជាកសិករ​យើង​មិន​បាន​ចំណេញ​សោះ នេះ​ហើយ​វា​មាន​ការលំបាក ដូច្នេះ​មានតែ ការទាមទារ​ដើម្បី​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ពិចារណា​ទៅលើ​ការនាំចេញ​អង្ករ ។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់​ថា ឆ្នាំ​នេះ​មូលហេតុ​ដែល​ប្រជា​កសិករ​យើង​បន្ថយ​ការផលិត​ស្រូវ គឺ​មាន​មូលហេតុ ដូច្នេះ​ថា កត្តា​តម្លៃ​ប្រេង តម្លៃ​ជី​កសិកម្ម តម្លៃ​ភ្ជួរ​រា​ស់ តម្លៃ​ដឹកជញ្ជូន កត្តា​ឡើងថ្លៃ​នេះ​ហើយ​បាន​ធ្វើអោយ​ប្រជា​កសិករ​យើង​បន្ថយ​ការផលិត​ស្រូវ ព្រោះតែ​តម្លៃ​ដើម​ថ្លៃ គ្មាន​ទទួល​ការ​ចំណេញ ដូច្នេះ​ពួកគាត់​បន្ថយ​ការផលិត​តែម្តង ថយ​ចុះ​រហូតដល់​៧​ម៉ឺន​ហិតា បើ​ប្រៀបធៀប​ឆ្នាំមុនៗ ក្នុង​ខេត្ត​កំពង់ធំ ។​

​ក្នុងនោះដែរ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​អោយ​អាជ្ញាធរ កម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត​ទាំងអស់​សូម​ត្រៀមខ្លួន​អោយ​ជា​ស្រាច ប្រសិន​ស្រូវ​របស់​ប្រជាកសិករ​រូប​ណា​ម្នាក់​មិន​អាច​យក​ម៉ាស៊ីន​ច្រូតកាត់​មិន​បាន​ទេ គឺ​សូម​ត្រៀម​ខ្លួន​ចុះ​ច្រូត​កាត់ ជូន​ពួកគាត់​អោយទាន់​ពេលវេលា ៕