​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ពិភាក្សា​លើ​ករណី​ការបាញ់សម្លាប់​ជនជាតិ​ចិន​ចំនួន ២ នាក់ នៅ​ក្នុង​កាស៊ីណូ តុង​ហ្វាង​ប៉ាលី​រិន

ខេត្ត​ព្រះសីហនុ​-​រសៀល​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ពិភាក្សា​លើ​ករណី​ការបាញ់សម្លាប់​ជនជាតិ​ចិន​ចំនួន ២ នាក់ នៅ​ក្នុង​កាស៊ីណូ តុង​ហ្វាង​ប៉ាលី​រិន ស្ថិតក្នុង​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​កន្លងមក​។

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច បញ្ជាក់ថា ក្រោយ​កើតហេតុ​ភ្លាមៗ កម្លាំង​សមត្ថកិច្ច​ខេត្ត បាន​ចុះ​ធ្វើ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​តាម​ប្រមាញ់​ស្រាវជ្រាវ​រក​ជនបង្ក​។ ជា​លទ្ធផល​គិត​ត្រឹម​រសៀល​ថ្ងៃ​២​សីហា​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ឃាត់ខ្លួន​ជនសង្ស័យ​បាន​មួយ​ចំនួន​យកមក​ធ្វើ​សាកសួរ​តាម​នីតិវិធី និង​បន្ត​តាម​ស្រាវជ្រាវ​រក​ជនដៃដល់​ផ្សេង​ទៀត​មក​ផ្តន្ទាទោស​តាមច្បាប់​។ បើតាម​សមត្ថកិច្ច​បាន​ធ្វើ​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ករណី​បាញ់សម្លាប់​គ្នា​នេះ គឺពាក់ព័ន្ធ​នឹង​ទំនាស់​ជំពាក់​ប្រាក់​។

​ផ្តើមចេញ​ពី​ការបាញ់សម្លាប់​គ្នា​នេះ គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្ត បាន​ដាក់​ចេញ​នៅ​វិធានការ​ដាច់​ណាត់ ចំពោះ​ទីតាំង​កាស៊ីណូ និង​ទីតាំង​អាជីវកម្ម​ផ្សេងទៀត ក្នុងករណី​ដែល​រកឃើញ​មាន ការបាញ់សម្លាប់ ការចាប់​បង្ខាំង ការប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​ផ្សេងៗ នោះ​អាជ្ញាធរ​ខេត្ត នឹង​ធ្វើ​ការបិទ​ផ្អាក​អាជីវកម្ម និង​ស្នើសុំ​គោល​ការណ៏​ទៅ​រាជរដ្ឋាភិបា​ល ដើម្បី​ដក​អាជ្ញាប័ណ្ណ​ជា​ស្ថាពរ លែងឱ្យ​ប្រកប​របរ​រកស៊ី​នៅក្នុង​ខេត្ត​ព្រះសីហនុ​តទៅទៀត​។ ដោយឡែក​ចំពោះ​ជនល្មើស​ដែល​ឃាត់ខ្លួន​បាន នឹង​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការលើកលែង​ឡើយ​៕