សម្តេច​ក្រឡាហោម ស ខេង នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ !

ខេត្ត​ព្រះវិហារ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល ,​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​សីហា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​យោង​តាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៧២២/៨៦២ ចុះ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ស្តីពី​ការតែងតាំង​មន្ត្រីរាជការ និង​អនុក្រឹត្យ​លេខ ៥១៦ អនក្រ​.​ត​ត ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២២ ស្តីពី​ការតែងតាំង​មន្ត្រីរាជការ អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ បាន​ជម្រាបជូន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ស្តីពី​ការរៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល ,​អភិបាលរង នៃ​គណៈ​អ​ភ​បាល​ខេត្ត​ព្រះវិហារ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​សុក្រ​ទី​៥ ខែ​សីហា ឆ្នាំ​២០២២ ខាងមុខនេះ នៅ​សាលប្រជុំ​ខេត្ត​ព្រះវិហារ​។​

​ប្រសិនបើ​គ្មាន​ការប្រែប្រួល​នោះទេ ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាល ,​អភិបាលរង នៃ​គណៈ​អ​ភ​បាល​ខេត្ត​ព្រះវិហារ នឹង​ត្រូវ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុន្នី ទ្រង់​បាន​ត្រាស់​បង្គាប់ លោក គីម រិទ្ធី ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៣ ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ជំនួស លោក ប្រាក់ សុវណ្ណ ដែល​នឹង​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​។​

​លោក គីម រិទ្ធី គឺ​ជា​អតីត អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កណ្តាល នៅ​អំឡុង​ឆ្នាំ​២០១៤ រហូតដល់ ខែ​កុម្ភះ​ឆ្នាំ​២០២២ ទើប​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​ភារកិច្ច​លោក ពី​អភិបាលរង​ខេត្ត​កណ្តាល ឲ្យមក​កាន់តំណែង​ជា អគ្គនាយករង នៃ​អគ្គនាយក​រដ្ឋា​ន​រដ្ឋបាល ក្រសួងមហាផ្ទៃ​។​

​នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២២ ខាងមុខនេះ លោក គីម រិទ្ធី នឹង​ត្រូវ​ប្រកាស​ចូល​កាន់​មុខតំណែង​ជា អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ដើម្បី​ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ បន្ត​ពី​លោក ប្រាក់ សុវណ្ណ នោះ​ហើយ​។

​នៅក្នុង​ពិធី​នោះ​ទៀត សម្តេច​ក្រឡាហោម ស ខេង ក៏​នឹង​ត្រូវ​ប្រកាស​ឲ្យចូល​កាន់​មុខតំណែង អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ជាច្រើនរូប​ទៀត ផងដែរ​៕