ស្នងការរង​នគរបាល​ខេត្ត​កំពង់ធំ ចុះ​បង្ក្រាប​បទល្មើស​បឹង​ទន្លេសាប នៅ​ឃុំ​ផាត់​សណ្ដាយ ដែល​ប្រជា​នេសាទ​កំពុងតែ​នេសាទ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​

(​កំពង់ធំ​)÷​លោក​ឧត្តមសេនីយ៍ត្រី វ៉ា ចាន់​កុសល ស្នងការរង​នគរបាល​ខេត្ត ប្រធាន​ក្រុម​ការងារ​បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ចុះ​ទប់ស្កាត់​កុំ​ឱ្យ​ប្រជា​នេសាទ នេសាទ​ហួស​ដែន​កំណត់ លក្ខណៈ​ទ្រង់ទ្រាយ​ធំ ការពារ​កុំឱ្យ​ដាច់​ពូជ​ត្រី នៅ​ព្រឹក​ថ្ងៃ​ពុធ​០៦​កើត ខែ​ស្រាពណ៍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០២២ ។​

​ប្រធាន​ក្រុមការងារ​ប្រចាំ​ការអនុវត្ត​បទបញ្ជា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​បឹង​ទន្លេសាប ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់​កុសល ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​ទទួលខុសត្រូវ​ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ព្រមទាំង​សហការ​រី បានចេញ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​ចាប់​ពី​មាត់​ព្រែក​អំបែងចែស ដល់​កោះ​បឹង​ស្រែ ក្នុង​ភូមិសាស្ត្រ ឃុំ​ផាត់​សណ្តា​យ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។

​លោក​ឧត្តមសេនីយ៍ត្រី វ៉ា ចាន់​កុសល ស្នងការរង​នគរបាល​ខេត្ត ដឹកនាំ​ក្រុម​ការងារ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​÷​បង្ក​សំណុំរឿង​បាន​ចំនួន​០១​ករណី គឺ​រុះរើ​បំផ្លាញចោល​វត្ថុតាង​នៅ​និង​កន្លែង​រួមមាន របាំង​សាច់​អួន​ក្រឡា​ញឹក​ចំនួន​១៣​របាំង ប្រវែង ៣៩០០​ម៉ែត្រ ។ ឡុក​ចំនួន​២៦​គ្រឿង លប​លូ​ចំនួន​៣៣ មាត់ បង្គោល​ចំនួន​២៥០០​ដើម ចាក់​លែង​ត្រី​ស្រស់​ចំរុះ ចំនួន​៥០​គីឡូក្រាម​ចូល​ទន្លេ​វិញ ។​

​ចំណែកឯ​បទល្មើស​នេសាទ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​កំពុងតែ​រីក​រាលដាល​ជា​បន្តបន្ទាប់ ហេតុនេះ​ហើយ​លោក​ឧត្តមសេនីយ៍ត្រី វ៉ា ចាន់​កុសល ស្នងការរង​នគរបាល​ខេត្ត ដឹកនាំ​ក្រុម​ការងារ​ចុះបង្ក្រាប​ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​ជាបន្ទាន់ នេះ​រដូវ​ទឹក​ឡើង​ជា​រដូវ​ត្រី​ពង ដើម្បី​ការពារ​ធនធាន​ធម្មជាត​កើតឡើង​វិញ​។​