សម្តេច​តេជោ ហ៊ុន សែន បញ្ជា​ឲ្យ​រំលាយ​ចោល​កិច្ចសន្យាគ្រ​ប់​បុរី​ទាំងអស់ ដែល​ផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ និង​អ៉ិន​ធឺ​ណិ​ត ចាប់ពី​ថ្ងៃស្អែក​តទៅ​

​ភ្នំពេញ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​លុបចោល​ទាំងអស់ នូវ​កិច្ចសន្យា​ផ្តល់​សិទ្ធិផ្តាច់មុខ ដែល​គ្រប់​បុរី​ទាំងអស់ ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ និង​សេវា Internet ព្រោះ​បាន​ធ្វើឲ្យប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដោយសារ​គ្មាន​ការប្រកួតប្រជែង​រវាង​ប្រតិបត្តិ​ក​រ​។ នេះ​បើ​តាម​ការ​ថ្លែង​ឲ្យដឹង​របស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។​

​ការ​ថ្លែង​របស់​លោក​រដ្ឋមន្ត្រី ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​» ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២២​។​

​លោក ជា វ៉ាន់ដេត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​មុន​ខ្ញុំ​មក​ទី​នេះ សម្តេច​តេ​ជោបាន​បញ្ជា​ខ្ញុំ​ថា រាល់កន្លែង​ទាំងអស់​ដែល​មាន​សិទ្ធិផ្តាច់មុខ អ៉ី​ធឺ​ណិ​ត​ក្នុង​បុរី លុបចោល​ទាំងអស់ អត់​មាន​ឲ្យ​ទៀត​ទេ​។ សូមឲ្យ​ប្រតិបត្តិ​ករទាំង​យល់ដឹង និង​សូម​ឲ្យ​និយ័តករ​ទូរគមនាគម​ន៍ អនុវត្ត​ប្រសាសន៍​របស់​ម្តេច​តេជោ អត់​មាន​ត្រូវ​ឲ្យ​ផ្តាច់​មុខទៀត ប្រតិបត្តិ​ករ​ត្រូវ​ចូល​ប៉ុន្មាន​ចូល​ទៅ​»​។​

​លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ថា «​ក្រោយ​ទទួល​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ ក្រសួង និង​និយ័ត​ករ​ទូរគមនាគមន៍ គឺ​ត្រូវតែ​រំលាយចោល​នូវ​រាល់​ភាពផ្តាច់មុខ​ទាំងអស់ អត់​មាន​នរណា​មួយ​មាន​សិទ្ធិផ្តាច់មុខ​ក្នុង​ការរកស៊ី ក្នុង​បុរី​តទៅទៀត​ទេ ហើយ​ការអនុវត្តន៍​ចាប់ពី​ថ្ងៃស្អែក​នេះ​តទៅ​»​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី ជា វ៉ាន់ដេត ក្រុមការងារ​របស់​ក្រសួង​បាន​ធ្វើ​ការចុះ​ស្រង់​ទិន្នន័យ​តាម​បុរី​ជាង ១០០​បុរី​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​បុរី​ខ្លះ​ផ្តល់​សិទ្ធិផ្តាច់មុខ ដល់​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​អ៉ឺ​ធឺ​ណិ​ត ដែល​នាំ​ឲ្យ​អ្នកប្រើប្រាស់​មាន​ការលំបាក ក្នុង​ការប្រើប្រាស់ ពោះ​គ្មាន​ជំរើស​។ ជាមួយគ្នានេះ ក្រុមការងារ​របស់​ក្រសួង បាន​ចុះ​ធ្វើការ​តេស្ត​សេវា​ទូរស័ព្ទ នៅក្នុង​បុរី​បាន​ចំនួន​៦០​បុរី​រួចហើយ នៅ​តែ​ចំនួន​៤០​បុរី​ទៀត​ប៉ុណ្ណោះ​។​

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​សេវា​ទូរស័ព្ទ និង​អ៉ី​ធឺ​ណិ​ត​នៅ​តាម​បុរី ក្រសួង​បាន​សម្រេច​ជ្រើសរើស​យក​បុរី ប៉េង​ហួត ជា​គំរូ​មុនគេ បន្ទាប់មក​ទើប​ដោះស្រាយ​បុរី​ផ្សេងៗ​ទៀត​៕