​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​

នៅ​រសៀល​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ ២០២២ នេះ បន្ទាប់ពី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា ។

​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឧត្តម​នាយករ​ដ្ឋ​មន្ត្រី​ឥណ្ឌា ជូន​ចំពោះ​សម្ដេច​តេជោ និង​បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា ការចូលរួម​ប្រជុំ​របស់​ឯកឧត្តម​នៅ​កម្ពុជា គឺ​ទទួលបាន​ជោគជ័យ​បាន​ទ្វេភាគី និង​ក្របខណ្ឌ​ពហុភាគី ក្នុងន័យនេះ ឯកឧត្តម​សូម​គោរព​នូវ​ការអបអរសាទរ ចំពោះ​ជោគជ័យ​របស់​កម្ពុជា​ក្នុង​ភាព​ជា​ប្រធាន​អាស៊ាន​។

​ឯកឧត្តម​មាន​ប្រសាសន៍​ជំរាបជូន​សម្តេច​តេជោ ពី​គោលបំណង​នៃ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់​ផ្លូវ ពី​ប្រទេស​ឥណ្ឌា ឆ្លងកាត់​ប្រទេស​មី​យ៉ាន់​មារ ប្រទេស​ថៃ និង​មកដល់​ប្រទេស​កម្ពុជា និង​សហ​ប្រតិ​បតិការ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន មេគង្គ គង្គា លើ​វិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និង​អភិវឌ្ឍ​សហគមន៍ ព្រមទាំង​ជួសជុល​ប្រាង្គ​ប្រាសាទ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​អំណរគុ​ណ​ចំពោះ​គោលបំណង នៃ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​លើកឡើង​ដោយ ឯកឧត្តម​រដ្ឋមន្ត្រី​។ សម្តេច​តេ​ជោបាន​លើកទឹ​ក​ចិត្ត​ឲ្យមាន​ការសិក្សា​បញ្ចប់​លើ​ផ្នែក​បច្ចេកទេស ដើម្បី​ជំរុញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំង​ពីរ​ផង និង​កិច្ចសន្យា​គាំពារ​វិនិយោគ​ផង ។

​សម្តេច​តេជោក៏បាន​ស្នើ​ដល់​ភាគី​ឥណ្ឌា ជំរុញ​ឲ្យមាន​ការហោះហើ​រ​ត្រង់​មក​កម្ពុជា ដើម្បី​ជំរុញ​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ស្នើ​ឲ្យមាន​ការពិចារណា​ដើម្បី​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រ​មេគង្គ គង្គា ឲ្យដល់​កំរិត​កំពូល​៕