ជនសង្ស័យ​០៣​នាក់​ត្រូវ​ជាប់​អន្ទាក់​សមត្ថកិច្ច​ស្រុក​គិរីវង់​០២​នាក់​និង​គេចខ្លួនបាត់​០១​នាក់​

ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​មាន​ការសម្របសម្រួល​និតិ​វិធី​ច្បាប់ ពី​ឯកឧត្តម​ឯក ឆេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃ​អង្គារ​៤​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩:១០​នាទី លោក​វរសេនីយ៍ឯក យុ​គ សារ៉ាត់ អធិការនគរបាល​ស្រុក បាន​ចាត់​កម្លាំង​ជំនាញ​ស្រុក​ល្បាត​ក្នុង​ភូមិសាស្ត្រ​លុះដល់​នៅ​ចំណុច​ភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ នៅមុខ​ផ្ទះ​របស់​ឈ្មោះ ទុក សិលា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ។
​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​សាកសួរ ខណៈ​នោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ ជ័យ មរកត (​ហៅ ឆេះ​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​ជន សង្ស័យ​បានតែ​ចំនួន​០២​នាក់​ជាប់​ក្នុង​ចំណោម​បក្សពួក ០៣ នាក់ ក្នុងនោះ​រួមមាន ៖
១• ឈ្មោះ ឌុ​ក សិលា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ ។​
(​សូមបញ្ជាក់​៖ ជនសង្ស័យ​ឈ្មោះ ឌុ​ក​សិលា មាន​វិជ្ជ​មានកូ​វីដ​១៩ )
២• ឈ្មោះ រឿន រ៉ាវី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តាល ឃុំ​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ ។​
​ក្នុង​ពេល​ឃាត់ខ្លួន​នោះ គឺ​សមត្ថកិច្ច​យើង​ដក់ហូត​បាន​ម៉ូតូ​០១ គ្រឿង​ម៉ាក​អ៊ុច​ស៊ីទ័រ ពណ៌​ខ្មៅ (​គ្មាន​ស្លាក​លេខ​) លុះ​សមត្ថកិច្ច​យើង​បាន​ធ្វើ​ការឆែកឆេរ​ក្នុង​ម៉ូតូ​រក​ឃើញ​សម្ភារៈ រួមមាន​ដូចជា ៖ ស្នាប់ដៃ​ចំនួន​០១ ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ចំនួន​០២ សោរ​សៀ​លេខ ០៨ ចំនួន​០១ សោរ​ប្រដាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០១ ទុ​ល្វីស​ចំនួន ០១ និង​ថ្នាំញៀន​ពណ៌​ផ្កាឈូក​ចំនួន​០៣​គ្រាប់ ។​

​សូមបញ្ជាក់​ថា ៖ ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​នៅ​ពេល​សមត្ថកិច្ច​យើង​សាកសួរ ជនសង្ស័យ​ឈ្មោះ រឿន រ៉ាវី បាន​ឆ្លើយ​សារភាពថា កន្លងមក​នៅ ដើមឆ្នាំ ២០២២ រូប​គេ​ធ្លាប់បាន​លួច​ម៉ូតូ​០១​គ្រឿង ម៉ាក BEAT គ្មាន​ស្លាក​លេខ នៅ​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិន​ស្រុក​គិរីវង់ ម្តង​រួចមកហើយ​។ រីឯ​ម៉ូតូ​ម៉ាក អ៊ី​ស៊ីទ័រ ពណ៌​ខ្មៅ ដែល​មាន​សម្ភារៈ​ល្មើស គឺជា​របស់​ឈ្មោះ ជ័យ មរកត (​ហៅ ឆេះ​) បាន​ពឹង​ពួកគេ (​ឌុ​ក សិលា និង រឿន រ៉ាវី​) អោយជួយ​យកទៅលក់​នៅ​ឃុំ​ល្វា ស្រុក​ទ្រាំង ខេត្តតាកែវ ប៉ុណ្ណោះ​

​ចំណែក ជនសង្ស័យ​បច្ចុប្បន្ន​សមត្ថកិច្ច​យើង​បាន​ធ្វើកា​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕