ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប បានបើ​កកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២២ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រា​រដ្ឋាភិបាល​កម្ពុជា​

សាលប្រជុំ​សាលាខេត្ត​កែប ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតី ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ត្រីមាស​ទី​៣ និង​លើក​ទិសដៅ​អនុវត្ត​ត្រីមាស​ទី​៤ ឆ្នាំ​២០២២ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប​។ កិច្ចប្រជុំ​នា​ឱកាស​នោះ ប្រព្រឹត្តទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ ថ្នាក់​ខេត្ត ក្រុង ស្រុក និង​ឃុំ សង្កាត់ ចូលរួម​ផង​ដែរ​។​

​កិច្ចប្រជុំ​នេះ ក៏​មាន​ការ​ឡេីងរាយការណ៍​ពីល​ទ្ធ​ផល​ការងារ​ដែលបា​ន​អនុវត្ត​ដោយ រដ្ឋ បាល ក្រុង​ស្រុក​ទាំង​ពីរ និង​បណ្តា​មេឃុំ ចៅ​សង្កាត់​ទាំង​៥ របស់​ខេត្ត​កែប លើ​វឌ្ឍនភាព​ការងារ​ក្នុង​ត្រីមាស​ទី​៣ ពិសេស​ការអនុវត្ត​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់ កាល ទី​៤ របស់​រាជរដ្ឋាភិបាល នៅ​ថ្នាក់​មូលដ្ឋាន​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប មានប្រសាសន៍​ស្វា​គម៍ និង​អាន​នូវ​សេចក្តីព្រាង​របាយការណ៍​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត ដែល​បង្ហាញ និង​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព លទ្ធផល​ដែល​ក្រុមការងារ​អនុវត្ត​បាន​ក្នុង​ត្រីមាស​ទី​៣ បញ្ហា​ប្រឈម ក្នុង​អំឡុង​ពេល​អនុវត្ត​ការងារ​កន្លងមក និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ត្រីមាស​ទី​៤ ក្នុង​ឆ្នាំ​២០២២ នៅ​ទូទាំង​ខេត្ត​កែប ។ ជាមួយគ្នា ឯកឧត្តម​បណ្ឌិត ក៏​បាន​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​សូម​យកចិត្តទុកដាក់​អនុវត្ត​ការងារ​មួយចំនួន​ដូច​ខាងក្រោម​៖
-​អនុវត្ត​អោយមាន​ប្រសិទ្ធភាព​នូវ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែង​។​
-​យកចិត្តទុកដាក់​លើ​ការងារ​ផ្តល់​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ អោយមាន​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ក្រមសីលធម៌​
-​ជម្រុញ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២២ អោយបាន​គ្រប់​គ្នា​
-​លើក​កំពស់​ចលនា​ភូមិ ឃុំ មាន​សុវត្ថិភាព ដើម្បី​ធានាបាន​នូវ សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ជូន​ប្រជាពលរដ្ឋ​
-​ជម្រុញ​ការអនុវត្ត​ច្បាប់ ស្តីពី ការគ្រប់គ្រង​ធនធានធម្មជាតិ​, ច្បាប់​ចរាចរណ៍​ផ្លូវគោគ អោយមាន​ប្រសិទ្ធភាព​។​
-​យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​
-​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​គ្រោះ​មហន្តរាយ ជូន​ប្រជា​ពលរ​រដ្ឋ​អោយបាន​ទាន់​ពេលវេលា​។
-​អន្តរាគមន៍ ចំពោះ​ឡាន​ដឹក​ដី​ដែល​ធ្វើអោយ​ខូច​ផ្លូវ​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ជិន ប៊ុនស៊ាន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កែប បានបញ្ជាក់​ថា ការរៀបចំ​កិច្ចប្រជុំ​នាពេលនេះ សំដៅ​ជម្រុញ ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល អោយមាន​ប្រសិទ្ធភាព ព្រមទាំង​ធ្វេី​ការឆ្លុះ​បញ្ចាំង​ចំណុចខ្សោយ ខ្លាំង និង​បញ្ហា​ប្រឈម​ក្នុង​ត្រីមាស​៣ និង​ពិភាក្សា​ដាក់ចេញ​ទិសដៅ​សម្រាប់​អនុវត្ត​ត្រីមាស​៤ ឆ្នាំ ២០២២​។ ឯកឧត្តម ជំរុញ​អោយ​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​ពាក់ព័ន្ធ ក្នុង​ស្មារតី​ទទួលខុសត្រូវ ទាំង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ​សាធារណៈ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន អោយមាន​ភាព​កាន់តែ​ល្អប្រសើរ ជាមួយ​នេះ​មន្ត្រី​រាជការ​ត្រូវមាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត ឥរិយាបថ និង​គោរព​វិន័យ​អោយបាន​ល្អ ត្រូវ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ ដោយ​ឈរ​លើ​មូលដ្ឋាន​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន​សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ អោយទាន់​ពេលវេលា ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម ជិន ប៊ុនស៊ាន មានប្រសាសន៍​បន្ត​ថា ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ខ្លួន​ឯកឧត្តម​ផ្ទាល់ សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុម​ការងារ​គ្រប់​ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នា​ពេលកន្លងមក និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​អោយ​កាន់​រីកចម្រើន​លើ​គ្រប់​វិស័យ​ថែមទៀត​។ ឯកឧត្តម ក៏​លេីកទឹកចិត្ត​ឲ្យ​សមាជិក​ក្នុង​កិច្ចប្រជុំ​ទាំងមូល ផ្តល់​នូវ​ការគាំទ្រ និង​ចូលរួម​លើកឡើង​នៅ​បញ្ហា​ប្រឈម ដំណោះស្រាយ និង​ធ្វើ​ការពិភាក្សា​ផ្លាស់ប្តូរ​នូវ​គំនិត​យោបល់ និង​បទពិសោធន៍​ល្អៗ​សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការអនុវត្ត​ត្រីមាស​បន្ទាប់​អោយ​ទទួលបាន​លទ្ធផល​ល្អប្រសើ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ជូន​ដល់ លោក​មេឃុំ​/​ចៅសង្កាត់ និង​មេភូមិ ក្នុង​ម្នាក់ៗ ២០,០០០​រៀល​ផង​ដែរ​៕