ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ត្រីរាជការ​ខេត្ត​កែប​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​សត្ថា​ធម្ម​វិហារ​(​ហៅ​វត្ត​ភ្នំ​ពោន​)

​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ ត្រូវ​នឹង​ថ្ងៃ​អង្គារ ៣​រោច ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប រួម​ជាមួយ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ ខេត្ត មន្ត្រី រាជការ កងកំលាំង ទាំងបី បាន​អញ្ជើញ​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​សត្ថា​ធម្ម​វិហារ​ហៅ​វត្ត​ភ្នំ​ពោន ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ពិធី​កាន់បិណ្ឌ​បាន​ប្រព្រឹត្តទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណីយ៍​ព្រះពុទ្ធសាសនា​ដ៏រុង រឿង​នៃ​យើង ដោយ​ធ្វើ​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសិល និង​រាប់បាត្រ ដារ បង្សុកូល ឧទ្ទិស​កុសល្យផល​បុណ្យ ជូន​ដល់​បុព្វការី​ជន មាន​ជីដូន ជីតា មាតា បិតា គ្រូ​ឧបជ្ឈាយា​ចារ្យ ញាតិ​កា​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ សូមឲ្យ​បាន​ទៅ​សោយសុខ នាទី​ស្ថាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​វេរ​ប្រគេន​ចតុបច្ច័យ​ដល់ ព្រះសង្ឃ​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស សម្រាប់​ប្រើប្រាស់ ចាត់ចែង​បន្ត​កសាង​ទី​សេនាសនៈ នៅក្នុង​អារាម​វត្ត​ផង​ដែរ ។ បច្ច័យ ទេយ្យទាន និង​គ្រឿង​បរិក្ខារ ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ រួមមាន មី ទឹកត្រី ទឹក​សុទ្ធ ត្រីខកំប៉ុង និង បច្ច័យ​ចំនួន​ជាង ៣,២០០,០០០៛ សម្រាប់​កសាង ប្រគេន​ព្រះសង្ឃ និង​ជូន លោកយាយ លោកតា ពុទ្ធបរិស័ទ​ចូលរួម​កាន់បិណ្ឌ​ក្នុង​ទី​អា​រម​វត្ត​នោះ​ផង​ដែរ​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​រំលឹក​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ លោកយាយ លោកតា ត្រូវ​គោរព​បូជា និង​ធ្វើ​បុណ្យទាន​ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា ព្រមទាំង​ចូលរួម​ក្នុង​ការអប់រំ ទាំង​ផ្លូវ​លោក ផ្លូវ​ធម៌ ដែល​ជា​ការរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការបង្កើន​នៅ​ចំណេះដឹង​សម្រាប់​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ ជាមួយគ្នានេះ សូម​អោយ​ពុទ្ធ​បរិស័ទ្ធ​ទាំងអស់ ដែល​អញ្ជើញ​មក​ធ្វើបុណ្យ​ទាន ត្រូវ រក្សា​អោយបាន​នូវ​វិធានការ​សុខាភិបាល ៣​កុំ និង​៣​ការពារ អោយបាន​ខ្ចប់​ខ្ចួន​៕