ថ្នាក់ដឹកនាំ​ខេត្ត​កំពត អញ្ជើញមក​សំណេះសំណាល ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​រោងចក្រ​ជា​ដេយី សេ​ហ្វ ប្រ​ដាក់ នៅ​ស្រុក​ជុំ​គិរី​

ភ្នំពេញ​៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត នា​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​រោងចក្រ​ជា​ដេយី សេ​ហ្វ ប្រ​ដាក់ ដែល​មាន​ទីតាំង​ស្ថិតនៅ ភូមិ​ខ្ពប​រុន ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គិរី ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល​នា​ព្រឹក​នេះ ឯកឧត្តម បណ្ឌិត អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ពាំនាំ​មក​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប​។​

​ឯកឧត្តម​បាន​បញ្ជាក់ទៀតថា ប្រទេស​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​គឺ​បានមក​ពី​សម្តេច​តេជោ យក​ជីវិត​ទៅ​ប្តូរ ដូច្នេះ​ហើយ​សូម​បងប្អូន និង​គ្រួសារ​របស់​យើង​ចូលរួម​ថែរក្សា​នូវ​សុខ​សន្តិភាព​ដ៏​មាន​តម្លៃ​នេះ​ឲ្យបាន​គង់វង្ស​។​

​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ក្នុងនាម​ជា​គ្រួសារ​ខ្មែរ ដែល​មាន​ប្រពៃណី​ដ៏​ល្អ​ផូរផង់ សូម​ធ្វើ​យ៉ាងណា​ប្រកាន់ខ្ជាប់​នូវ​កូន​ល្អ កម្មករ កម្មការិនី​ល្អ និង​ជា​ពលរដ្ឋ​ល្អ ដើម្បី​ទាក់ទាញ​ដល់​អ្នកវិនិយោគ​បរទេស​មក​បង្កើត​រោងចក្រ​នៅ​ក្នុងស្រុក​យើង​អោយបាន​កាន់តែ​ច្រើន ដើម្បី​លើកកម្ពស់​កំរិតជីវភាព​របស់​យើង​ប្រចាំថ្ងៃ ក៏ដូចជា​ការលើកកម្ពស់​កិត្តិយស​សង្គមជាតិ​របស់​យើង​ទាំងមូល​ផង​ដែរ​។​

​ពិធី​សំណេះសំណាល​នា​ព្រឹក​នេះ ក៏​មាន​ការ​ចាប់ឆ្នោត​ផ្សងសំណាង​នូវរ​ង្វាន់​លើកទឹកចិត្ត​ដល់​កម្មករ កម្មការិនី​សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រួមមាន សាប៊ូកក់សក់ ដូស​ខ្លួន ០៣​រង្វាន់​(៣០​ដប​) ចង្ក្រានហ្គាស​តូច​ចំនួន​១០​រង្វាន់ ឆ្នាំង​ដាំបាយ​០៥​រង្វាន់ កង្ហា​១០​រង្វាន់ កង់​០២​រង្វាន់ និង​ម៉ូតូ​០៦​រង្វាន់​។​

​សូម​ជម្រាប​ថា​រោងចក្រ ជា​ដេយី សេ​ហ្វ ប្រ​ដាក់ មាន​កម្មករ​និយោជិត សរុប ៣៨០ នាក់ ស្រី ៣០៥ នាក់ សកម្មភាព​ផលិត ដេរ​ស្រោមដៃ សម្រាប់​នាំចេញ​ទៅ​អាមេរិក និង​អឺរ៉ុប ៕