
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនម៉ូបា នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាំគ្នាមកសាលាឃុំស្មាច់ដែងជួបជុំគ្នាតវ៉ាសុំកិច្ចអន្តរាគមន៍ ដោយថា ក្រុមហ៊ុនបំពានម្ដងហើយម្ដងទៀត!
ខេត្តព្រះសីហនុ ÷ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទះសម្បែងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនម៉ូបា របស់លោកឧកញ៉ា ហាន់ ឃាង បាននាំគ្នាមកសាលាឃុំស្មាច់ដែងជួបជុំគ្នាតវ៉ាសុំកិច្ចអន្តរាគមន៍ពីលោកមេឃុំសុំឱ្យជួយដល់ប្រជាពលរដ្ឋពួកគាត់ដែលត្រូវក្រុមហ៊ុនបំពានម្ដងហើយម្ដងទៀតរំលោភធ្វើប្លង់ដណ្ដើមយកដីដែលពួកគាត់បានកាន់កាប់អាស្រ័យផលជាយូរឆ្នាំកន្លងមកហើយពុំដែលបានបោះបង់ចោលម្ដងណានោះទេ ។ នេះបើយោងតាមសម្ដីប្រជាពលរដ្ឋដែលមកតវ៉ានៅសាលាឃុំរាមនាព្រឹកថ្ងៃពុធទី១៤ខែកញ្ញាឆ្នាំ ២០២២ កន្លងទៅនេះ។
លោក ប្រាជ្ញ ហង្ស តំណាងប្រជាពលរដ្ឋក្នុងភូមិខាងលើបានរៀបរាប់ប្រាប់អ្នកប្រសារព័ត៌មានយើងថាប្រជាពលរដ្ឋពួកគាត់ដែលរស់នៅលើទីតាំងដីភូមិខាងលើមានចំនួន១៥ គ្រួសារលើផ្ទៃដី ២៧ហិចតាហើយបានមករស់នៅភូមិនេះតាំងពីឆ្នាំ ២០០៧ មកម្ល៉េះពុំដែលមានបញ្ហាអ្វីនោះឡើយ។
លោក ប្រាជ្ញ ហង្ស បានរៀបរាប់ប្រាប់ទៀតថាទីតាំងដីខាងលើគឺជាទីតាំងដីភូមិចាស់មានដើមខ្នុរធំៗនិងមានដើមស្វាយទំហំពីរឱបជាងមនុស្សចាស់ ហើយក្រោយមកត្រូវបានក្រុមហ៊ុន ម៉ូបា របស់លោកឧកញ៉ា ហាន់ ឃាង យកគ្រឿងចាក់មកវាយផ្ដួលរំលំកាយកប់ចូលទៅក្នុងដីបំបិទភស្តុតាងមិនឲ្យសេះសល់នោះឡើយ។ហ់យជាងនេះទៅទៀតប្រជាពលរដ្ឋពួកគាត់បានរស់នៅកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ២០០៧យ៉ាងសុខសានពុំដែលមានរៀងនោះទេ ទើបតែក្រោយមកលេចមុខក្រុមហ៊ុនម៉ូបារបស់លោកឧកញ៉ា ហាន់ ឃាង វាស់វែងគ្របដណ្តប់មកលើដីប្រជាពលរដ្ឋពួកគាត់ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋពួកគាត់បាននាំគ្នាដាក់ពាក្យប្ដឹង។ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែផ្ទុយទៅវិញមន្ត្រីជំនាញបែរជាចេញបណ្ណរឹងបំពានលើពាក្យបណ្ដឹងជំទាស់របស់ប្រជាពលរដ្ឋឲ្យទៅក្រុមហ៊ុន ម៉ូបា របស់លោកឧកញ៉ា ហាន់ ឃាង នៅឆ្នាំ២០១៨ថ្មីៗនេះជាន់លើដីប្រជាពលរដ្ឋពួកគាត់ចំនួន ១៥ គ្រួសារយ៉ាងអយុត្តិធម៌បំផុត។
លោក ប្រាជ្ញ ហង្ស តំណាងឲ្យប្រជាពលរដ្ឋរងគ្រោះដីធ្លីខាងលើបានរៀបរាប់បន្តទៀតថាលោកឆ្ងល់ណាស់ពាក្យបណ្ដឹងគ្រប់កន្លែងប្តឹងទៅអាជ្ញាធរដែនដី ឃុំ ស្រុក រហូតដល់ខេត្តចុះ ហេតុអ្វីបានជាក្រុមហ៊ុនម៉ូបារបស់លោកឧកញ៉ា ហាន់ ឃាង នៅតែចេញបណ្ណរឹងបានយ៉ាងរលូនបែបនេះ ។ ជាធម្មតា បើមានពាក្យបណ្ដឹងប្តឹងជំទាស់គឺមន្ត្រីជំនាញមិនអាចចេញប្លង់ឲ្យភាគីណាបាននោះទេទាល់តែដោះស្រាយវិវាទចប់ទើបមន្ត្រីជំនាញសម្រេចចេញបណ្ណបាន ។ តែផ្ទុយទៅវិញ ក្រុមហ៊ុននេះបានកសាងបណ្ណស្ងាត់ៗបានយ៉ាងរលូនដោយមន្ត្រីជំនាញមិនខ្វល់ពីពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋពួកគាត់ចំនួន១៥ គ្រួសារដែលដាក់ពាក្យប្ដឹងទាស់ជាមួយក្រុមហ៊ុននិងមានផ្ទះសម្បែងអាស្រ័យផលតាំងពីឆ្នាំ២០០៧ មកនោះ។
ចំណែកប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះក៏បានរៀបរាប់ដូចលោក ប្រាជ្ញ ហង្ស ផងដែរថាពួកគាត់បានរស់នៅអាស្រ័យផលជាក់ស្ដែងនៅលើទីតាំងដីភូមិនោះតាំងពីឆ្នាំ ២០០៧មកម្ល៉េះពុំដែលមានបញ្ហាអ្វីនោះឡើយ។ទើបតែឆ្នាំបន្តបន្ទាប់លេចមុខក្រុមហ៊ុន ម៉ូបា ដែលម្ចាស់ក្រុមហ៊ុនលោកឧកញ៉ា ហាន់ ឃាង បានមកវាស់វែងនិងធ្វើប្លង់ជាន់លើកដីពួកគាត់ដែលពួកគាត់បានអាស្រ័យផលមុនក្រុមហ៊ុនមកកាន់កាប់នៅទីនេះទៅទៀត។ហើយអ្វីដែលចម្លែកត្រង់ថាប្រជាពលរដ្ឋ ១៥គ្រួសារបានដាក់ពាក្យប្ដឹងទៅអាជ្ញាធរគ្រប់ជាន់ថ្នាក់ជំទាស់ជាមួយក្រុមហ៊ុន ម៉ូបា ដែលមកដណ្ដើមយកដីពួកគាត់ស្រស់ៗដែលជាដីភូមិចាស់មានដំណាំឈើហូបផ្លែដូចជាខ្នុរ ស្វាយ មានអាយុកាលមិនក្រោម៤០ទៅ៥០ឆ្នាំនោះទេ ហើយជាងនេះមន្ត្រីជំនាញសុរិយោដីខេត្តបានចេញបណ្ណកម្មសិទ្ធស្របច្បាប់ឲ្យក្រុមហ៊ុនយ៉ាងរលូនមិនខ្វល់ពីពាក្យបណ្ដឹងជំទាស់របស់ប្រជាពលរដ្ឋនោះឡើយ។
លោកស្រី អ៊ុក ចិន្ដា មេធាវីការពារក្តីឲ្យប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅភូមិឃុំខាងលើបានប្រាប់បណ្ដាញសារព័ត៌មានយើងថាប្រជាពលរដ្ឋបានប្តឹងជំទាស់ជាមួយក្រុមហ៊ុនរួចហើយមុននឹងចេញប្លង់កម្មសិទ្ធិឲ្យទៅឧកញ៉ានៅលើទីតាំងនេះ។ប៉ុន្តែប្លង់នៅតែចេញទៀតមិនដឹងថាប្លង់ហ្នឹងចេញដោយបែបដូចម្ដេចទេយើងអត់បានដឹងទាល់តែសោះ។
លោកស្រីថាយោងតាមច្បាប់ភូមិបាលបើដីនេះស្ថិតក្នុងវិវាទ ប្លង់មិនអាចចេញបាននោះទេ។តែផ្ទុយទៅវិញប្លង់នេះបានចេញបំពានលើដីវិវាទទៅវិញ។លោកស្រី អ៊ុក ចិន្ដា ដែលជាមេធាវីការពារក្តីឲ្យប្រជាពលរដ្ឋបានបន្តទៀតថាលោកឧកញ៉ាមានសិទ្ធិលើដីរដ្ឋ តែប្រជាពលរដ្ឋមិនអាចមានសិទ្ធិកាន់កាប់នៅលើដីរដ្ឋបានឡើយ ហើយឧកញ៉ាម្នាក់គាត់មានសិទ្ធិកាន់កាប់ដីរដ្ឋរហូតដល់ 86 ហិចតានៅមិនទាន់គ្រប់ទៀត។ហើយប្រជាពលរដ្ឋម្នាក់ៗមិនអាចមានសិទ្ធិកាន់កាប់ដីបានមួយហិចតាផងទេ បើពិនិត្យមើលទៅ។លោកស្រីថាការផ្ដល់សិទ្ធិឲ្យឧកញ៉ាដែលជាអ្នកមានឲ្យបានច្រើនបន្តិចឲ្យឆាប់មាន។ចំណែកប្រជាជនផ្ដល់ឲ្យកាន់តែតិចឲ្យកាន់តែក្រ។
ជាចុងក្រោយលោកស្រី អ៊ុក ចិន្តា បានប្រាប់អ្នកសារព័ត៌មានយើងថាលោកស្រីមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្ដេចតែងតែផ្ដល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។លោកស្រីថាសំណុំរឿងនេះប្រហែលមិនទាន់ជ្រាបដល់សម្ដេចតេជោ ហ៊ុន សែន នោះទេ។ប៉ុន្តែបើបានដឹងដល់សម្ដេចវិញប្រាកដជាសម្ដេចមិនព្រងើយកន្តើយហើយនិងជួយរកយុត្តិធម៌ឲ្យប្រជាពលរដ្ឋខាងលើនេះជាក់ជាមិនខាន។
លោក ចាន់ រ៉ា មេឃុំរាមបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានយើងកាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះថាចំពោះរឿងនេះលោកមិនអាចដោះស្រាយសម្របសម្រួលអ្វីបាននោះទេ។លោកថាបញ្ហាទំនាស់ដីធ្លីពាក់ព័ន្ធនឹងពលរដ្ឋមានជម្លោះជាមួយក្រុមហ៊ុន ម៉ូបា បច្ចុប្បន្នរឿងនេះកំពុងស្ថិតនៅក្នុងប្រព័ន្ធតុលាការដូច្នេះបើចង់ដឹងសាច់រឿងច្បាស់លាស់អ្នកសារព័ត៌មានយើងទំនាក់ទំនងទៅខាងមេធាវីរបស់ប្រជាពលរដ្ឋទៅ។
ដោយឡែកលោក ហួត បូរ៉ា មន្ត្រីសុរិយោដីស្រុកព្រៃនប់ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២២ នេះក៏បានឲ្យអ្នកសារព័ត៌មានយើងដឹងផងដែរថាលោកអត់បានដឹងរឿងនេះទេទើបតែគេចុះអនុវត្តសាលដីការសាលាដំបូងខេត្តព្រះសីហនុទើបលោកដឹងរឿងនេះ។
លោក ហួត បូរ៉ា បញ្ជាក់ថាកាលនោះលោកនៅខាងលក្ខណៈប្រព័ន្ធទេ ហើយលោកចុះធ្វើលក្ខណៈប្រព័ន្ធនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុអត់បានដឹងរឿងនេះនោះទេ។លោកបញ្ជាក់បន្ថែមទៀតថាជំនាន់នោះគឺលោក យី សារ៉េត ជាអ្នកគ្រប់គ្រង លោកពុំទាន់ចូលមកកន្លែងនេះឡើយ៕