សម្ដេច​តេជោ ហ៊ុន សែន អនុញាត​ឱ្យ​នាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញាត​ឱ្យ​ឯកឧត្តម Daren Tang នាយក​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ឯកឧត្តម Daren Tang បាន​ជម្រាបជូន​សម្ដេច​តេ​ជោថា ឯកឧត្តម បាន​មក​កម្ពុជា​ជាច្រើន​ដង​ហើយ ហើយ​សព្វដង​ដែល​ឯកឧត្តម បាន​មកដល់​កម្ពុជា គឺ​ឃើញ​កម្ពុជា មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ឯកឧត្តម​សូម​សម្ដែង​នូវ​ការគោរព​និង​អបអរសាទរ ជូន​ចំពោះ​សម្ដេច​តេជោ​និង​ប្រជាជន​កម្ពុជា ។​

​ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​បន្ថែមថា អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក កាលពីដើម​ឡើយ គឺជា​អង្គការ​បច្ចេកទេស ប៉ុន្តែ​នាពេលនេះ អង្គការ​នេះ កំពុង​ប្រែក្លាយ​ខ្លួន​ទៅ​ជា​អង្គការ​អភិវឌ្ឍន៍ គាំទ្រ​គម្រោង​ការអភិវឌ្ឍ​របស់​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ហើយ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅពេលនេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ផង និង​ដើម្បី​ស្វែងយល់ និង​ស្វែងរក វិធី​ជួយ​គាំទ្រ​ដល់​កម្ពុជា​ផង ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ជួយ​ដល់​កម្ពុជា ក្នុង​ការចុះបញ្ជី​ដំណាំ​ភូមិសាស្ត្រ​របស់​កម្ពុជា ហើយក៏​បាន​ជម្រាបជូន​ឯកឧត្តម Daren Tang និង​ប្រតិភូ អំពី​ការកត់សម្គាល់​របស់​ស​ម្ដេច រួមមាន​៖ ពាណិជ្ជកម្ម​រវាង​ប្រទេស​នៅក្នុង​តំបន់ មាន​ការកើនឡើង​នៅក្នុង​អំឡុង​ពេល​មានកូ​វីដ​19 នោះ​សបញ្ជាក់​ឲ្យឃើញ​ថា AFTA ចាប់ផ្ដើម​ដំណើរការ​សកម្ម​នៅពេលដែល​មាន​ជំងឺ​កូវី​ដ​19​។ ជា​ឧទាហរណ៍​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម​, កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​។ កំណត់សម្គាល់​មួយទៀត គឺ​សង្គ្រាម​នៅ​ប្រទេស​អ៊ុ​យក្រែន គឺជា​រឿង​មួយ ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​ហួសហេតុ​ពេក នាំទៅ​ដល់​វិបត្តិ ដែល​មិន​ត្រឹម​តែ​នៅ​អឺរ៉ុប​ទេ ប៉ុន្តែ​វិបត្តិ​ជាពិសេស គឺ​វិបត្តិ​សេដ្ឋកិច្ច រីក​រាលដាល​ដល់​ប្រទេស​ដទៃ​ទៀត នៅក្រៅ​ទ្វីបអឺរ៉ុប ក្នុងនោះ រួមមាន​ទាំង​កម្ពុជា​ផងដែរ ៕